៣​ទសវត្ស​មកនេះ WMF ផ្តល់​ថវិកា​១៤​លាន​ដុល្លារ​លើ​ការអភិរក្ស​និង​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​អង្គរ​
ជាតិ
៣​ទសវត្ស​មកនេះ WMF ផ្តល់​ថវិកា​១៤​លាន​ដុល្លារ​លើ​ការអភិរក្ស​និង​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​អង្គរ​
10, Jun 2019 , 8:19 pm        
រូបភាព
​សៀមរាប​៖ អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (World Monuments Fund=WMF) បាន​ប្រារព្ធ​ខួប​៣០​ឆ្នាំ ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​អភិរក្ស​និង​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​អង្គរ​។ ចាប់ពី​ឆ្នាំ ១៩៨៩​មក គឺមាន​រយៈពេល​៣០​ឆ្នាំ​ហើយ​ដែល​អង្គការ​អន្ដរជាតិ​មួយ​នេះ​បានរួម​ចំណែក​បណ្ដុះបណ្ដាល​ធនធាន​អ្នកជំនាញ​ខ្មែរ និង​បាន​អភិរក្ស​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​អង្គរ​ក្រោយ​សង្គ្រាម​បាន​រលត់​ទៅ​។ នា​រយៈពេល​៣​ទសវត្ស​មកនេះ WMF បាន​ប្រើប្រាស់​ថវិកា​ប្រមាណ ១៤​លាន​ដុល្លារ​អាមេរិក​លើ​ការងារ​បេតិកភណ្ឌ​ក្នុង​តំបន់​អង្គរ​។​

 
​តំណាង WMF ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ លោកស្រី Gineavra Boato បានបង្ហាញ​មោទនភាព​ដែល WMF បាន​ក្លាយជា​ផ្នែក​មួយ​ជួយ​ផ្នែក​បេតិកភណ្ឌ​នៅ​ប្រទេស​កម្ពុជា​។ លោកស្រី​បន្តថា ក្នុង​រយៈពេល​៣​ទស្សវត្ស​ចុងក្រោយ​នេះ WMF បាន​ជួយ​កម្មករ​និង​អ្នកជំនាញការ​កម្ពុជា​រាប់រយ​នាក់ ដោយបាន​ពង្រីក​ជំនាញ​របស់​ពួកគេ​និង​ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ​ទាក់ទង​នឹង​ការងារ​អភិរក្ស​និង​ជួសជុល​ប្រាសាទ​។ នៅ​ឆ្នាំ ២០០៨ WMF បានចាប់ផ្តើម​គម្រោង​អភិរក្ស​រយៈពេល​វែង​មួយ​នៅ​ភ្នំ​បាខែង​ជា​កន្លែង​ដែល​ការងារ​នេះ​ត្រូវបាន​គ្រប់គ្រង​រៀបចំ​និង​អនុវត្តន៍​ដោយ​អ្នកជំនាញ​ការដែល​ត្រូវបាន​បណ្ដុះបណ្ដាល​នោះ​។ គម្រោង​ជួសជុល​នៅ​ផ្នែក​ខាងកើត​ភ្នំ​បាខែង បានចាប់ផ្តើម​នៅ​ឆ្នាំ​២០០៨ និង​បានបញ្ចប់​នៅ​ចុងឆ្នាំ​២០១៨ ហើយ​គម្រោង​ជួសជុល​ជំហាន​ទី​៣​នៅ​ផ្នែក​ខាងលិច នឹង​ចាប់ផ្តើម​អនុវត្តន៍​ពី​ឆ្នាំ ២០១៩​នេះ​រហូតដល់​ឆ្នាំ ២០២៥​។​


