ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក រី គួ​ក​៖ ខ្ញុំ​ជួយ​សម្រួល​ចរាចរណ៍ មិន​ចង់បាន​អ្វី​ទេ គ្រាន់តែ​ចង់​ឲ្យ​បងប្អូន​ជិះ​ស្រួល​
17, Jun 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ លោក រី គួ​ក គឺជា​សន្តិសុខ​ធ្វើការ​នៅក្នុង​ហាង​នំប៉័ង​មួយកន្លែង​នៅតាម​បណ្ដោយ​ផ្លូវ​២៧១​។ លោក​បាន​ព្យាយាម​យក​ម៉ោង​ការងារ​ទៅ​សម្រួល​ចរាចរណ៍ ព្រោះតែ​ការកកស្ទះ​ខ្លាំងពេក​។ ថៅកែ​ហាង​នំប៉័ង​ដែល​លោក គួ​ក ធ្វើការ សប្បាយចិត្ត​ពេល​ឃើញ​សកម្មភាព​នេះ​។ តែ​ទោះជា​យ៉ាងណា​ក៏មាន​អ្នកដំណើរ​ខ្លះ​មិនសូវ​ពេញចិត្ត​នឹង​ទង្វើ​របស់លោក ព្រមទាំង​មិន​ស្ដាប់​លោក​ពេល​សម្រួល​ចរាចរ​ដែរ​។​

-
 
​ដើម្បី​ជ្រាប​ច្បាស់​ថា​តើ​ការងារ​ស្ម័គ្រចិត្ត​ដែល​លោក រី គួ​ក កំពុងតែ​ធ្វើ​នេះ​មាន​ផល​លំបាក​យ៉ាងណា ហើយ​អ្នកដំណើរ​មាន​យោបល់​ដូចម្ដេចខ្លះ​ជុំវិញ​បញ្ហា​នេះ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖


 
 
​នៅតាម​បណ្តោយ​ផ្លូវ​២៧១ ជិត​ធនាគារ ANZ Royal ដែល​នៅ​ខាងត្បូង​វត្ត​សន្សំ​កុសល​ប្រមាណ​ជា​៣០០​ម៉ែត្រ មាន​ចំណុច​ឆ្លង​ទ្រូងផ្លូវ​មួយកន្លែង​។ កាន់តែ​នៅ​ជិត​ចំណុច​ឆ្លង​ទ្រូងផ្លូវ​នេះ​ទៅទៀត​នោះ គឺ​ហាង​នំ​បាំង​ភ្នំពេញ​។ នៅទីនេះ​មិនមាន​ភ្លើង​បញ្ជា​ចរាចរ​ឡើយ​។ 
 
​បើ​គេ​ធ្វើដំណើរ​កាត់​ចំណុច​ឆ្លង​ទ្រូងផ្លូវ​នៅ​ម្ដំ​វត្ត​សន្សំ​កុសល​នេះ នៅ​ម៉ោង​ប្រមាណ​ជា​៧​ព្រឹក រហូតដល់​ម៉ោងជាង​៨​ព្រឹក នោះគេ​នឹង​ឃើញ​បុរស​វ័យ​ប្រមាណ​ជាង​៤០​ឆ្នាំ​ម្នាក់ មាត់​មាន​កញ្ចែ​ផ្លុំ ដៃ​កាន់ដំបង​បញ្ជា​ចរាចរណ៍ ក្នុង​ឈុត​ពណ៌​សាច់ ដែលមាន​អៀម​ពណ៌​ត្រួយ​ចេក​ខ្ចី នៅ​ពី​ក្រៅ​ផង​នោះ កំពុង​ឈរ​បញ្ជា​ចរាចរ​ជាមិនខាន​។ នេះ​ជាការ​បញ្ជាក់​របស់លោក រី គួ​ក ៖«​ខ្ញុំ​ឃើញ​ស្ទះ​ពេក ខ្ញុំ​មកជួយ​សម្រួល​ចរាចរ​ដើម្បីឱ្យ​អ្នកដំណើរ គាត់​ធ្វើដំណើរ​បាន​ស្រួល​។ ខ្ញុំ​មិន​ចង់បាន​លុយ​ទេ​។ ម៉ោង​៧​ទៅ​ម៉ោង​៨​ស្ទះ​ខ្លាំងជាងគេ​ហើយ​»​។


