ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​នៃ​កិច្ចប្រជុំ​កំពូល​សារព័ត៌មាន​អាស៊ី​ចេញ​សេចក្ដីថ្លែងការណ៍​អង្គរ​ស្ដីពី​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​
13, Jun 2019 , 7:52 pm        
រូបភាព
រូបភាព៖ AKP
រូបភាព៖ AKP

​សៀមរាប​៖ សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នៅ​ខេត្តសៀមរាប​បាន​បិទ​បញ្ចប់​ហើយ​នៅ​ល្ងាច​ថ្ងៃទី​១៣ មិថុនា ដោយ​ក្នុងនោះ​បានទទួល​លទ្ធផល​គួរឱ្យកត់សម្គាល់​។ ជាមួយគ្នានេះ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ព័ត៌មាន​អាស៊ី​-​ប៉ាស៊ីហ្វិក​ក្នុង​សន្និសីទ​ខាងលើនេះ ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​អង្គរ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​ផងដែរ​។​

 
​រដ្ឋមន្ត្រី​ព័ត៌មាន​នៃ​ប្រទេស​បង់​ក្លា​ដេ​ស កម្ពុជា មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន រួម​នឹង​ប្រធាន​គណៈកម្មាធិការ​ទំនាក់ទំនង​និង​ព័ត៌មាន​នៃ​ប្រទេស​កូរ៉េ និង​អនុរដ្ឋមន្ត្រី​ព័ត៌មាន​នៃ​ប្រទេស​សា​ម៉ា​វ បាន​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ី​-​ប៉ាស៊ីហ្វិក​នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃទី​១២ មិថុនា ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហាសំខាន់ៗ​ទាក់ទង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិសេស​ការប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​ព័ត៌មាន​ក្លែងក្លាយ ក៏ដូចជា​ផលប៉ះពាល់​អវិជ្ជមាន​ដល់​សង្គម​។ ក្នុងនោះ កិច្ចប្រជុំ​បានសម្រេច​ដាក់ឱ្យ​ដំណើរការ «​គំនិត​ផ្តួចផ្តើម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​អង្គរ​» (Angkor Anti-Fake News Initiative) ដែលជា​គម្រោង​ស្រាវជ្រាវ​រយៈពេល​មួយឆ្នាំ​លើ​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​ផលប៉ះពាល់​អវិជ្ជមាន​ដល់​សង្គម​។ 
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល បាន​លើកឡើងថា វិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​-​ប៉ាស៊ីហ្វិក (AIBD) និង​អង្គការ​យូណេស្កូ នឹង​សហការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​សមាជិក​និង​ដៃគូ​របស់ AIBD ដទៃទៀត​ដើម្បី​ដំណើរការ​នៃ​កិច្ចព្រមព្រៀង​ខាងលើនេះ​។ ក្រៅពីនេះ រដ្ឋមន្ត្រី​និង​មន្ត្រីជាន់ខ្ពស់​ក្នុង​កិច្ចប្រជុំ​កំពូល​សារព័ត៌មាន​អាស៊ី បាន​ព្រមព្រៀង​រៀបចំ​កិច្ចប្រជុំ​ពិសេស​នៃ​រដ្ឋមន្ត្រី​ថ្នាក់​ព័ត៌មាន​អាស៊ី​-​ប៉ាស៊ីហ្វិក ដោយមាន​ការចូលរួម​ពី​ដៃគូ​សំខាន់ៗ​នៃ AIBD ក្នុង​ខែកញ្ញា ខាងមុខ​។ កិច្ចប្រជុំ​ក៏បាន​ឯកភាព​ថា​អាស៊ី​-​ប៉ាស៊ីហ្វិក​ត្រូវការ​ផែនទី​បង្ហាញផ្លូវ (Road Map) ដើម្បី​ទប់ទល់​នឹង​ព័ត៌មាន​ក្លែងក្លាយ​នេះ​ផងដែរ​។ 
 
​គួរ​បញ្ជាក់ថា ក្នុង​សន្ទរកថា​បើក​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​នៅ​ថ្ងៃទី​១២ មិថុនា នៅ​សណ្ឋាគារ​សុខា​សៀមរាប សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ទាំងអស់​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​នេះ​៕
  

© រក្សាសិទ្ធិដោយ thmeythmey.com