ជាតិ
អចលនទ្រព្យ
កសិដ្ឋានបង្កាត់ពូជ និងផលិតចំណីត្រី កម្រិតស្តង់ដាដំបូងគេ នឹងផ្តើមដំណើរការនៅខែនេះ
× កសិដ្ឋានបង្កាត់ពូជត្រី និងផលិតចំណីត្រីដ៏ទំនើបដំបូងគេនៅកម្ពុជា ដែលបានទទួលជំនួយថវិកាពីសហរដ្ឋអាមេរិក នឹងដាក់ឲ្យដំណើរការ ដើម្បីភ្ញាស់ពូជត្រី នៅខែមិថុនានេះ។
ការចាប់ផ្តើមផលិតចំណីត្រី គឺត្រូវប្រើប្រាស់សណ្តែកសៀងនាំចូលពីអាមេរិក។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់សមាគមសណ្ដែកសៀងអាមេរិក (ASA)។ មានទីតាំងនៅខេត្តសៀមរាប កសិដ្ឋានបង្កាត់ពូជ និងចំណីនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា (CAST) ដែលត្រូវបានអនុវត្តដោយសមាគមសណ្ដែកសៀងអាមេរិក (ASA) ហើយមានការគាំទ្រថវិកា ១៧.១ លានដុល្លារពីក្រសួងកសិកម្មអាមេរិក។
សេចក្តីប្រកាសព័ត៌មានរបស់ ASA ចេញផ្សាយនៅថ្ងៃទី ៣០ ឧសភាបានឲ្យដឹងថា៖«គម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តរភាពពាណិជ្ជកម្ម នឹងបង្កើនផលិតកម្មពូជត្រីដែលមានតម្រូវការខ្ពស់សម្រាប់ទីផ្សារកម្ពុជា និងបន្តអភិវឌ្ឍន៍ឧស្សាហកម្មចិញ្ចឹមត្រី»។ ASA បានបញ្ជាក់ថា៖«ចំណុចចម្បងរបស់គម្រោងនេះ គឺពង្រឹងផលិតកម្មត្រីក្នុងស្រុកតាមរយៈការភ្ញាស់កូនត្រី និងចំណីដែលមានគុណភាព»។
គម្រោងទាំងមូល មានគោលដៅដើម្បីបង្កើនលទ្ធភាព ក្នុងការបង្កាត់ពូជត្រី និងចំណី និងពង្រឹងទំនាក់ទំនងទាំងអស់ ក្នុងចង្វាក់តម្លៃនៃផលិតកម្មត្រី រាប់ចាប់ពីការភ្ញាស់ ដល់ក្រុមហ៊ុនផលិត អ្នកទិញ និងក្រុមហ៊ុនចែកចាយ។
គម្រោងនេះ នឹងគ្របដណ្ដប់លើទីផ្សារសំខាន់ៗនៅភ្នំពេញ សៀមរាប និងខេត្តចំនួន ៦ ដែលនៅតាមដងទន្លេ ដូចជាខេត្តកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និងពោធិ៍សាត់។
ផលិតកម្មចិញ្ចឹមត្រីនៅកម្ពុជា មានកំណើនយ៉ាងខ្លាំងជាប្រចាំឆ្នាំ ដោយមានអត្រាកំណើនយ៉ាងហោចណាស់ ១៧ ភាគរយក្នុងមួយឆ្នាំគិតមកត្រឹមឆ្នាំ ២០១៧។ នេះបើយោងតាម ASA។ គ្រាន់តែក្នុងឆ្នាំ ២០១៧ ផលិតកម្មការចិញ្ចឹមត្រី មានទំហំរហូតដល់ ២០ ម៉ឺនតោន៕
© រក្សាសិទ្ធិដោយ thmeythmey.com