ស្ត្រី​ជប៉ុន​នាំគ្នា​ប្រឆាំង​លក្ខខណ្ឌ​ឲ្យ​ពាក់ «​ស្បែង​ជើង​កែង​ចោត​» នៅ​កន្លែងធ្វើការ​
សង្គមអន្តរជាតិ​
អន្តរជាតិ
ស្ត្រី​ជប៉ុន​នាំគ្នា​ប្រឆាំង​លក្ខខណ្ឌ​ឲ្យ​ពាក់ «​ស្បែង​ជើង​កែង​ចោត​» នៅ​កន្លែងធ្វើការ​
09, Jun 2019 , 9:59 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន​ជាច្រើន​នៅ​ប្រទេស​ជប៉ុន តម្រូវ​ឲ្យ​បុគ្គលិក​នារី «​ពាក់​ស្បែកជើង​ចោត​»​។ ស្ត្រី​ជប៉ុន​ចាប់ផ្តើម​នាំគ្នា​ប្រឆាំង​លក្ខខណ្ឌ​នេះ តាមរយៈ​យុទ្ធនាការ #KuToo ។ បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូ​ដូ ញត្តិ​ដែលមាន​អ្នកចូលរួម​ជាង​២៥,០០០​នាក់ ត្រូវបាន​ដាក់​ទៅ​ក្រសួង    សុខាភិបាល ការងារ និង​សង្គមកិច្ច​។​

 
#KuToo ដែល​យក​លំនាំ​តាម​យុទ្ធនាការ #MeToo នោះ ធ្វើឡើង​ក្នុង​បំណង​ប្រឆាំង​លក្ខខណ្ឌ​តម្រូវ​ឲ្យ​បុគ្គលិក​នារី ពាក់​ស្បែកជើងកែងចោត ដោយ «Kutsu» មានន័យថា «​ស្បែកជើង​» រីឯ «Kutsuu» ប្រែ​ថា «​ការឈឺចាប់​»​។ ញត្តិ​ដែល​ផ្តួចផ្តើម​ដោយ​តារា​សំដែង និង​ជា​អ្នកនិពន្ធ ឈ្មោះ Yumi Ishikawa បានលើកឡើង​ពី​ការរើសអើង​ផ្លូវភេទ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ណែនាំ​បណ្តា​ក្រុមហ៊ុន លុបចោល​លក្ខខណ្ឌ​របស់ខ្លួន​។​
 
Yumi ទទួលបាន​ការគាំទ្រ​ជាង​២៥,០០០ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ហើយ​តារា​វ័យ​៣២​ឆ្នាំ​រូបនេះ បានសម្រេច​យកទៅដាក់​ជូន​ក្រសួងសុខាភិបាល និង​ការងារ​។ នាង​បាន​រៀបរាប់ថា​៖ «​បន្ទាប់ពី​ការងារ ទាំងអស់គ្នា​ត្រូវ​ដើរ​ផ្លូវ​ឆ្ងាយ និង​ឡើង​ខ្ពស់ ដូច្នេះ​ការពាក់​ស្បែកជើង​ចោត អាច​បង្ក​ឲ្យ​មានការ​ឈឺចាប់ និង​ហើមប៉ោង​ជើង​»​។​

 
 
​លោកស្រី Kanako Otsuji សមាជិក​បក្សប្រឆាំង និង​ជា​សកម្មជន LGBT បាន​និយាយ​ក្នុង​សភា​ថា លក្ខខណ្ឌ​នៃ​ការ​ស្លៀកពាក់​ដែល​តម្រូវ​សម្រាប់តែ​បុគ្គលិក​នារី គឺជា​ការរើសអើង​ផ្លូវភេទ​មួយ និង​ជា​រឿង​ហួស​សម័យ​ទៅហើយ​ក្នុងសង្គម​ជប៉ុន​។​
 
​ផ្ទុយទៅវិញ Takumi Nemoto រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ការងារ និង​សង្គមកិច្ច បាន​លើកឡើងថា លក្ខខណ្ឌ​ដែល​មិនអាច​ទទួលយកបាន​នោះ គឺ​ការបង្ខំ​ឲ្យ​ពាក់​ស្បែកជើងកែងចោត ទាំង​ឈឺ​ជើង ប៉ុន្តែ​បើ​គ្មាន​បញ្ហា​អ្វី​ទេនោះ ការពាក់​បែ​នេះ គឺ​ល្អ​បំផុត​។​
 
​លោក​បាន​លើកឡើងថា វា​ជា​ប្រពៃណី​ទៅហើយ ដែល​ស្ត្រី​ពាក់​ស្បែកជើងកែងចោត​ទៅធ្វើ​កា​រ ពីព្រោះ​វា​មាន​សារសំខាន់ និង​សមរម្យ​បំផុត​។ បើតាម​ការផ្សាយ​របស់​រ៉​យ​ទ័​រ លោក​រដ្ឋមន្ត្រី​ក៏បាន​ឃើញ​ញត្តិ #KuToo នោះដែរ ប៉ុន្តែ​មិនមាន​ការបញ្ចេញ​យោបល់​អ្វី​បន្ថែម​ឡើយ​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com