អន្តរជាតិ
កាណាដា រកជំនួយពីអាមេរិកដើម្បីមានការដោះលែងជនជាតិខ្លួនពីរនាក់ជាប់ឃុំនៅចិន នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ ជួបប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាពេលកន្លងមក។ រូបភាព AFP
× នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ នឹងធ្វើទស្សនកិច្ចនៅអាមេរិកនៅសប្ដាហ៍ក្រោយដើម្បីជជែកបញ្ហាពាណិជ្ជកម្ម និងសំណុំរឿងជនជាតិកាណាដាដែលកំពុងជាប់ឃុំខ្លួននៅទឹកដីចិន។ លោក ទ្រូដូ នឹងស្នើសុំជំនួយពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីឲ្យមានការដោះលែងជនជាតិកាណាដាទាំងពីរដែលលោកចាត់ទុកជាការឃុំខ្លួនដោយបំពាន។ ប៉េកាំង ទើបបដិសេធរៀបចំជំនួបរវាងលោក ទ្រូដូ និងមេដឹកនាំចិនដើម្បីដោះស្រាយបញ្ហាឃុំខ្លួននេះ។
ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ នៅសេតវិមាន នឹងធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនាខាងមុខ។ នេះជាលើកទីមួយដែលលោក ទ្រូដូ ធ្វើទស្សនកិច្ចនៅអាមេរិកតាំងពីឆ្នាំ២០១៧ ។ ទស្សនកិច្ចនៅសប្ដាហ៍ក្រោយនេះ ក៏ធ្វើឡើងស្របពេលដែលទំនាក់ទំនងទ្វេភាគីហាក់ល្អប្រសើរឡើងវិញខ្លះ បន្ទាប់ពីមិនត្រូវគ្នាដោយសារគោលនយោបាយចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅអាមេរិកខាងជើងរបស់លោក ដូណាល់ ត្រាំ ។
ពាណិជ្ជកម្ម ជារបៀបសំខាន់ ប៉ុន្តែរឹតតែសំខាន់ គឺវាសនាជនជាតិកាណាដាដែលកំពុងជាប់ឃុំខ្លួននៅទឹកដីចិន។ ការិយាល័យនាយករដ្ឋមន្ត្រីកាណាដាប្រកាសនៅថ្ងៃទី១៣ ខែមិថុន ថា មុនជំនួប G20 នៅជប៉ុន មេដឹកនាំទាំងពីរ នឹងជជែកគ្នាពីបញ្ហាប្រឈមសាកលរួមបញ្ចូលទាំងការឃុំខ្លួនជនជាតិកាណាដាពីរនាក់ដោយអាជ្ញាធរចិន។
កាណាដា បានធ្លាក់ចូលក្នុងសង្វៀនរវាងអាមេរិក និងចិន បន្ទាប់ពីទីក្រុងអូតាវ៉ាសម្រេចចិត្តឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រុមហ៊ុន Huawei ម្នាក់នៅព្រលានយន្តហោះទីក្រុង Vancouver ពេលធ្វើដំណើរទៅកាន់អាមេរិក។ ជាការឆ្លើយតប អាជ្ញាធរចិនបានឃាត់ខ្លួនជនជាតិកាណាដាពីរនាក់បន្តគ្នាមានអតីតមន្ត្រីការទូត Michael Kovrig និងអ្នកជំនួញទេសចរណ៍ទៅកាន់កូរ៉េខាងជើង Michael Spavor ។ អ្នកទាំងពីរនេះត្រូវបានចោទពីលួច និងផ្ដល់ព័ត៌មានសម្ងាត់ទាក់ទងចិន។
បន្ថែមពីលើនោះ ចិនបានកាត់ទោសប្រហារជីវិតជនជាតិកាណាដាពីរនាក់ទៀតពាក់ព័ន្ធការរត់ពន្ធគ្រឿងញៀន។ ជាការផ្ដល់មេរៀនទៅឲ្យក្រុងអូតាវ៉ា ទីក្រុងប៉េកាំង ក៏ចាត់វិធានប្រឆាំងការនាំចូលទំនិញកាណាដាដោយបានរឹតត្បិតការនាំចូលផលិតផលកសិកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារផងដែរ។
ការបោះដៃទៅរកជំនួយអាមេរិករបស់កាណាដា កើតឡើងបន្ទាប់ពីចិនបានបដិសេធសំណើរបស់លោក ទ្រូដូ ដែលចង់ជជែកដោយផ្ទាល់ជាមួយសមភាគីចិន លី ខឹឈាំង ។ ការិយាល័យនាយករដ្ឋមន្ត្រីកាណាដាប្រកាសថា លោក ទ្រូដូ និយាយជាមួយលោក លី ជាលក្ខណៈផ្ទាល់ខ្លួនដើម្បីការដោះលែងជនជាតិកាណាដាដែលកំពុងជាប់ឃុំផង និងសុំការលើកលែងទោសឲ្យជនជាតិកាណាដាពីរនាក់ទៀតដែលរង់ចាំថ្ងៃស្លាប់នោះ។
ជុំវិញរឿងរកាំរកូសនេះ ទីក្រុងប៉េកាំងនិយាយថា កំហុសគ្រប់យ៉ាងបណ្ដាលមកពីកាណាដាផ្ទាល់។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៣ ខែមិថុនា អ្នកនាំពាក្យក្រសួងការបរទេសចិន Geng Shuang លើកឡើងថា ភាពខុសគ្នារវាងចិន និងកាណាដាដូចបច្ចុប្បន្ននេះ កើតឡើងដោយកាណាដាខ្លួនឯង ហើយការទទួលខុសត្រូវទាំងស្រុង ស្ថិតលើស្មាកាណាដាដែរ។ មន្ត្រីនាំពាក្យរូបនេះ បានផ្ដាំឲ្យកាណាដាដោះលែងមន្ត្រី Huawei ហើយធ្វើយ៉ាងណាឲ្យទំនាក់ទំនងទ្វេភាគីល្អដូចដើមវិញ៕
Tag:
កាណាដា
អាមេរិក
ចិន
ចាស្ទីន ទ្រូដូ
© រក្សាសិទ្ធិដោយ thmeythmey.com