 
​លោក រី គួ​ក ជា​សន្តិសុខ​ក្នុង​ហាង​នំប៉័ង ដែល​នៅក្បែរនោះ បាន​និយាយថា ដោយសារតែ​ចរាចរណ៍​នៅទីនេះ​មានការ​កកស្ទះ​ខ្លាំងពេក ទើប​លោក​ទៅ​ជួយ​សម្រួល​ដល់​អ្នកដំណើ​រ​។ លោក​អះអាងថា ម្ចាស់​ហាង​មិនបាន​ហាមឃាត់​លោក​ឡើយ តែ​បែរជា​ពេញ​ចិត្តនឹង​អ្វីដែល​លោក​ធ្វើ​ទៅវិញ​។ លោក​បន្ថែម​៖«​ម្ចាស់​ហាង​គាត់​ឃើញ​ខ្ញុំ​មក​សម្រួល​ចរាចរ​គាត់​សប្បាយចិត្ត​ទៅវិញ​ទេ ហើយ​ពលរដ្ឋ​ក៏​គាត់​សប្បាយចិត្ត​ដែរ​។ នៅមុខ​ហាង​នំប៉ាំង​ក៏​ស្ទះ ដូច្នេះ​មិនមាន​អ្នកណា​ចូល​ទិញ​នំ​ទេ​។ ពេល​ខ្ញុំ​សម្រួល​ចរាចរ​ទៅ គេ​ក៏​ចូល​ទិញ​នំប៉័ង​បាន​ស្រួល​ដែរ​»​។ 
 
​ស្ត្រី​ដែលជា​ម្ចាស់​ហាង​នំប៉័ង​ដែល​លោក គួ​ក ធ្វើការ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ថា​នេះ​ជា​ទម្លាប់​ច្រើន​ឆ្នាំ​របស់លោក រី គួ​ក ទៅហើយ ក្នុង​ការជួយ​សម្រួល​ចរាចរ​នេះ​។  ស្ត្រី​សម្បុរ​សរ​វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ​រូបនេះ ថា​ការដែល​លោក គួ​ក ទៅ​សម្រួល​ចរាចរ​មិនបាន​ប៉ះពាល់​ដល់​ការងារ​ដែល​លោក​ធ្វើ​ក្នុង​ហាង​ឡើយ​។ ឈរ​នៅ​ជិត​កន្លែង​គិត​ប្រាក់ ស្ត្រី​ម្ចាស់​ហាង​បញ្ជាក់​ដោយ​មើលទៅ​លោក គួ​ក ៖«​គាត់​ជួយ​សម្រួល​ចរាចរ​នេះ​មិនមាន​ប៉ះពាល់​អ្វី​ទេ ដោយសារ​ផ្លូវ​នេះ​វា​ស្ទះ​។ ហើយ​នៅ​ហាង​ក៏​មិនសូវមាន​ឡាន​ម៉ូតូ​ស្ទះ​ដែរ​។ ម្យ៉ាង​គាត់​ធ្វើបែបនេះ​យូរ​ឆ្នាំ​មកហើយ​»​។


 
​ចំណែក​កញ្ញា ឆេង សុដាវី​ន ជា​អ្នកដំណើរ​មួយរូប បាន​សង្កេតឃើញ​ជា​ញឹកញយ ថា​មាន​ប្រជាជន​ធម្មតា​ដែល​មិនមាន​តួនាទី​អ្វី​ក្នុង​ការងារ​ទាំងនោះ ស្ម័គ្រចិត្ត​ជួយ​ការងារ​សង្គម​បែបនេះ​។ ជាមួយគ្នានេះដែរ​នារី​វ័យ​២១​ឆ្នាំ​រូបនេះ សម្គាល់​ឃើញ​អ្នកដំណើរ​មិន​គោរព​ច្បាប់​ចរាចរ​ព្រោះតែ​ការធ្វើ​តាម​គ្នា​។ កញ្ញា​ប្រាប់​ពីអ្វី​ដែល​ខ្លួន​បាន​មើលឃើញ​ដូច្នេះ ៖«​តាមផ្លូវ​នៅពេលដែល​ខ្ញុំ​ធ្វើដំណើរ​ភាគច្រើន​កន្លែង​ខ្លះ​មានការ​កកស្ទះ​ខ្លាំង​។ មាន​ប្រជាជន​មួយចំនួន​នៅពេលដែល​ឃើញ​ស្ទះ​បែបនេះ គាត់​ឈប់​ម៉ូតូ ដើម្បី​ជួយ​សម្រួល​ចរាចរ​។ ស្ទះ​ភាគច្រើន​ដោយសារតែ​ជិះ​បញ្ច្រាស​។ ផ្លូវ​ដែលមាន​ទៅ​និង​មក តែ​បែរជា​មានតែ​មក​ទេ​។ ខ្ញុំ​ឃើញបែបនេះ​ភាគច្រើន​»​។


