ទឹកប្រាក់​ដែល​ប្រជាជន​ខ្ចីលុយ​ទិញ​ផ្ទះ​កើន​ដល់​ជាង ៣ ពាន់​លាន​ដុល្លារ​
ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ទឹកប្រាក់​ដែល​ប្រជាជន​ខ្ចីលុយ​ទិញ​ផ្ទះ​កើន​ដល់​ជាង ៣ ពាន់​លាន​ដុល្លារ​
13, Jun 2019 , 8:19 pm        
រូបភាព
ដោយ៖ Realestate.com.kh 
 
​កម្ចី​ទិញ​អចលនទ្រព្យ​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បានបង្ហាញ​ពី​កំណើន​ខ្លាំង​នៅ​ដើមឆ្នាំ ២០១៩ នេះ ជា​និន្នាការ​មួយ​ដែល​អ្នកជំនាញ​លើកឡើងថា​ដោយសារ​កំណើន​ការវិនិយោគ និង​ភាពរឹងមាំ​របស់​វិស័យ​អចលនទ្រព្យ​កម្ពុជា​។


 
​យោងតាម​របាយការណ៍​ចុងក្រោយ​របស់​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) ទំហំ​កម្ចី​ដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បានផ្តល់​ឲ្យ​ទៅ​វិស័យ​អចលនទ្រព្យ​បាន​កើន​ដល់​ជិត ៣,២ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ដំណាច់ខែ​មីនាឆ្នាំ ២០១៩ នេះ គឺ​កើនឡើង ៣៤ ភាគរយ​ពី​ត្រឹម ២,៣៦ ពាន់​លាន​ដុល្លារ​ពី​កាលពី​ដំណាច់ខែ​មីនាឆ្នាំ ២០១៨​។ 
 
​លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា​បាន​ប្រាប់ Realestate.com.kh ៖«​ដំណើរការ​នៃ​ការផ្តល់​កម្ចី​ផ្នែក​អចលនទ្រព្យ​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ គឺមាន​ភាពល្អប្រសើរ​នៅ​ទីផ្សារ​កម្ពុជា​។ និន្នាការ​នៃ​ការកើនឡើង​នេះ​គឺមាន​ល្បឿន​ប្រហែល​ឆ្នាំមុន​ដែរ ហើយក៏​ស្របតាម​កំណើន​នៃ​វិស័យនេះ​»​។ 
 
​កម្ចី​ដែល​បានផ្តល់​ឲ្យ​ទៅ​វិស័យ​អចលនទ្រព្យ​គឺជា​ផ្នែក​មួយ​នៃ​ការកត់ត្រា​របស់ CBC ស្តីពី ស​ន្ទ​ស្សន៍​ឥណទាន​ប្រើប្រាស់​លក្ខណៈ​បុគ្គល ដែល​ផ្តោតលើ​ឥណទាន​បី​ប្រភេទ​រួមមាន​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន (Personal Finance Loans) កម្ចី​អចលនទ្រព្យ (Mortgage Loan) ប័ណ្ណឥណទាន (Credit Card Loans)​។​
 
​កម្ចី​អចលនទ្រព្យ​ដែល​ពលរដ្ឋ​កម្ពុជា​បាន​ខ្ចី​ជាក់ស្តែង​អាចមាន​ច្រើនជាង​នេះ​ប្រសិនបើ​រាប់បញ្ចូល​តាំង​ការទិញ​ផ្ទះ​បង់​រំលស់​ពី​ម្ចាស់​បុរី ឬ ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​ផ្ទាល់​ដែល​ការទទួល​កម្ចី​ប្រភេទ​នេះ​ក៏​កំ​ពុ​កើនឡើង​ដែរ​។ តាម​លោក សុធា​រ័ត្ន​ទំហំ​ជិត ៣,២ ពាន់​លាន​ដុល្លារ​នេះ​គឺ​រាប់​តែ​ក្នុង​កម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ហើយ CBC មិនទាន់បាន​រាប់បញ្ចូល​កម្ចី​ទិញ​ផ្ទះ​ដែល​អតិថិជន​បង់​រំលស់​ពី​បុរី​នៅឡើយ​ទេ​។ 
 
​លោក សន សៀ​ប ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Key Real Estate បានលើកឡើង​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ​ថា តម្រូវការ​ផ្ទះ​នៅ​កម្ពុជា​នៅតែ​បន្ត​កើនឡើង​ដោយសារ​កំណើនប្រជាជន​ថ្នាក់កណ្តាល និង​គូរ​ស្រករ​វ័យក្មេង​ដែលមាន​លទ្ធភាព និង​ជីវភាព​ល្អ​ជាង​មុន​។ 
 
​លោក​បន្តថា កំណើន​ដ៏​ខ្លាំង​នេះ​បង្ហាញថា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មាន​ទំនុកចិត្ត​ខ្ពស់​ចំពោះ​វិស័យនេះ ហើយ​អាច​យល់ឃើញថា​ការបង្កើន​ការផ្តល់​កម្ចី​ទៅ​វិស័យនេះ​គឺមាន​សុវត្ថិភាព​។ 
​លោក​បញ្ជាក់ថា​៖«​តម្លៃ​ផ្ទះ និង​អចលនទ្រព្យ​តែងតែ​កើន​ឡើងជា​លំដាប់ ហើយ​កត្តា​នេះ​អាចធ្វើ​ឲ្យ​អ្នកផ្តល់​កម្ចី​ដឹងថា​ដាក់​លុយ​ក្នុង​វិស័យនេះ​មាន​សុវត្ថិភាព និង​មានឱកាស​ចំណេញ​»​។

លោក​បន្តថា រដ្ឋាភិបាល​បាន​បន្ត​អភិវឌ្ឍន៍​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ដូចជា​ផ្លូវ បណ្តាញទឹក បណ្តាញអគ្គីសនី ដែល​កត្តា​នេះ​បាន​ជួយ​ជំរុញ​តម្លៃ​អចលនទ្រព្យ​ឲ្យ​បន្ត​កើនឡើង​។ លោក​អះអាងថា​៖«​កាលណា​ហេដ្ឋារចនាសម្ព័ន្ធ​នៅតែ​អភិវឌ្ឍន​លឿន សកម្មភាព​ទិញ​លក់​អចលនទ្រព្យ​នៅតែ​ល្អ ហើយ​តម្រូវការ​ដើមទុន​ក៏​កើនឡើង​»​។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com