ជាតិ
មហោស្រពសិល្បៈ និងបរិស្ថាន ចង់ឱ្យខេត្តកំពង់ធំក្លាយជាតំបន់ទេសចរណ៍គំរូ
× ភ្នំពេញ៖ មហោស្រពសិល្បៈ និងបរិស្ថាននៅខេត្តកំពង់ធំ ត្រូវបានបង្កើតឡើងដោយក្រុមយុវជន ដែលទទួលបានអាហារូបករណ៍ទស្សនវប្បធម៌ និងអាហារូបករណ៍តាមដងទន្លេមេគង្គ និងផ្ដោតលើសិល្បៈបង្កើតថ្មី ការដាំដើមឈើ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ មហោស្រពនេះ មានគោលបំណងប្រែក្លាយខេត្តកំពង់ធំ ទៅជាតំបន់ទេសចរណ៍គំរូ ដោយមានបញ្ចូលទាំងសិល្បៈវប្បធម៌ ការការពារបរិស្ថាន ដោយកាត់បន្ថយការប្រើប្លាស្ទិក និងការដាំដើមឈើជាដើម។ ក្រុមអ្នករៀបចំ អះអាងថាពួកគេ ទទួលបានជោគជ័យក្នុងការផ្ដល់សារស្ដីពីសិល្បៈ និងបរិស្ថាន ទៅកាន់អ្នកភូមិ អាជីវករ រួមទាំងអាជ្ញាធរពាក់ព័ន្ធផង។
មហោស្រពដែលប្រារព្ធក្នុងបរិវេណវត្តសម្បូរណ៍ ស្រុកសំបូរ ខេត្តកំពង់ធំនេះ រៀបចំឡើងដើម្បីប្រែក្លាយខេត្តកំពង់ធំ ទៅជាតំបន់គំរូមួយ នៃការគ្រប់គ្រងតំបន់ទេសចរណ៍វប្បធម៌ ដោយការទទួលខុសត្រូវផ្នែកសិល្បៈ និងបរិស្ថានល្អ។ ក្រុមយុវជន ដែលមានសមាជិកស្នូល១៨នាក់ មានទាំងខ្មែរ និងបរទេសនេះ បានធ្វើការយ៉ាងសកម្ម ដើម្បីបញ្ជ្រាបកង្វល់ទាក់ទងនឹងបរិស្ថាន និងអ្វីដែលពួកគេចង់បាន ទៅថ្ងៃអនាគត។
អ្នកនាង សួស ស៊ីណាត អ្នកដឹកនាំមហោស្រពសិល្បៈ និងបរិស្ថាន បាននិយាយថា មហោស្រពនេះ ជាផ្នែកមួយរួមចំណែកកសាងសមត្ថភាព អាជ្ញាធរមូលដ្ឋាន ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងសហគមន៍។ វាក៏បានលើកកម្ពស់ការយល់ដឹងពីតួនាទី និងគុណតម្លៃសិល្បៈវប្បធម៌ ក្នុងការអភិវឌ្ឍសង្គម និងឆ្លុះបញ្ចាំងពីបរិស្ថានផងដែរ។ អ្នកនាងបញ្ជាក់យ៉ាងដូច្នេះ៖«យើងបានបង្ហាញពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិក ដល់អាជ្ញាធរមូលដ្ឋាន ប្រជាជន និងអាជីករ ហើយពួកគាត់បានចូលរួមជាមួយពួកយើងយ៉ាងសកម្ម។ ក្រោយពីធ្វើមហោស្រពនេះចប់ យើងក៏មានក្រុមមួយដែលរស់នៅក្នុងសហគមន៍នោះ តាមដានពីការងារទាក់ទងនឹងបរិស្ថានដែរ»។
នេះជាលើកទី២ហើយដែលខេត្តកំពង់ធំ បានធ្វើមហោស្រពសិល្បៈ និងបរិស្ថាន។ មហោស្រពលើកនេះ បានប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់២៤ខែឧសភាកន្លងទៅ។ មានសកម្មភាពជាច្រើន ដែលត្រូវបានធ្វើឡើង ដូចជាការដាំដើមឈើ, សិក្ខាសាលាស្ដីពីការកាត់បន្ថយការប្រើប្លាស្ទិក,សិក្ខាសាលាស្ដីពីការបង្កើតបទភ្លេងថ្មី, ការតាំងពិព័រណ៍សិល្បៈ,ការសម្ដែងសិល្បៈចម្រុះពេលរាត្រី, សិក្ខាសាលាធ្វើសាប៊ូពីវត្ថុធាតុដើមធម្មជាតិ ការថែរក្សារម្រស់បែបធម្មជាតិ និងការចាក់សម្ភារប្រើប្រាស់ក្នុងផ្ទះដោយដៃផងដែរ។
ដោយសារ នៃការធ្វើ នេះ ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់
អ្នកនាង សួស ស៊ីណាត អះអាងថា នឹងរៀបចំមហោស្រពនៅឆ្នាំក្រោយទៀត បន្ទាប់ពីមហោស្រពឆ្នាំទី២នេះ ទទួលបានជោគជ័យគួរឲ្យសាទរ។ អ្នកនាងបញ្ជាក់បន្ថែម៖«កម្មវិធីឆ្នាំនេះមានច្រើន។ យើងទទួលបានអ្នកចូលរួមប្រហែល៥០០នាក់។ អ្នកភូមិក៏ចង់ឱ្យតំបន់របស់ពួកគាត់មានការកែប្រែដែរ។ ដូច្នេះហើយឆ្នាំទី៣ យើងមានគម្រោងធ្វើទៀត»។
សូមបញ្ជាក់ថា មហោស្រពនេះផ្ដួចផ្ដើម និងរៀបចំដោយក្រុមអ្នកទទួលបានអាហារូបករណ៍ទស្សនវប្បធម៌ និងក្រុមអ្នកទទួលបានអាហារូបករណ៍តាមដងទន្លេមេគង្គ គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរនានានៅក្នុងខេត្តកំពង់ធំ។ ក្រុមនេះ ទទួលបានការឧបត្ថម្ភពី អង្គការតាមដងទន្លេមេគង្គ អង្គការសិល្បៈខ្មែរអមតៈ តាមរយៈគម្រោងមូលនិធិដាំដុះ និងចូលរួមសហការរៀបចំដោយ សហគ្រាសសង្គមហ្វារស្ទូដយោគំនិតច្នៃប្រឌិត ហ្វារ និងសហគមន៍នៅកំពង់ធំផងដែរ៕
Tag:
មហោស្រព
សិល្បៈ
បរិស្ថាន
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com