ជំងឺមហារីក បង្ខំ​ឲ្យ​កំពូល​កីឡាករ​វាយ​សី​ម៉ាឡេស៊ី Lee Chong Wei ចូលនិវត្តន៍​
កីឡាអន្តរជាតិ
អន្តរជាតិ
ជំងឺមហារីក បង្ខំ​ឲ្យ​កំពូល​កីឡាករ​វាយ​សី​ម៉ាឡេស៊ី Lee Chong Wei ចូលនិវត្តន៍​
13, Jun 2019 , 5:49 pm        
រូបភាព
​កីឡាករ​វាយ​សី​ម៉ាឡេស៊ី Lee Chong Wei នៅ​ថ្ងៃទី​១៣ ខែមិថុនា​នេះ បានប្រកាស​ចូលនិវត្តន៍​ហើយ បន្ទាប់ពី​ប្រកប​អាជីព​អស់​រយៈពេល ១៩ ឆ្នាំ​។​

 
Lee ដែល​សព្វថ្ងៃ​មាន​អាយុ​៣៦​ឆ្នាំ បាន​រៀបរាប់​ពី​ការបញ្ចប់​អាជីព​របស់ខ្លួន​ទាំង​ទឹកភ្នែក​ប្រាប់​អ្នកកាសែត​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​៖«​ការសម្រេចចិត្ត​ចូលនិវត្តន៍​របស់ខ្ញុំ​គឺ​ទាំង​បង្ខំចិត្ត​។ ខ្ញុំ​ពិតជា​ចូលចិត្ត​កីឡា​នេះ​ខ្លាំងណាស់​។ ខ្ញុំ​សូម​អរគុណ​ដល់​ប្រជាជន​ម៉ាឡេស៊ី​សម្រាប់​ការគាំទ្រ​រយៈពេល ១៩ ឆ្នាំ​មកនេះ​»​។​


 
​អតីត​កីឡាករ​វាយ​សី​លំដាប់​ទី​១​ពិភពលោក និង​ជា​ម្ចាស់​មេដាយប្រាក់​អូឡាំពិក​៣​សម័យ​រូបនេះ ពិតជា​ចង់បង្ហាញ​ខ្លួន​លើកចុងក្រោយ​នៅ​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ប៉ុន្តែ​យ៉ាងណាក៏ដោយ​គ្រូពេទ្យ​បាន​ណែនាំ​រូបគេ​សម្រាក​ចាប់ពីពេលនេះ​តទៅ​តែម្តង ដើម្បី​កាត់បន្ថយ​សម្ពាធ​ជំងឺ​។​
 
Lee ដែល​ត្រូវបាន​គេ​ចាត់ទុកជា​វីរបុរស​ម៉ាឡេស៊ី បានធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​មាន​ជំងឺមហារីក​ច្រមុះ​ដំណាក់កាល​ដំបូង​កាលពី​ខែកក្កដា​ឆ្នាំមុន ហើយ​ព័ត៌មាន​ពី​ស្ថានភាព​របស់លោក និង​ការព្យាបាល​ជា​បន្តបន្ទាប់​នៅ​តៃវ៉ាន់​ក៏បាន​បង្ហាញ​ជា​សាធារណៈ​នៅ​ខែកញ្ញា​កន្លងទៅ​ផងដែរ​។​
 
​បន្ទាប់ពី​រកឃើញថា​មាន​ជំងឺមហារីក Lee ដែលមាន​កូន​ពីរ​នាក់​ផង​រៀបរាប់ថា ខ្លួន​ចង់​សម្រាក និង​ចំណាយពេល​ជាមួយ​គ្រួសារ​ដោយ​នាំ​ប្រពន្ធ​កូន​ដើរ​កម្សាន្ត​វិញ​ម្តង ដ្បិត​មិនបាន​នាំ​ភរិយា​ទៅ​ក្រេបទឹក​ឃ្ញុំ​ចាប់តាំងពី​រៀប​អាពាហ៍ពិពាហ៍​រួច​នៅ​ឆ្នាំ​២០១២ មក​៕ 
 

Tag:
 កីឡា​វាយ​សី​
  Lee Chong Wei
© រក្សាសិទ្ធិដោយ thmeythmey.com