លក់​នំប៉័ង​ប្រហិត នឿយហត់ តែ​អ្នកស្រី នៃ ស្រី​នាង អាច​ផ្ត​ត់​ផ្គង់​ការរៀនសូត្រ​កូន​២​នាក់​នៅ​ភ្នំពេញ​
ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
លក់​នំប៉័ង​ប្រហិត នឿយហត់ តែ​អ្នកស្រី នៃ ស្រី​នាង អាច​ផ្ត​ត់​ផ្គង់​ការរៀនសូត្រ​កូន​២​នាក់​នៅ​ភ្នំពេញ​
15, Jun 2019 , 7:59 pm        
រូបភាព
​កំពង់ចាម​៖ នៅក្រោយ​សាលា​ប៉ិ​វណ្ណា ក្នុង​ក្រុង​កំពង់ចាម មាន​ទីតាំង​លក់​នំប៉័ង​ប្រហិត​មួយកន្លែង ដែល​អាច​លក់បាន​ជិត ៥​រយ​ដើម​ក្នុង​មួយថ្ងៃ​។ ទីតាំង​លក់​នំប៉័ង​ប្រហិត​នោះ គឺជា​ទីតាំង​របស់​អ្នកស្រី នៃ ស្រី​នាង ដែលជា​អ្នកលក់​នំប៉័ង​ប្រហិត​ដ៏​ល្បី​ក្នុង​ក្រុង​កំពង់ចាម ដោយ​នំប៉័ង​ប្រហិត​មួយ​ដើម តម្លៃ​ត្រឹមតែ ១​ពាន់​រៀល​ប៉ុណ្ណោះ​។ រៀងរាល់ថ្ងៃ សិស្ស​និស្សិត និង​បុគ្គលិក​តាម​ស្ថា​ប័​ជាច្រើន តែង​មកឈរ​ចាំ​ទិញ​នំប៉័ង​ប្រហិត​ឥត​ដាច់​។ មូល​ហេតុដែល​អ្នកស្រី ស្រី​នាង លក់​នំប៉័ង​ប្រហិត​ដាច់ ដោយសារ​តែមាន​តម្លៃថោក​។

 
​នៅ​ម៉ោង​ប្រមាណ ៤ ទៅ ៥​ល្ងាច នៅ​ទីតាំង​ក្រោយ​សាលា​ប៉ិ​វណ្ណា នា​ខេត្តកំពង់ចាម មាន​មនុស្ស​ជាច្រើន កំពុង​ឈរ​ទិញ​នំប៉័ង​ប្រហិត​យ៉ាង​ស្អេកស្កះ​។ អ្នកស្រី នៃ ស្រី​នាង បាន​ប្រកប​របរ​លក់​នំប៉័ង​ប្រហិត​អស់​រយៈពេល​១០​ឆ្នាំ​មកហើយ​។ «​ជា​រៀងរាល់ថ្ងៃ ខ្ញុំ​ចាប់ផ្ដើម​បើក​តូប​លក់​ពី​ម៉ោង​៨ ព្រឹក​ដល់​ម៉ោង​៧​យប់​។ ក្នុង​១​ថ្ងៃ ខ្ញុំ​អាច​លក់​នំប៉័ង​ប្រហិត​អស់ពី​៤​រយ​ទៅ​៥​រយ​ដើម និង​រកចំណូលបាន​ពី ៣០ ទៅ ៤០​ម៉ឺន​រៀល​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី ស្រី​នាង​។​


 
​នំប៉័ង​ប្រហិត​មួយ​ដើម តម្លៃ​១​ពាន់​រៀល​នេះ មាន​ប្រហិត​ចំនួន ៥​គ្រាប់ លាយ​ត្រសក់ និង​ជី រួមទាំង​ទឹកសៀង​។ បើទោះបី​មានតម្លៃ​ថោក ប៉ុន្តែ​អ្នកស្រី ស្រី​នាង ធ្វើ​នំប៉័ង​ប្រហិត​ដោយមាន​អនាម័យ​ត្រឹមត្រូវ និង​រសជាតិ​ឆ្ងាញ់​។ អតិថិជន​ជាប្រចាំ​របស់​អ្នកស្រី ស្រី​នាង ភាគច្រើន​ជា​សិស្ស និស្សិត និង​បុគ្គលិក​តាម​ស្ថាប័ន​នានា ដែល​នៅ​ជិត​នោះ​។ 


 
​អ្នកស្រី នៃ ស្រី​នាង ប្រាប់ ThmeyThmey 25 ថា​៖ «​ក្នុង​មួយខែ អាច​ចំណេញ​បាន​ពី ៨​ទៅ ៩​ម៉ឺន​រៀល​។ ប្រាក់ចំណេញ​ពី​ការលក់​នំប៉័ង គឺ​យកទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ការសិក្សា​របស់​កូនៗ​២​នាក់ ដែល​រៀន​ថ្នាក់​បរិញ្ញាបត្រ​នៅ​ភ្នំពេញ​»​។ កូនប្រុស​ស្រី​របស់​អ្នកស្រី ស្រី​នាង ចំនួន ២​នាក់​បាន​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​រាជធានី​ភ្នំពេញ ដោយ​ម្នា​ក់រៀន​ផ្នែក​ច្បាប់ និង​ម្នាក់ទៀត​រៀនអក្សរ​សាស្ត្រ​អង់គ្លេស​នៅ​វិទ្យាស្ថាន​ភាសាបរទេស នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ 


 
​ទោះបី​របរ​នេះ រកចំណូលបាន​ច្រើន​ក៏ដោយ ក៏​ស្ត្រី​វ័យ ៤២​ឆ្នាំ​រូបនេះ មិន​ចង់​ឲ្យ​កូនៗ​បន្ត​របរ​លក់​នំប៉័ង​ប្រហិត​នេះដែរ​។ បើតាម​អ្នកស្រី ស្រី​នាង របរ​នេះ ហត់នឿយ​ខ្លាំងណាស់ ព្រោះ​អ្នកស្រី លក់​តែម្នាក់ឯង​។ អ្នកស្រី ស្រី​នាង មិនមាន​បំណង​បើកហាង​លក់​នំប៉័ង​ប្រហិត​ធំដុំ​អ្វី​នោះទេ ព្រោះ​ត្រឹម​តូប​តូច​មួយ​នេះ អ្នកស្រី លក់​មិនទាន់​ផង​។ សម្រាប់​អ្នកស្រី នៃ ស្រី​នាង នឹង​បន្ត​របរ​នេះ រហូតដល់​អស់កម្លាំង​លក់​លែងកើត ទើប​អ្នកស្រី​បញ្ឈប់​របរ​នេះ​៕
 



Tag:
 នំប៉័ង​ប្រហិត​
 ​មុខរបរ​
 ​កំពង់ចាម​
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com