ហុងកុង ប្រកាស​ព្យួរ​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ដ៏​ចម្រូងចម្រាស ក្រោយ​បាតុកម្ម​ផ្ទួនៗ​
អន្តរជាតិ
ហុងកុង ប្រកាស​ព្យួរ​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ដ៏​ចម្រូងចម្រាស ក្រោយ​បាតុកម្ម​ផ្ទួនៗ​
15, Jun 2019 , 3:59 pm        
រូបភាព
ប្រមុខរដ្ឋាភិបាលហុងកុង Carrie Lam ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៥ ខែមិថុនា។ រូបភាព AFP
ប្រមុខរដ្ឋាភិបាលហុងកុង Carrie Lam ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៥ ខែមិថុនា។ រូបភាព AFP
​រដ្ឋាភិបាល​ហុងកុង នៅ​ថ្ងៃទី​១៥ ខែមិថុនា បានប្រកាស​ផ្អាក​សំណើ​ច្បាប់​ដែល​បើកផ្លូវ​ដល់​ការធ្វើ​បត្យាប័ន​ជាមួយ​ចិន​ដោយ​គ្មាន​ការកំណត់​។ ប្រមុខ​រដ្ឋាភិបាល​ហុង​កុង Carrie Lam បានប្រកាស​ផ្អាក​ការជជែក​លើ​សំណើ​ច្បាប់​នេះ ក្រោយ​ពលរដ្ឋ​ហុងកុង​ក្មេង​ចាស់​ធ្វើបាតុកម្ម​ប្រឆាំង​ផ្ទួនៗ​។ ប៉ុន្តែ​លោកស្រី Lam អះអាងថា ការសម្រេចចិត្ត​នេះ​មិន​ពាក់ព័ន្ធ​ការធ្វើ​បាតុកម្ម​ឡើយ តែ​វា​ជាការ​ស្ដារ​ភាពស្ងប់ស្ងាត់​ក្នុង​ទីក្រុង​ឡើងវិញ​ប៉ុណ្ណោះ​។​

 
​បាតុកម្ម​ផ្ទួនៗ​របស់​ពលរដ្ឋ​ហុងកុង​ដែលមាន​អ្នករបួស​ជិត​មួយរយ​នាក់​នោះ ទទួលបាន​ផល​ហើយ​។ នៅ​ថ្ងៃទី​១៥ ខែមិថុនា​នេះ ប្រធាន​ប្រតិបត្តិ​តំបន់​ស្វយ័ត​ហុងកុង Carrie Lam បានធ្វើ​សន្និសីទ​ព័ត៌មាន​មួយ ដោយ​ប្រកាស​ផ្អាក​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ប្រទេស​នានា​រាប់ទាំង​ចិន​ផង​។ 
 
«​រដ្ឋាភិបាល បានសម្រេច​ចិត្ត​ព្យួរ​សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់ ចាប់ផ្ដើម​ទំនាក់ទំនង​ជាមួយ​គ្រប់ភាគី​ក្នុងសង្គម បន្ត​ធ្វើការ និង​ស្ដាប់​មតិ​នានា​ពី​មជ្ឈដ្ឋាន​ទាំងឡាយ​។​» នេះ​ជាការ​លើកឡើង​របស់លោក​ស្រី Lam ចំពោះមុខ​អ្នកសារព័ត៌មាន​ជាច្រើន​។ លោកស្រី​បន្តថា រដ្ឋាភិបាល ក៏​គ្មាន​បំណង​កំណត់​ពេលវេលា​ដើម្បី​ជជែក​ពី​សេចក្ដីស្នើច្បាប់​នេះហើយ និង​សន្យា​ពិភាក្សា​ជាមួយ​សមាជិកសភា​ហុងកុង​បន្ថែមទៀត មុននឹង​សម្រេចចិត្ត​ជំហាន​បន្ទាប់​។​
 
​សេចក្ដីស្នើច្បាប់​ដ៏​ចម្រូងចម្រាស​ដែល​បើកផ្លូវ​ឲ្យ​មាន​បញ្ជូន​ជនសង្ស័យ​ទៅ​កាត់ក្ដី​នៅ​ចិនដីគោក ធ្វើ​ឲ្យ​ទីក្រុង​ហិរញ្ញវត្ថុ​មួយ​នេះ​រង្គើ​យ៉ាងខ្លាំង​។ បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ចំនួន​ពីរ បាន​រៀបចំឡើង​ដោយមាន​មនុស្ស​ចូលរួម​រាប់ម៉ឺន​នាក់ ដែល​នេះ​ព្រឹ​ត្ត​ការណ៍​ដ៏​ញាប់​ញ័រ​ក្នុង​នយោបាយ​ហុងកុង ជា​ទឹកដី​ចិន​តែមួយគត់​ដែល​ការប្រមូល​ត្រូវបាន​អនុញ្ញាត​។ អ្នករៀបចំ មាន​គម្រោង​ប្រមូលផ្ដុំ​ម្ដងទៀត​នៅ​ថ្ងៃទី​១៦ ខែមិថុនា​ស្អែក​នេះ​។​
 
​យ៉ាងណាមិញ លោកស្រី Lam អះអាងថា ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​មិនមែន​ដោយសារ​ការធ្វើ​បាតុកម្ម​ឡើយ​។ បើតាម​កាសែត​ហុងកុង South China Morning Post មេដឹកនាំ​រូបនេះ​បញ្ជាក់ថា គ្មាន​ការទាក់ទង​គ្នា​រវាង​ការផ្អាក​នេះ និង​គម្រោង​ធ្វើបាតុកម្ម​ឡើយ ប៉ុន្តែ​លោកស្រី​ចង់​រក្សា​ស្ថិរភាព​ប៉ុណ្ណោះ​។ តប​នឹង​សំណួរ​ថា ហេតុអ្វី​ត្រូវការ​ពេល​យូរ​ដើម្បី​សម្រេចចិត្ត​ផ្អាក លោកស្រី Lam ឆ្លើយថា រដ្ឋាភិបាល​មិនអាច​សម្រេចចិត្ត​ភ្លាមៗ រាល់ពេល​មានមតិ​ប្រឆាំង​ឡើយ​។​
 
​ជុំវិញ​ទំនាក់ទំនង​ជាមួយ​ប៉េកាំង​លើ​បញ្ហា​នេះ លោកស្រី Lam ពន្យល់ថា លោកស្រី​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ប៉េកាំង​ផង និង​ហុងកុង​ផង ហើយ​សកម្មភាព​គ្រប់យ៉ាង​ត្រូវតែ​ស្របច្បាប់​។ លោកស្រី​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត​ថា​៖ «​ទោះបីជា​ចៅហ្វាយនាយ​របស់​អ្នក ដែល​បើក​ប្រាក់ខែ​ឲ្យ​អ្នក ប្រាប់​ឲ្យ​អ្នកធ្វើការ​ខុសច្បាប់ អ្នក​ក៏​មិនត្រូវ​ធ្វើតាម​ដែរ​៕»

Tag:
 ហុងកុង​
  ចិន​
  Carrie Lam
© រក្សាសិទ្ធិដោយ thmeythmey.com