កាណាដា រក​ជំនួយ​ពី​អាមេរិក​ដើម្បី​មានការ​ដោះលែង​ជនជាតិ​ខ្លួន​ពីរ​នាក់​ជាប់ឃុំ​នៅ​ចិន​
អន្តរជាតិ
កាណាដា រក​ជំនួយ​ពី​អាមេរិក​ដើម្បី​មានការ​ដោះលែង​ជនជាតិ​ខ្លួន​ពីរ​នាក់​ជាប់ឃុំ​នៅ​ចិន​
14, Jun 2019 , 8:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ ជួបប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាពេលកន្លងមក។ រូបភាព AFP
នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ ជួបប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាពេលកន្លងមក។ រូបភាព AFP
​នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ នឹងធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក​នៅ​សប្ដាហ៍​ក្រោយ​ដើម្បី​ជជែក​បញ្ហា​ពាណិជ្ជកម្ម និង​សំណុំរឿង​ជនជាតិ​កាណាដា​ដែល​កំពុង​ជាប់ឃុំ​ខ្លួន​នៅ​ទឹកដី​ចិន​។ លោក ទ្រូ​ដូ នឹង​ស្នើសុំ​ជំនួយ​ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដើម្បី​ឲ្យ​មានការ​ដោះលែង​ជនជាតិ​កាណាដា​ទាំងពីរ​ដែល​លោក​ចាត់ទុកជា​ការឃុំខ្លួន​ដោយ​បំពាន​។ ប៉េកាំង ទើប​បដិសេធ​រៀបចំ​ជំនួប​រវាង​លោក ទ្រូ​ដូ និង​មេដឹកនាំ​ចិន​ដើម្បី​ដោះស្រាយ​បញ្ហា​ឃុំខ្លួន​នេះ​។​

 
​ទស្សនកិច្ច​របស់​នាយ​ក​រដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ នៅ​សេត​វិមាន នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២០ ខែមិថុនា​ខាងមុខ​។ នេះ​ជា​លើកទីមួយ​ដែល​លោក ទ្រូ​ដូ ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក​តាំងពី​ឆ្នាំ​២០១៧ ។ ទស្សនកិច្ច​នៅ​សប្ដាហ៍​ក្រោយនេះ ក៏​ធ្វើឡើង​ស្រប​ពេលដែល​ទំនាក់ទំនង​ទ្វេភាគី​ហាក់​ល្អប្រសើរ​ឡើងវិញ​ខ្លះ បន្ទាប់ពី​មិនត្រូវ​គ្នា​ដោយសារ​គោលនយោបាយ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​អាមេរិក​ខាងជើង​របស់លោក ដូ​ណា​ល់ ត្រាំ ។​
 
​ពាណិជ្ជកម្ម ជា​របៀប​សំខាន់ ប៉ុន្តែ​រឹតតែ​សំខាន់ គឺ​វាសនា​ជនជាតិ​កាណាដា​ដែល​កំពុង​ជាប់ឃុំ​ខ្លួន​នៅ​ទឹកដី​ចិន​។ ការិយាល័យ​នាយករដ្ឋមន្ត្រី​កាណាដា​ប្រកាស​នៅ​ថ្ងៃទី​១៣ ខែ​មិថុន ថា មុន​ជំនួប G20 នៅ​ជប៉ុន មេដឹកនាំ​ទាំងពីរ នឹង​ជជែក​គ្នា​ពី​បញ្ហា​ប្រឈម​សាកល​រួមបញ្ចូល​ទាំង​ការឃុំខ្លួន​ជនជាតិ​កាណាដា​ពីរ​នាក់​ដោយ​អាជ្ញាធរ​ចិន​។ 
 
