Sarri បាន​សំណង​លើស​៦​លានដុល្លារ​ដើម្បី​ចេញពី Chelsea ទៅ​ដឹកនាំ Juventus
កីឡាអន្តរជាតិ
អន្តរជាតិ
Sarri បាន​សំណង​លើស​៦​លានដុល្លារ​ដើម្បី​ចេញពី Chelsea ទៅ​ដឹកនាំ Juventus
14, Jun 2019 , 10:21 am        
រូបភាព
Chelsea បាន​យល់ព្រម​ឲ្យ​លោក Maurizio Sarri ចាក​ចេញពី​ទឹកដី Stamford Bridge ដើម្បី​ទៅ​ចូលរួម​ជាមួយ​ម្ចាស់​ជើងឯក​លី​គ​កំពូល​អ៊ីតាលី Juventus ហើយ ជាមួយនឹង​ប្រាក់​សំណង​លើសពី​៦​លាន​ដុល្លារ​អាមេរិក​។​


 
​កិច្ចព្រមព្រៀង​រវាង​ក្លិប​តោ​ខៀវ​ជាមួយ​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បានធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែមិថុនា ហើយ​បញ្ចប់​ដោយ​ជោគជ័យ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា​នេះ​។ បើតាម​ការផ្សាយ​របស់ BBC លោក Sarri ប្រហែលជា​ទទួលបាន​ប្រាក់​សំណង​លើសពី ៦ លាន​ដុល្លារ​អាមេរិក​ពី Chelsea សម្រាប់​កិច្ចសន្យា​ដែល​នៅសល់​រយៈពេល​២​ឆ្នាំ​។​
 
Sarri វ័យ​៦០​ឆ្នាំ បាន​ចាក​ចេញពី Napali កាលពី​ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​ទៅកាន់​ទឹកដី​អង់គ្លេស​ដោយ​ជួយ Chelsea ឈ្នះ​ពាន Europa League និង ទទួលបាន​ចំណាត់ថ្នាក់​ទី​៣​ក្នុង​ក្របខណ្ឌ Premier League សម្រាប់​រដូវ​កាល​ដំបូង​របស់លោក​។​


 
​ទោះបីជា​បាន​ចុះកិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​ជាមួយ​តោ​ខៀវ​កាលពី​ខែកក្កដា​ឆ្នាំមុន​ក្តី ប៉ុន្តែ Sarri បាន​ក្លាយជា​អ្នក​ចាត់​ទូទៅ​ទី ៩ ដែល​ចាក​ចេញពី​ក្លិប​ទាំង​សល់​កិច្ចសន្យា​នៅក្រោម​ការកាន់កាប់​រប​ស់លោក Roman Abramovich​។​
 
​លោក Abramovich ដែល​ក្លាយជា​ម្ចាស់​ក្លិប Chelsea នៅ​ឆ្នាំ​២០០៣ បាន​ចំណាយ​ប្រាក់​យ៉ាង​សន្ធឹក​ដើម្បី​ធ្វើ​ឲ្យ​ក្លិប​ស្ថិតក្នុង​ក្រុង​ឡុង​ដ៏​មួយ​នេះ​កើន​ប្រជាប្រិយភាព​។ យ៉ាងណាក៏ដោយ​ក្រោម​ការដឹកនាំ​របស់លោក Sarri គឺ​មិនបាន​បំពេញ​ការចង់បាន​រប​ស់​មហាសេដ្ឋី​រុស្ស៊ី​នេះឡើយ​។​
 
​បើតាម​ព័ត៌មាន​ចុះផ្សាយ​ជាច្រើន​នៅ​អង់គ្លេស Frank Lampard ទំនងជា​ជម្រើស​ទី​១ ដើម្បី​មក​ជំនួស​តំណែង Sarri ដែល​ត្រូវ​ទៅ​ដឹកនាំ​ក្រុម​យក្ស​អ៊ីតាលី Juventus នា​រដូវ​កាល​ថ្មី​ខាងមុខនេះ​។​
 
Lampard ដែលជា​វីរបុរស Chelsea ផង​នោះ បាន​ក្លាយជា​អ្នកចាត់ការ​លើកដំបូង​បន្ទាប់ពី​បញ្ចប់​អាជីព​ជា​អ្នកកីឡា​បាល់ទាត់ ដោយ​ក្នុងនោះ​លោក​ស្ទើរតែ​អាច​នាំ​ក្រុម Derby County ឈានទៅ​លី​គ​កំពូល Premier League ទៀតផង​។ Derby បាន​ចាញ់ Aston Villa ក្នុងការ​ប្រកួត Play-off វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល ២-១៕

Tag:
 បាល់ទាត់​
  Chelsea
  Juventus
  Maurizio Sarri
© រក្សាសិទ្ធិដោយ thmeythmey.com