 
​ភារធារី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក Michael Newbill បានចាត់ទុក​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​នេះ​ថា​បានបញ្ជាក់​ពី​ទំនាក់ទំនង​ដ៏​យូរអង្វែង​និង​ដោយមាន​ផលិតភាព​រវាង​សហរដ្ឋអាមេរិក​, WMF និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តាមរយៈ​មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការអភិរក្ស​វប្បធម៌ (AFCP)​។ លោក​ភារធារី​ស្ថានទូត​សហរដ្ឋអាមេរិក​ក៏បាន​កោតសរសើរ​ដល់​គម្រោង​ជួសជុល​ប្រាសាទភ្នំបាខែង ថា​ជា​គម្រោង​មួយ​ដែល​លេចធ្លោ​និង​បាន​ចូលរួម​ដោយ​បុគ្គលិក​កម្ពុជា​ភាគច្រើន​។ ក្នុង​គម្រោង​នេះដែរ តាមរយៈ​មូលនិធិ​ឯកអគ្គ​ន​រដ្ឋទូត បានផ្តល់​ថវិកា​ជាង ៣,២ លាន​ដុល្លារ​អាមេរិក​ចាប់តាំងពី​ឆ្នាំ ២០០៤ ដែល​បានរួម​ចំណែក​ពី​វិស័យ​ឯកជន​និង​សហគមន៍​សប្បុរសជន​នៅ​សហរដ្ឋអាមេរិក​។​
 
​មានប្រសាសន៍​ក្នុង​ពិធី​ដែល​ធ្វើឡើង​នៅ​ភ្នំ​បាខែង​នៅ​ថ្ងៃទី​១០ មិថុនា លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែងអំណរគុណ​ដល់ WMF ដែល​បានរួម​ចំណែក​ជួយ​អភិរក្ស​និង​ជួសជុល​ប្រាសាទ​នៅ​កម្ពុជា​។ ចាប់ពី​ឆ្នាំ ១៩៩២ WMF បានធ្វើការ​អភិរក្ស​និង​ជួសជុល​ប្រាសាទ​ជាច្រើន​គួរឱ្យកត់សម្គាល់​ក្នុង​តំបន់​អង្គរ ជាពិសេស​ប្រាសាទព្រះខ័ន តា​សោម អង្គរវត្ត និង​ប្រាសាទភ្នំបាខែង​។ 


 
​គួរ​បញ្ជាក់ថា បើ​យោងតាម​របាយការណ៍រ​បស់ WMF តាំងពី​ចូលរួម​ក្នុង​ការងារ​អភិរក្ស​និង​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​អង្គរ​រយៈពេល​៣០​ឆ្នាំ​មកនេះ អង្គការ​នេះ​បាន​ចំណាយ​ទឹកប្រាក់​ចំនួន ១៤​លាន​ដុល្លារ​អាមេរិក​។ ក្រៅពីនោះ​ក៏មាន​ការចូលរួម​ពី​ដៃគូ​ផ្សេងៗ​ទៀត​ដោយមាន​ការគាំទ្រ​ជា​ទឹកប្រាក់​ចំនួន ៥​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ទឹកប្រាក់​ជិត​៥​លាន​ដុល្លារ​ពី​មូលនិធិ​សប្បុរសធម៌ The Robert W. Wilson, ទឹកប្រាក់​ចំនួន​១​លាន​ដុល្លារ​ពី​មូលនិធិ​ស្ថាប័នឯកជន​, ទឹកប្រាក់​ជិត​១​លាន​ដុល្លារ​ពី​សាជីវកម្ម​សហរដ្ឋអាមេរិក រួមបញ្ចូល​ទាំង​វិភាគទាន​សំខាន់​របស់ American Express កាលពី​ទសវត្ស​ឆ្នាំ ១៩៩០, ទឹកប្រាក់​ជិត​១​លាន​ដុល្លារ​ពី​ប្រជាជន​អាមេរិក​សម្រាប់​រំ​ឮ​ក​ដល់​គុណ​ប្រជាជន​កម្ពុជា​ដែលមាន​ភាព​អត់ធន់​និង​លះបង់​ពេលវេលា​បំពេញការងារ​នៅក្នុង​តំបន់​អង្គរ​៕
 

Tag:
 WMF
  ភឿង ស​កុ​ណា​
  ស្ថានទូត​សហរដ្ឋអាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com