កីឡាជាតិ
ជាតិ
​ទោះបី​មានប្រៀប​ជើង​ទីមួយ តែ​កម្ពុជា​បន្ត​ប្រឹង​យកឈ្នះ​ប៉ា​គី​ស្ថាន នា​ជំនួប​ម៉ោង​១១​យប់​នេះ​នៅ​កាតា​
11, Jun 2019 , 7:39 pm        
រូបភាព
ដោយ:
​ក្រុមកីឡា​ជម្រើសជាតិ​កម្ពុជា​ត្រូវ​តទល់​ជាមួយ​ក្រុម​ប៉ា​គី​ស្ថាន សម្រាប់​ជំនួប​ជើង​ទី​២​វគ្គ​ជម្រុះ AFC Cup 2023 និង​ជម្រុះ​បឋម World Cup 2022 នៅ​ម៉ោង​១១​យប់​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​១១ ខែមិថុនា នៅ​ទីក្រុង​ដូ​ហា​ប្រទេស​កាតា​។ កម្ពុជា​មិនអាច​មើលស្រាល​លើ​សមត្ថភាព​គូប្រកួត​បានឡើយ ទោះបី​មានប្រៀប​ក្នុង​ជើង​ទី​១ ពោលគឺ​ពួកគេ​ត្រូវ​លេង​ដោយ​ប្រុងប្រយ័ត្ន​បំផុត​។ ខណៈ​ប៉ា​គី​ស្ថាន ដែល​ត្រូវ​ជាការ​ឈ្នះ​ជា​ចាំបាច់​បាន​ប្តេជ្ញា​ថា ពួកគេ​នឹង​ព្យាយាម​វាយបក​ក្នុង​ការរក​គ្រាប់​បាល់​តាមតែ​អាចធ្វើ​ទៅបាន​។

 
​ក្រោយ​យកឈ្នះ ២-០ នៅ​ជើង​ទី​១​លើ​ទឹកដី​ខ្លួន ក្រុមកីឡា​ជម្រើសជាតិ​កម្ពុជា​ត្រូវការ​លទ្ធផល​ត្រឹម​ស្មើ ឬ​ចាញ់​ក្រោម​២​គ្រាប់​តែប៉ុណ្ណោះ​សម្រាប់​ជំនួប​ជើង​ទី​២​នៅថ្ងៃនេះ ដើម្បី​ធានា​កៅអី​ឡើងទៅ​វគ្គ​ជម្រុះ​ជុំ​បន្ត​។ ទោះបី​មានប្រៀប​លើ​ដៃគូ​ប្រកួត​ក៏ដោយ តែ​កម្ពុជា​មិនត្រូវ​ធ្វេសប្រហែស និង​មើលស្រាល​លើ​សមត្ថភាព​របស់​គូប្រកួត​នោះឡើយ​។ ផ្ទុយទៅវិញ ពួកគេ​ត្រូវ​លេង​ដោយ​ស្មារតី​ប្រុងប្រយ័ត្ន និង​ប្រកបដោយ​ទំនួល​ខុសត្រូវ​ខ្ពស់​។ 


លោក ភា សុភ័ក្ត្រា (អាវស)ដឹកនាំបង្វឹកក្រុមកីឡាករជម្រើសជាតិកម្ពុជានៅប្រទេសកាតា
 
​នា​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​នៅ​ប្រទេស​កាតា​លោក Felix Dalmas បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​សន្យាថា នឹងមិន​មើលស្រាល​សមត្ថភាព​រប​ស់​ប៉ា​គី​ស្ថាន​នោះឡើយ​ទោះបី​ពួកយើង​មានប្រៀប​ក្នុង​ជើង​ទី​១​ក៏ដោយ​។ ហើយ​យើង​នឹង​បន្ត​លេង​ដោយ​ប្រុងប្រយ័ត្ន និង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ពោលគឺ​នឹងធ្វើ​ឲ្យ​ការប្រកួត​ថ្ងៃនេះ​កាន់តែ​មាន​ភាព​ទាក់ទាញ​»​។​
 
​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​រូបនេះ​បន្ថែមថា លោក​នឹង​ព្យាយាម​ស្វែងរក​លទ្ធផល​ល្អ​ជូន​អ្នកគាំទ្រ​កម្ពុជា ហើយ​សម្រាប់​ជំនួប​ជើង​ទី​២​នេះ​ក្រុមកីឡា​ជម្រើសជាតិ​កម្ពុជា​នឹង​បន្ត​ប្រើ​ទម្រង់​លេង​បែប​ប្រយុទ្ធ​ដូច​ជើង​ទី​១​។ ព្រោះ​កម្ពុជា​មិន​ត្រឹមតែ​ផ្តោតលើ​លទ្ធផល​ប៉ុណ្ណោះ ការរីកចម្រើន​លើ​ទម្រង់​លេង និង​សមត្ថភាព​របស់​កីឡាករ ក៏​ជា​គោលដៅ​ក្នុង​វគ្គ​ជម្រុះ​នេះដែរ​។  


សកម្មភាពកីឡាករជម្រើសជាតិកម្ពុជាហ្វឹកហាត់ត្រៀមមុនការប្រកួតនៅប្រទេសកាតា
 
​លោក José Antonio Nogueira គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប៉ា​គី​ស្ថាន​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការរក​គ្រាប់​បាល់​នៅ​យប់​នេះ ខណៈ​ជ័យជម្នះ​វា​ជា​រឿង​ចាំបាច់​សម្រាប់​ពួកគេ​។ គ្រូបង្វឹក​ប្រេ​ស៊ី​ល​រូបនេះ​បាន​អះអាងថា ប៉ា​គី​ស្ថាន​នឹង​ព្យាយាម​រៀបចំ​តំបន់​ប្រយុទ្ធ​ឲ្យ​បានល្អ ដើម្បី​បង្កើន​គុណភាព​ប្រយុទ្ធ​របស់​ក្រុម​ក្នុងការ​វាយបក​រក​គ្រាប់​បាល់​ពី​កម្ពុជា​។ 
 
​សម្រាប់​ជំនួប​ជើង​ទី​២​នៅ​កីឡដ្ឋាន Hamad bin Khalifa Stadium ក្នុង​ទីក្រុង​ដូ​ណា​ប្រទេស​កាតា នា​ម៉ោង​១១​យប់​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​១១ មិថុនា​នេះ ក្រុម​ជម្រើសជាតិ​ប៉ា​គី​ស្ថាន​ត្រូវការ​ឈ្នះ​កម្ពុជា​លើសពី​ពីរ​គ្រាប់​ក្នុងការ​ធានា​កៅអី​ឡើងទៅ​វគ្គ​ជម្រុះ​ជុំ​ទី​២ នៃ​ព្រឹត្តិការណ៍ AFC Cup 2023 និង World Cup 2022៕    


Tag:
 World CUP
  Felix Dalmas
  ក្រុម​ជម្រើសជាតិ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com