ជាតិ
សង្គមជាតិ
លោក រឿន ម៉ៅ ប្រាប់​ពី​របៀប​ធ្វើ​នំ​បញ្ចុក​ឲ្យ​មានគុណ​ភាពល្អ
08, Jun 2019 , 3:13 pm        
រូបភាព
​ភ្នំពេញ​៖ លោក រឿន ម៉ៅ ដែល​បើក​មុខរបរ​ធ្វើ​នំ​បញ្ចុក​តាំងពី​ឆ្នាំ​១៩៩៣​មក បាន​ប្រាប់​ពី​របៀប​ធ្វើ​នំ​បញ្ចុក​ឱ្យមាន​រសជាតិ​ឆ្ងាញ់ សរសៃ​ស្វិត និង​មិនឆាប់​ផ្អូម​។ នំ​បញ្ចុក​របស់លោក ទទួលបាន​ការគាំទ្រ​ច្រើន​ពី​អតិថិជន​។​


 
​ជំហាន​ដំបូង​នៃ​ការធ្វើ​នំ​បញ្ចុក លោក រឿន ម៉ៅ ដែល​រស់នៅ​ក្នុងភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្ដាល ឱ្យ​យក​អង្ក​របាយ​រឹង​ទៅ​ត្រាំ​ទឹក​រយៈពេល​មួយ​យប់​។ បន្ទាប់មក​ត្រូវយក​អង្ករ​ដែល​បាន​ត្រាំ​នោះ ទៅ​លាង​ទឹក​ឱ្យ​ស្អាត បានន័យថា​លាង​រហូត​ទាល់តែ​ទឹកថ្លា​។ បន្ទាប់មក​គេ​ត្រូវយក​អង្ករ​នោះ​ទៅ​កិន​ឱ្យ​ក្លាយជា​ម្សៅ​។ ជំហាន​បន្ទាប់​គេ​យក​ម្សៅ​នោះ​ទៅ​លាយ​ជាមួយនឹង​ទឹកអំបិល (​ម្សៅ​មួយ​ធុង​ប៉េ​ត្រូ ត្រូវ​លាយ​ទឹកអំបិល​ប្រហែល​១​លីត្រ​កន្លះ​)​។​
 
​លោក រឿន ម៉ៅ ពន្យល់​ពី​មូលហេតុ​ដែល​លាយ​ទឹកអំបិល​ចូលក្នុង​ម្សៅ​យ៉ាង​ដូច្នេះ​៖«​យើង​ដាក់​ទឹកអំបិល​នេះ​ដើម្បី​កុំឱ្យ​ម្សៅ​ហើម កុំឱ្យ​ឆាប់​ផ្អូម ហើយ​ដើម្បីឱ្យ​សរសៃ​នំ​ស្វិត​»​។​
​ក្រោយពី​លាយ​ទឹកអំបិល​ជាមួយនឹង​ម្សៅ​សព្វ​ហើយ ត្រូវយក​ម្សៅ​នោះ​ច្រក​ចូលក្នុង​ទៃ​ឬ​ស្បៃ​ហើយ​ចងវា​ឱ្យ​តឹង​ណែន រួច​យក​ថ្ម​សង្កត់​លើ​ម្សៅ​នោះ​ដើម្បីឱ្យ​ស្ងួត​ទឹក​អស់​។ ក្រោយពី​ម្សៅ​នោះ​ស្ងួត គេ​ហៅថា​ក្របៅ​នំ​បញ្ចុក​វិញ​។ គេ​ត្រូវយក​ក្របៅ​ដែល​ក្នុង​មួយ​ដុំ​មាន​ទម្ងន់​ប្រហែល​២៤​គីឡូ ទៅ​ស្ងោរ​កុំឱ្យ​ឆ្អិន​ពេក ដោយ​ស្ងោរ​ប្រហែល​១​ម៉ោង​។​
 
