កីឡាអន្តរជាតិ
អន្តរជាតិ
អធិរាជដីក្រហម Nadal ផ្តួល Thiem ដើម្បីលើកពាន French Open លើកទី១២
× កីឡាករវាយកូនបាល់ Rafael Nadal បានក្លាយជាម្ចាស់ពានរង្វាន់ French Open លើកទី១២ និង៣ឆ្នាំជាប់គ្នា ក្រោយយកឈ្នះ Dominic Thiem ក្នុងការប្រកួតចំនួន៤សិត នាជំនួបវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៩ ខែមិថុនា នាទីក្រុងប៉ារីស ប្រទេសបារាំង។
នៅលើទីលាន Roland Garros ឬទីលានដីឥដ្ឋ កីឡាករវាយកូនបាល់លំដាប់ទី២ពិភពលោក Nadal បានទទួលជ័យជម្នះ៣សិតក្នុងចំណោមការប្រកួតចំនួន៤សិត លើកីឡាករលំដាប់ទី៤ពិភពលោក Thiem ដោយលទ្ធផលពិន្ទុ ៦-៣ ៥-៧ ៦-១ និង ៦-១។
អ្នកវាយកូនបាល់សញ្ជាតិអេស្ប៉ាញ វ័យ៣៣ឆ្នាំដែលមានរហស្សនាមអធិរាជដីក្រហម ជាកីឡាករទី១ហើយ ដែលឈ្នះពានរង្វាន់ឯកត្តជនចំនួន១២លើកក្នុងព្រឹត្តិការណ៍ Grand Slam តែមួយ ក្នុងចំណោម Grand Slam ទាំង១៨ ដែលរូបគេទទួលបាន។
«ខ្ញុំមិនអាចរៀបរាប់ពីអារម្មណ៍របស់ខ្ញុំនៅពេលនេះបានទេ ខ្ញុំពិតជារំភើបណាស់។ ខ្ញុំលេងនៅវគ្គផ្តាច់ព្រ័ត្រនៅទីនេះលើកដំបូងក្នុងឆ្នាំ២០០៥ ហើយខ្ញុំមិនដែលគិតថានៅឆ្នាំ ២០១៩ ខ្ញុំនៅតែនៅទីនេះហើយសម្រេចបានលទ្ធផលដ៏អស្ចារ្យបែបនេះទេ»។
ការឈ្នះ Grand Slam ជាលើកទី១៨ នេះមានន័យថា Nadal នៅតាមពីក្រោយគូប្រជែង Roger Federer ខណៈដែលកំពូលអ្នកវាយកូនបាល់លំដាប់ទី៣ពិភពលោកសញ្ជាតិស្វ៊ីសកំពុងគ្រងកំណត់ត្រា Grand Slam ចំនួន ២០លើក។
Nadal បានឈានដល់វគ្គផ្តាច់ព្រ័ត្រ French Open ឆ្នាំ២០១៩ តាមរយៈការទម្លាក់ Federer នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយកីឡាករសញ្ជាតិអូទ្រីស Dominic Thiem ដែលមានវ័យ២៥ឆ្នាំ បានផ្តួលកីឡាករលំដាប់ទី១ពិភពលោក Novak Djokovic៕
Tag:
បាល់ទាត់
Rafael Nadal
French Open
Grand Slam
© រក្សាសិទ្ធិដោយ thmeythmey.com