ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
លក់នំប៉័ងប្រហិត នឿយហត់ តែអ្នកស្រី នៃ ស្រីនាង អាចផ្តត់ផ្គង់ការរៀនសូត្រកូន២នាក់នៅភ្នំពេញ
× កំពង់ចាម៖ នៅក្រោយសាលាប៉ិវណ្ណា ក្នុងក្រុងកំពង់ចាម មានទីតាំងលក់នំប៉័ងប្រហិតមួយកន្លែង ដែលអាចលក់បានជិត ៥រយដើមក្នុងមួយថ្ងៃ។ ទីតាំងលក់នំប៉័ងប្រហិតនោះ គឺជាទីតាំងរបស់អ្នកស្រី នៃ ស្រីនាង ដែលជាអ្នកលក់នំប៉័ងប្រហិតដ៏ល្បីក្នុងក្រុងកំពង់ចាម ដោយនំប៉័ងប្រហិតមួយដើម តម្លៃត្រឹមតែ ១ពាន់រៀលប៉ុណ្ណោះ។ រៀងរាល់ថ្ងៃ សិស្សនិស្សិត និងបុគ្គលិកតាមស្ថាប័ជាច្រើន តែងមកឈរចាំទិញនំប៉័ងប្រហិតឥតដាច់។ មូលហេតុដែលអ្នកស្រី ស្រីនាង លក់នំប៉័ងប្រហិតដាច់ ដោយសារតែមានតម្លៃថោក។
នៅម៉ោងប្រមាណ ៤ ទៅ ៥ល្ងាច នៅទីតាំងក្រោយសាលាប៉ិវណ្ណា នាខេត្តកំពង់ចាម មានមនុស្សជាច្រើន កំពុងឈរទិញនំប៉័ងប្រហិតយ៉ាងស្អេកស្កះ។ អ្នកស្រី នៃ ស្រីនាង បានប្រកបរបរលក់នំប៉័ងប្រហិតអស់រយៈពេល១០ឆ្នាំមកហើយ។ «ជារៀងរាល់ថ្ងៃ ខ្ញុំចាប់ផ្ដើមបើកតូបលក់ពីម៉ោង៨ ព្រឹកដល់ម៉ោង៧យប់។ ក្នុង១ថ្ងៃ ខ្ញុំអាចលក់នំប៉័ងប្រហិតអស់ពី៤រយទៅ៥រយដើម និងរកចំណូលបានពី ៣០ ទៅ ៤០ម៉ឺនរៀល»។ នេះជាការបញ្ជាក់របស់អ្នកស្រី ស្រីនាង។
នំប៉័ងប្រហិតមួយដើម តម្លៃ១ពាន់រៀលនេះ មានប្រហិតចំនួន ៥គ្រាប់ លាយត្រសក់ និងជី រួមទាំងទឹកសៀង។ បើទោះបីមានតម្លៃថោក ប៉ុន្តែអ្នកស្រី ស្រីនាង ធ្វើនំប៉័ងប្រហិតដោយមានអនាម័យត្រឹមត្រូវ និងរសជាតិឆ្ងាញ់។ អតិថិជនជាប្រចាំរបស់អ្នកស្រី ស្រីនាង ភាគច្រើនជាសិស្ស និស្សិត និងបុគ្គលិកតាមស្ថាប័ននានា ដែលនៅជិតនោះ។
អ្នកស្រី នៃ ស្រីនាង ប្រាប់ ThmeyThmey 25 ថា៖ «ក្នុងមួយខែ អាចចំណេញបានពី ៨ទៅ ៩ម៉ឺនរៀល។ ប្រាក់ចំណេញពីការលក់នំប៉័ង គឺយកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ និងការសិក្សារបស់កូនៗ២នាក់ ដែលរៀនថ្នាក់បរិញ្ញាបត្រនៅភ្នំពេញ»។ កូនប្រុសស្រីរបស់អ្នកស្រី ស្រីនាង ចំនួន ២នាក់បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅរាជធានីភ្នំពេញ ដោយម្នាក់រៀនផ្នែកច្បាប់ និងម្នាក់ទៀតរៀនអក្សរសាស្ត្រអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ទោះបីរបរនេះ រកចំណូលបានច្រើនក៏ដោយ ក៏ស្ត្រីវ័យ ៤២ឆ្នាំរូបនេះ មិនចង់ឲ្យកូនៗបន្តរបរលក់នំប៉័ងប្រហិតនេះដែរ។ បើតាមអ្នកស្រី ស្រីនាង របរនេះ ហត់នឿយខ្លាំងណាស់ ព្រោះអ្នកស្រី លក់តែម្នាក់ឯង។ អ្នកស្រី ស្រីនាង មិនមានបំណងបើកហាងលក់នំប៉័ងប្រហិតធំដុំអ្វីនោះទេ ព្រោះត្រឹមតូបតូចមួយនេះ អ្នកស្រី លក់មិនទាន់ផង។ សម្រាប់អ្នកស្រី នៃ ស្រីនាង នឹងបន្តរបរនេះ រហូតដល់អស់កម្លាំងលក់លែងកើត ទើបអ្នកស្រីបញ្ឈប់របរនេះ៕
Tag:
នំប៉័ងប្រហិត
មុខរបរ
កំពង់ចាម
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com