​ជំហាន​បន្ទាប់​គេ​ត្រូវ​ស្រង់​ក្របៅ​ពី​ទឹក​ដែល​ដាំ​ពុះ យកទៅ​ត្រាំ​ក្នុង​ទឹក​ត្រជាក់​វិញ ដើម្បីឱ្យ​វា​ត្រជាក់​។ បន្ទាប់មក​ត្រូវយក​ក្របៅ​នោះ​ទៅ​វ៉ៃ​ដោយ​ម៉ា​ស៊ី ឬ​ដោយ​ដៃ​ក៏បាន ដើម្បីឱ្យ​វា​ហ្មត់​ទៅជា​ម្សៅ​វិញ​។ 
 
​ម្សៅ​ដែលមាន​ទម្ងន់​ប្រហែល​២៤​គីឡូក្រាម​កាលពី​នៅ​ជា​ក្របៅ គេ​ត្រូវយក​វា​ទៅ​លាយ​ជាមួយ​ទឹកអំបិល​ប្រហែល​ជិត​កន្លះ​លីត្រ​ម្ដងទៀត​។ ការ​លាយ​ជាមួយ​ទឹកអំបិល​ជា​លើក​ទី​២​នេះ​ត្រូវបាន​លោក ម៉ៅ ពន្យល់​ដូច្នេះ​ថា​៖«​យើង​លាយ​ទឹកអំបិល​ម្ដងទៀត ដើម្បីឱ្យ​សរសៃ​នំ​បញ្ចុក​កាន់តែ​ស្វិត និង​ទុក​បានយូរ​។ ជាធម្មតា​នំ​បញ្ចុក​របស់ខ្ញុំ​អាច​ទុក​បាន​ប្រហែលជា​១​ថ្ងៃ​ទៅ​២​ថ្ងៃ​។ ខ្ញុំ​មិនអាច​កំណត់ពេល​ច្បាស់លាស់​បានទេ ព្រោះ​អង្ករ​ឥឡូវ​គេ​ដាក់​ថ្នាំ​ច្រើនពេក​។ ខ្ញុំ​ធ្វើ​នំ​បញ្ចុក ខ្ញុំ​លាយ​តែ​ទឹកអំបិល​ទេ ខ្ញុំ​មិន​លាយ​អ្វី​ផ្សេងទៀត​ទេ​»​។​
 
​លាយ​ម្សៅ​ជាមួយ​ទឹកអំបិល​រួចហើយ គេ​យក​វា​ទៅ​លញ់​ម្ដង​២​គីឡូក្រាម​ឱ្យទៅជា​ល្បាយ​។ រួច​គេ​យក​ម្សៅ​នោះ​ទៅ​ដាក់​ក្នុង​ប៉ែន ដើម្បី​រោយ​ម្សៅ​ទៅក្នុង​ទឹក​កំពុងពុះ​។ ក្រោយពី​រោយ​ម្សៅ​ទៅក្នុង​ទឹក​ក្ដៅ​បាន​ប្រមាណ​៤​នាទី មើល​សរសៃ​នំ​បញ្ចុក​ថា​ទន់​ល្មម​ហើយ គេ​ស្រង់​វា​យកទៅ​ស្រោច​ទឹក​ឱ្យ​ត្រជាក់​។ ក្រោយពី​នំ​ត្រជាក់​ហើយ គេ​យកនំ​បញ្ចុក​នោះ​ទៅ​ត្រាំ​ទឹក​ម្ដងទៀត​។ បន្ទាប់មក​គេ​ចាប់​ចូលក្នុង​ក​ញ្ច្រែ​ក​ដែលមាន​ទ្រាប់​ស្លឹកចេក​ជាការ​ស្រេច​។ 
 
​សូមបញ្ជាក់ថា នេះ​គ្រាន់តែ​ជា​របៀប​ធ្វើ​នំ​បញ្ចុក ឱ្យ​សរសៃ​នំ​ស្វិត​ឆ្ងាញ់ និង​ទុក​បានយូរ​របស់លោក រឿន ម៉ៅ ប៉ុណ្ណោះ​។ នំ​បញ្ចុក ដែលមាន​រសជាតិ​ឆ្ងាញ់ ក៏ត្រូវ​ការ​រសជាតិ​សម្ល​ឆ្ងាញ់​ផងដែរ​៕ 
 

Tag:
 នំ​បញ្ចុក​
  អាហារ​
  រឿន ម៉ៅ
© រក្សាសិទ្ធិដោយ thmeythmey.com