ជាតិ
សង្គមជាតិ
មេប៉េអឹមរងម្នាក់ ស្រវឹងហើយបើកឡានបញ្ច្រាស បុកម៉ូតូ៤គ្រឿង បណ្តាលឲ្យរបួស៤នាក់
14, Jun 2019 , 12:30 pm        
រូបភាព
មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺម្នាក់ បើករថយន្តទាំងស្រវឹងស្រា បានបុករះទៅលើម៉ូតូ៤គ្រឿង ដែលបណ្តាលឲ្យមនុស្សប្រុស៤នាក់ របួសធ្ងន់។ ហេតុការណ៍នេះ កើតឡើងនៅត្រង់ចំណុចភ្លើងស្តុបក្តាន់ពីរ លើមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ នាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។



អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយថា មេបញ្ជាការរងកងរាជអាវុធហត្ថរូបនោះ មានអាយុជាង៥០ឆ្នាំ បានបើករថយន្តម៉ាកលុចស៊ីស៤៧០ ពណ៌ខ្មៅ។ ប៉ុន្តែ អគ្គស្នងការនគរលបាជាតិ ពុំបានបញ្ជាក់ឈ្មោះរបស់ជនបង្កហេតុខាងលើឡើយ និងបានផ្សាយថា រូបគេ មិនព្រមសហការជាមួយសមត្ថកិច្ច និងមិនបានផ្តល់អាសយដ្ឋាននោះទេ។

អគ្គស្នងដ្ឋានការនគរបាលជាតិ បន្តថា ជនបង្កហេតុ ដែលស្រវឹងស្រានោះ បានបើករថយន្ត ក្នុងទិសដៅពីកើតទៅលិច ដោយបើកបញ្ច្រាសរបាំងពុះចែកទ្រូងផ្លូវ និងមិនឈប់ ពេលឃើញភ្លើងស្តុ (ក្រហម) ហើយក៏បុករះទៅលើម៉ូតូ៤គ្រឿង។ ជនរងគ្រោះទាំង៤នាក់ កំពុងសម្រាកព្យាបាលនៅគ្លីនិកហុងហាក់។

«ចំពោះករណីខាងលើនេះ សមត្ថកិច្ច បានប្រគល់អ្នកបើករថយន្ត និងម៉ូតូរបស់ជនរងគ្រោះទៅការិយាលយ័ចរាចរណ៍រាជធានី»។ នេះជាការបញ្ជាក់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ៕

Tag:
 កងរាជអាវុធហត្ថ
  បទល្មើស
  គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com