លោកពូ​ទីន​៖ រុស្ស៊ី​មិន​លូកដៃ​ក្នុង​ជម្លោះ​ពាណិជ្ជ​ម្ម​ចិន​-​អាមេរិក​ទេ គ្រាន់តែ​គាំទ្រ​សម្ព័ន្ធមិត្ត​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកពូ​ទីន​៖ រុស្ស៊ី​មិន​លូកដៃ​ក្នុង​ជម្លោះ​ពាណិជ្ជ​ម្ម​ចិន​-​អាមេរិក​ទេ គ្រាន់តែ​គាំទ្រ​សម្ព័ន្ធមិត្ត​
15, Jun 2019 , 11:11 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង និងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នាជំនួបថ្ងៃទី៥ ខែមិថុនានៅវិមានក្រេមឡាំង។ រូបភាព Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង និងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នាជំនួបថ្ងៃទី៥ ខែមិថុនានៅវិមានក្រេមឡាំង។ រូបភាព Xinhua
ដោយ: ថ្មីៗ
ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បានប្រកាស​មិន​ជ្រៀត​ជ្រែកចូល​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ដែល​ធ្វើ​ឲ្យ​រញ្ជួយ​សាកលលោក​ទាំងមូល​ឡើយ​។ យ៉ាងណាមិញ ជា​មហាអំណាច​មួយ​ដែរនោះ និង​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​មួយ​របស់​ចិន លោក ពូ​ទីន ថា រុស្ស៊ី​ពិបាក​នឹង​ឈរ​នៅ​ចំ​កណ្ដាល​ណាស់​។ បើតាម​ប្រធានាធិបតី​រុស្ស៊ី ភាពល្អក់​កករ​ក្នុង​ទំនាក់ទំនង​រុស្ស៊ី និង​អាមេរិក​ក្នុងពេល​បច្ចុប្បន្ន ពិតជា​តម្រូវ​ឲ្យ​រុស្ស៊ី​ចាប់ដៃ​គូប្រជែង​របស់​អា​មេ​រិ​ក​។



​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​នៅតែ​បន្ត​ឆេះ​មិន​ដាច់​ផ្សេង ខណៈ​ការចរចា​ក៏​មិនទាន់បាន​ផល​អ្វី​ដែរ​។ ខណៈ​ទំនាស់​ផ្នែក​ពាណិជ្ជ​កម្មនេះ​ជា​រឿង​របស់​មហាអំណាច​ទីមួយ និង​ទី​ពី​រលើ​លោក​តែ​ពីរ​នាក់​នោះ ហើយ​មិន​ពាក់ព័ន្ធ​អ្វី​នឹង​រុស្ស៊ី​នោះ លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន លើកឡើងថា មូ​ស្គូ​មិនអាច​ប្រកាន់​ជំហរ​កណ្ដាល​បានទេ​។ 

​ក្នុង​កិច្ច​សម្ភាស​មួយ​មុន​ចាកចេញ​ទៅកាន់​ទឹកដី​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ដើម្បី​ចូលរួម​កិច្ចប្រជុំ​មេដឹកនាំ​ប្រទេស​សមាជិក​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ (SCO) លោក ពូ​ទីន និយាយថា អាមេរិក និង​ចិន​ទាស់​គ្នា​រឿង​ពាណិជ្ជកម្ម និង​បញ្ហា​ផ្សេងទៀត​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​។ លោក​ប្រាប់​ទូរទស្សន៍ Mir TV ថា ជា​រឿង​ធម្មតា​ទេ​ដែល​រុស្ស៊ី​គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​លូកលាន់​ដំណើរ​ការចរចា​នេះឡើយ​។ កិច្ចប្រជុំ SCO ចាប់ផ្ដើម​តាំងពី​ថ្ងៃទី​១៤ ខែមិថុនា​។​

​ទោះ​ប្រកាន់​ជំហរ​មិន​ចូល​ពាក់ព័ន្ធ​ក្ដី លោក ពូ​ទីន អះអាងថា មាន​ករណី​មួយ​ដែល​រុស្ស៊ី​មិនអាច​ឈរ​មើល​បានឡើយ​។ បើតាម​ទូរទស្សន៍​រុស្ស៊ី RT លោក ពូ​ទីន សង្កត់ធ្ងន់ថា​៖ «​ទីមួយ រុស្ស៊ី​មាន​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​ល្អ​មិន​ធ្លាប់មាន​ជាមួយ​ចិន​។ យើ​ជា​ដៃគូ​យុទ្ធសាស្ត្រ​លើ​គ្រប់​វិស័យ តែ​ជា​អកុសល យើង​មិនអាច​និយាយ​ដូចគ្នានេះ​សម្រាប់​ទំនាក់ទំនង​ជាមួយ​អាមេរិក​បានទេ ដ្បិត​អាមេរិក​បានធ្វើ​ឲ្យ​វា​កាន់តែ​អាក្រក់​ទៅៗ​។​»

​ដូចនេះ នៅ​កាលៈទេសៈ​បែបនេះ សមានចិត្ត​របស់​រុស្ស៊ី ក៏មាន​ជាមួយ​ដៃគូ​យុទ្ធសាស្ត្រ​របស់ខ្លួន​។ នេះ​ជាការ​បន្ថែម​របស់លោក ពូ​ទីន ដែល​ទើប​ទទួល​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​រុស្ស៊ី​ថ្មីៗ​នេះ​។​

​មកទល់​ខែមិថុនា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទីមួយ និង​ទី​ពីរ​នេះ មាន​អាយុ​ជិត​មួយឆ្នាំ​ហើយ ដោយមាន​ការដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ទៅមក​ខ្ទង់​៣០០​ពាន់​លាន​ដុល្លារ​ទៅហើយ​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​គំរាម​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ដែល​សេសសល់​ប្រមាណ​៣០០​ពាន់​លាន​ដុល្លារ​ទៀត ស្រប​ពេលដែល​ការចរចា​មិនបាន​ផល​។ ការចរចា​ទៀតសោត ក៏​មិន​ទៅមុខ ខណៈ​ភាគី​ទាំងពីរ​ចោទ​គ្នា​ទៅមក​ថា ធ្វើ​ឲ្យ​ការចរចា​ថយក្រោយ​៕



Tag:
 ​រុស្ស៊ី​
  ចិន​
  អាមេរិក​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com