​កាណាដា បាន​ធ្លាក់​ចូលក្នុង​សង្វៀន​រវាង​អាមេរិក និង​ចិន បន្ទាប់ពី​ទីក្រុង​អូ​តា​វ៉ា​សម្រេចចិត្ត​ឃាត់ខ្លួន​មន្ត្រីជាន់ខ្ពស់​ក្រុមហ៊ុន Huawei ម្នាក់​នៅ​ព្រលានយន្តហោះ​ទីក្រុង Vancouver ពេលធ្វើ​ដំណើរ​ទៅកាន់​អាមេរិក​។ ជាការ​ឆ្លើយតប អាជ្ញាធរ​ចិន​បាន​ឃាត់ខ្លួន​ជនជាតិ​កាណាដា​ពីរ​នាក់​បន្ត​គ្នា​មាន​អតីត​មន្ត្រីការទូត Michael Kovrig និង​អ្នកជំនួញ​ទេសចរណ៍​ទៅកាន់​កូរ៉េខាងជើង Michael Spavor ។ អ្នក​ទាំងពីរ​នេះ​ត្រូវបាន​ចោទ​ពី​លួច និង​ផ្ដល់ព័ត៌មាន​សម្ងាត់​ទាក់ទង​ចិន​។​
 
​បន្ថែម​ពីលើ​នោះ ចិន​បាន​កាត់ទោស​ប្រហារជីវិត​ជនជាតិ​កាណាដា​ពីរ​នាក់​ទៀត​ពាក់ព័ន្ធ​ការរត់ពន្ធ​គ្រឿងញៀន​។ ជាការ​ផ្ដល់​មេរៀន​ទៅ​ឲ្យ​ក្រុង​អូ​តា​វ៉ា ទីក្រុង​ប៉េកាំង ក៏​ចាត់​វិធាន​ប្រឆាំង​ការ​នាំចូល​ទំនិញ​កាណាដា​ដោយបាន​រឹតត្បិត​ការនាំ​ចូល​ផលិតផល​កសិកម្ម​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ផងដែរ​។ 
 
​ការ​បោះដៃ​ទៅរក​ជំនួយ​អាមេរិក​របស់​កាណាដា កើតឡើង​បន្ទាប់ពី​ចិន​បាន​បដិសេធ​សំណើ​របស់លោក ទ្រូ​ដូ ដែល​ចង់​ជជែក​ដោយផ្ទាល់​ជាមួយ​សម​ភាគី​ចិន លី ខឹ​ឈាំ​ង ។ ការិយាល័យ​នាយករដ្ឋមន្ត្រី​កាណាដា​ប្រកាសថា លោក ទ្រូ​ដូ និយាយ​ជាមួយ​លោក លី ជា​លក្ខណៈ​ផ្ទាល់ខ្លួន​ដើម្បី​ការដោះលែង​ជនជាតិ​កាណាដា​ដែល​កំពុង​ជាប់ឃុំ​ផង និង​សុំ​ការលើកលែងទោស​ឲ្យ​ជនជាតិ​កាណាដា​ពីរ​នាក់​ទៀត​ដែល​រង់ចាំ​ថ្ងៃ​ស្លាប់​នោះ​។​
 
​ជុំវិញ​រឿង​រកាំរកូស​នេះ ទីក្រុង​ប៉េកាំង​និយាយថា កំហុស​គ្រប់យ៉ាង​បណ្ដាលមកពី​កាណាដា​ផ្ទាល់​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៣ ខែមិថុនា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Geng Shuang លើកឡើងថា ភាពខុសគ្នា​រវាង​ចិន និង​កាណាដា​ដូច​បច្ចុប្បន្ននេះ កើតឡើង​ដោយ​កាណាដា​ខ្លួនឯង ហើយ​ការទទួលខុសត្រូវ​ទាំងស្រុង ស្ថិត​លើ​ស្មា​កាណាដា​ដែរ​។ មន្ត្រី​នាំពាក្យ​រូបនេះ បាន​ផ្ដាំ​ឲ្យ​កាណាដា​ដោះលែង​មន្ត្រី Huawei ហើយ​ធ្វើយ៉ាងណា​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ល្អ​ដូចដើម​វិញ​៕

Tag:
 កាណាដា​
  អាមេរិក​
  ចិន​
  ចា​ស្ទី​ន ទ្រូ​ដូ​
© រក្សាសិទ្ធិដោយ thmeythmey.com