ជាតិ
សេដ្ឋកិច្ច
ADB៖ វិស័យ​កសិកម្ម​កម្ពុជា នៅតែ​ទន់ខ្សោយ​
08, Jun 2019 , 10:29 pm        
រូបភាព
​បញ្ហា និង​កត្តា​ប្រឈម ដែល​កើតមាន​លើ​វិស័យ​កសិកម្ម​កម្ពុជា មានដូចជា ការប្រែប្រួល​នៃ​អាកាសធាតុ​, ប្រព័ន្ធធារាសាស្ត្រ​, ហេ​ដ្ឋា​រចនាសម្ព័ន​, កង្វះ​ធនធាន​សិក្សា​ស្រាវជ្រាវ​, បញ្ហា​ទីផ្សារ​, កង្វះ​បច្ចេកទេស​, ទំនើបកម្ម​វិស័យ​កសិក​ម្ម​, ថាមពលអគ្គីសនី​, និង​បញ្ហា​ជាច្រើន​ទៀត​។ នេះ​បើតាម​ការសង្កេត​ឃើញរ​បស់​វាគ្មិន​មួយចំនួន​ក្នុង​វេទិការ​ស្តីពី «​ការប្រមូល​ផល​» របស់ ធនាគារ​អភិវឌ្ឍ​ន៏​អាស៊ី (ADB) នា​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។

 
​ជាការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ដែល​បានលើកឡើង​នេះ អ្នកនាំពាក្យ​ក្រសួងកសិកម្ម លោក ស្រី វុទ្ធី បាន​លើកឡើងថា ក្រសួងកសិកម្ម​បានដាក់​ចេញ​នូវ​គោ​លន​យោ​យ​បាយ​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ក្នុងការ​ជំរុញ​ឲ្យ​កាន់តែ​ប្រសើរឡើង​នៃ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។ ជាពិសេស​ក្រសួង​កំពុងធ្វើការ​ងារ​នេះ​យ៉ាងសកម្ម​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​នាពេល​បច្ចុប្បន្ន​។ 
 
​លោក​បន្តថា ក្រសួង​កំពុង​អភិវឌ្ឍ​វិស័យ​កសិកម្ម​តាម​ទម្រង់​ពិពិធ​កម្ម​កសិកម្ម ទំនើបកម្ម​កសិកម្ម និង​ការផលិត​តាម​លក្ខណ​បច្ចេកទេស​សមស្រប និង​មាន​ស្តង់ដារ​ក្នុងការ​កែច្នៃ ដើម្បី​នាំចេញ​ប្រកបដោយ​គុណភាព និង អនាម័យ ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​។ 
 
​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា​នៅតែ​ស្ថិតក្នុង​ភាពទន់ខ្សោយ និង​ជួបប្រទះ​បញ្ហា​ជាច្រើន​ទៀត ខណៈ​វិស័យ​មួយ​នេះ​បាន​ដើ​តួរ​នាទី​សំខាន់​ក្នុងការ​លុបបំបាត់​ភាពក្រីក្រ​របស់​ប្រទេសមួយ​នេះ​។  ADB បាន​សង្កត់ធ្ងន់ថា​បញ្ហា​កង្វះ​សម្ភារៈ និង​ការប្រើប្រាស់​ឧបករណ៍​ចាស់ៗ​ហួស​សម័យ បានធ្វើ​ឲ្យ​ប៉ះពាល​ដល់​លទ្ធ​ល​ផល​នៃ​ការស្រាវជ្រាវ​លើ​វិស័យ​កសិកម្ម​។ នេះ​បើ​យោងតាម​របាយ​ការវាយតម្លៃ​លើ​ការងារ​របស់ ADB រយៈពេល ១២​ឆ្នាំ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ចេញផ្សាយ​នាពេល​ថ្មីៗ​នេះ​។ 
 
​ចំពោះ​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​លើ​វិស័យ​កសិកម្ម លោក ចាន់ ស៊ី​ណាត អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា ពី​ឆ្នាំ​១៩៨០ មកដល់​បច្ចុប្បន្ននេះ ក្រសួង​បាន​ចំណាយ​ថវិការ ១,៥ ពាន់​លាន​ដុល្លារ លើ​ការកសាង​ប្រព័ន្ធធារាសាស្ត្រ មានដូចជា​ការស្ដារ និង​កែលម្អ​ឡើងវិញ​នូវ​ប្រឡាយទឹក និង​ការកសាង​ប្រព័ន្ធធារាសាស្ត្រ​ទ្រង់ទ្រាយ​តូច ប្រើប្រាស់​លើ​គ្រប់​វិស័យ​ទូទាំងប្រទេស​។ 
 
​លោក បន្ថែមថា ក្រសួង​កំពុង​សិក្សា​លើ​ប្រព័ន្ធធារាសាស្ត្រ​បែប​ទំនើប ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ធានា​ដល់​ការគ្រប់គ្រង​ទឹក និង​ការពារ​មិន​ឲ្យ​មាន​ទឹកជំនន់​ផងដែរ​។ 
 
​លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice ដែលជា​ក្រុមហ៊ុននាំចេញ​អង្ករ បាន​លើកឡើងថា កសិករ​ត្រូវ​ពង្រឹង​សម្ថ​ភាព​បន្ថែម​លើ​ការងារ​កសិកម្ម​របស់​ខ្លួន ដើម្បី​ក្លាយខ្លួនជា​កសិករ​វ័យ​ឆ្លាត ត្រូវ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​។ លោក បញ្ជាក់ថា កសិករ​ត្រូវ​ចេះ​ឈ្វេងយល់​ពី​ទីផ្សារ គ្រាប់ពូជ ប្រភព​ទុន និង​ចងក្រង​បណ្ដាញ​សហគមន៍​៕

Tag:
 ADB
  ក្រសួងកសិកម្ម​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com