ថាតើនរណាទៅមិនចង់បានក្បាលពោះរាបស្មើរាងស្លីមស្រស់ស្អាតនោះ? ការជ្រើសរើសអាហារត្រឹមត្រូវអាចជួយឲ្យអ្នកស្រកទម្ងន់បានឆាប់រហ័សដោយមិនបង្កផលប៉ះពាល់ណាមួយចំពោះសុខភាព។ ថាតើអាហារអ្វីខ្លះទៅជួយឱ្យអ្នកឆាប់ទទួលបានក្បាលពោះរាបស្មើ?
កុំបារម្ភ! ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖
១. គ្រាប់ធញ្ញជាតិ
ជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់សុខភាពល្អ ជាតិសរសៃ ព្រមទាំងអាស៊ីតខ្លាញ់អូមេហ្គា ៣ ខ្ពស់ដែលជួយក្នុងការសម្រកទម្ងន់បានយ៉ាងប្រសើរ។ វាជួយទប់ស្កាត់ចំណង់អាហារនិងជួយឲ្យឆ្អែតបានយូរ។ ដូច្នេះកុំភ្លេចបន្ថែមគ្រាប់ធញ្ញជាតិមួយក្ដាប់ដៃពេញក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
២. តែបៃតង
ជាប្រភពដ៏ប្រសើរនៃវីតាមីន A B B5 D C E H និង K ព្រមទាំងម៉ង់កាណែស និងជាតិរ៉ែដទៃទៀត រួមបញ្ចូលទាំង chromium ជាតិស័ង្កសី និងសេលេញ៉ូម ព្រមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដុតបំផ្លាញជាតិខ្លាញ់និងកាឡូរីបានឆាប់។ ការទទួលទានតែបៃតង ៥ ពែងក្នុងមួយថ្ងៃអាចជួយអោយអ្នកស្រកទម្ងន់បានច្រើនជាងធម្មតាទ្វេដង។
៣. ផ្លែបឺរ
មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់សុខភាពល្អ monounsaturated ប្រូតេអ៊ីន ជាតិសរសៃ និងសារធាតុចិញ្ចឹមដែលផ្ដល់អត្ថប្រយោជន៍ចាំបាច់ជាច្រើនពិសេសកំឡុងពេលអ្នកព្យាយាមសម្រកទម្ងន់។ ផ្លែបឺរក៏ជាប្រភពនៃអាស៊ីតខ្លាញ់ oleic ដែលជួយធ្វើឲ្យអ្នកឆាប់ឆ្អែត និងបានយូរផងដែរ។
៤. ប្រេងអូលីវ
ប្រេងអូលីវមានផ្ទុកជាតិខ្លាញ់ monounsaturated ដែលអាចកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។ ដូច្នេះកុំភ្លេចបន្ថែមប្រេងអូលីវក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
៥. ត្រីសាលម៉ុន
ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ប្រូតេអ៊ីន សារធាតុ astaxanthin និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយឲ្យស្រកទម្ងន់បានឆាប់ និងធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតដោយមិនបន្ថែមជាតិខ្លាញ់។
៦. ខ្ញី
ខ្ញីមានសមត្ថភាពបង្កើនការរំលាយអាហារនិងពន្លឿនការដុតរំលាយអាហារក្នុងរាងកាយដែលប្រសើរបំផុតជួយក្នុងការសម្រកទម្ងន់។ ការទទួលទានខ្ញី ឬទឹកខ្ញីនៅពេលព្រឹកជួយកាត់បន្ថយចំណង់អាហារគួរឱ្យកត់សម្គាល់។
៧. ចេក
ចេកក៏ជាជម្រើសនៃផ្លែឈើដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់ផងដែរដោយវាមានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែសារធាតុចិញ្ចឹមសំខាន់ៗខ្ពស់។ លើសពីនេះទៅទៀត ផ្លែចេកមានផ្ទុកសម្បូរទៅដោយជាតិសរសៃដែលជួយកម្រិតល្បឿនត្រឹមត្រូវនៃការរំលាយអាហារ។ ការទទួលទានចេកត្រឹមតែមួយផ្លែនឹងធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងថែមទាំងអាចជួយទប់ស្កាត់ដោះស្រាយបញ្ហាទល់លាមកទៀតផង។
៨. ល្ពៅ
ល្ពៅជាប្រភពដ៏ប្រសើរនៃជាតិសរសៃដែលជួយពន្យឺតការរំលាយអាហារធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ជាតិសរសៃនៃល្ពៅក៏ជួយជំរុញប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះទម្ងន់។លើសពីនេះទៅទៀត ល្ពៅមានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែប៉ូតាស្យូមខ្ពស់ជួយកម្ចាត់ជាតិអំបិលនិងសារធាតុរាវដែលលើសចេញពីរាងកាយកាត់បន្ថយការហើម៕
ត្រួតពិនិត្យដោយ www.health.com.kh