 
​និស្សិត​រៀន​ផ្នែក​ច្បាប់​រូបនេះ បាន​មើលឃើញ​ពី​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន ចំពោះ​ការងារ​ស្ម័គ្រចិត្ត​ជួយ​សង្គម​របស់​ប្រជាជន​ធម្មតា ទៅលើ​បញ្ហា​ចរាចរ​នេះ កញ្ញា បញ្ជាក់​ដូច្នេះ ៖«​វា​មាន​ចំណុច​ល្អ ហើយ​ក៏មាន​ចំណុច​ប៉ះពាល់​ដែរ​។ ខ្ញុំ​គិតថា ប្រហែលជា​គាត់​គិតថា​ប្រសិនបើ​គាត់​មិន​ចុះទៅ​សម្រួល​ចរាចរ​ទេ ប្រហែល​មិនមាន​អ្នកណា​ចុះ​ទេ ហើយ​វា​នៅតែ​ស្ទះ​បែបនេះ​រហូត​។ តែ​ពេលខ្លះ​ក៏​អ្នកដំណើរ​មិន​ស្ដាប់​គាត់​ទាំងអស់​ដែរ​។ ខ្ញុំ​គិតថា​ដោយសារ​មិនមែនជា​តួនាទី​របស់គាត់ ពេលខ្លះ​គាត់​មិនដឹងថា ពេលនេះ​អ្នកណា​មាន​អតិ​ភាព ហើយ​អ្នកណា​មិនមាន​អតិ​ភាព គឺ​គាត់​ដឹង​តែ​ឃើញ​ស្ទះ​ក៏​ឱ្យទៅ​សិន​។ នេះហើយ​ជា​ចំណុច​ដែល​គេ​មិនសូវ​ស្ដាប់​គាត់​»​។ 
 
​ដូច​ទៅនឹង​អ្វីដែល សុដាវី​ន បាន​មើលឃើញ​ដែរ លោក រី គួ​ក ទទួលស្គាល់ថា អ្នកដំណើរ​មួយចំនួន​តូច​មិន​ពេញ​ចិត្តនឹង​អ្វីដែល​លោក​ធ្វើ​ឡើយ​។ ត្រូវ​រត់​ពី​ផ្លូវធំ ចុះទៅ​ផ្លូវ​តូច​ដែល​នៅក្បែរនោះ​ដើម្បី​សម្រួល​ចរាចរ ប្រសិនបើ​មានការ​កកស្ទះ​ខ្លាំង ហើយ​ត្រូវ​រត់​មក​ផ្លូវ​២៧១​ដែលជា​ផ្លូវធំ​វិញ អ្នក​ជួយ​ការងារ​សង្គម​ដែល​ស្នាក់នៅ​ចាក់អង្រែ​ក្រោម​រូបនេះ មិនដែល​ហ៊ាន​ត​តបសំដី​ទៅ​អ្នកធ្វើដំណើរ​វិញ​ឡើយ បើទោះបីជា​ពួកគេ​ប្រើ​សម្ដី​យ៉ាងណា​មកកាន់​លោក​ក៏ដោយ​។​
 
​លោក គួ​ក បញ្ជាក់​ស្របពេល​ចរាចរ​មិនសូវ​មមាញឹក​៖ «​មាន​អ្នកខ្លះ​ស្ដាប់​ហើយ​អ្នកខ្លះ​ទៀត​មិន​ស្ដាប់​ទេ​។ គេ​ស្ដីឱ្យ​ខ្ញុំ​ថា​ធ្វើចរាចរ​យូរៗ​ម្ល៉េះ​។ តែ​ខ្ញុំ​មិន​ហ៊ាន​ស្ដី​ឱ្យគេ​វិញ​ទេ​»​។ 
 
​ទោះជា​មាន​អ្នក​មិន​ពេញចិត្ត តែ​ក៏មាន​អ្នកដំណើរ​ភាគច្រើន​បាន​សរសើរ​ពី​ការងារ​ជួយ​សង្គម​របស់លោក​ដែរ​។ ស្ត្រី​ម្ចាស់​ហាង​រូប​ស្រស់ ដែល​តែងតែ​បើក​ប្រាក់ខែ​ឱ្យ​សន្តិសុខ​របស់ខ្លួន​ពេញ​ថ្លៃ​រាល់​ខែ​រូបនេះ កោតសរសើរ​ពី​សណ្ដាន​ចិត្ត​របស់​បុគ្គលិក​របស់​ខ្លួន ៖«​សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា​គាត់​ជាម​នុស្ស​ល្អ​ដែល​អាចជួយ​សង្គម​បាន​ដោយ​មិន​គិតពី​ផលប្រយោជន៍​។ សូម្បីតែ​ទូរស័ព្ទ​ប្រើ​ក៏​គាត់​មិនមាន គឺ​គាត់​ធ្វើ​ចេញពី​ចិត្ត​មែន​»​។​
 
​ប៉ុន្តែ​កញ្ញា សុដាវី​ន វិញ យល់ថា​ការ​មានចិត្ត​ជួយ​សង្គម​ក្នុងការ​ធ្វើចរាចរ​នេះ ជា​រឿង​ល្អ តែ​ពួកគេ​គួរតែ​ព្យាយាម​ទាក់ទង​ទៅ​អាជ្ញាធរ​ក្នុង​តំបន់​ដែលមាន​ការកកស្ទះ​នោះ ជាការ​ប្រសើរ​ជាង ព្រោះ​មន្ត្រី​ដែលមាន​ជំនាញ នឹង​ធ្វើការ​បានល្អ​ជាង​ប្រជាជន​ធម្មតា​។ ដា​រី​ន បញ្ចេញ​ទស្សនៈ​របស់ខ្លួន​ដូច្នេះ ៖«​យក​ល្អ​ប្រជាពលរដ្ឋ​ធម្មតា គួរតែ​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅក្នុង​តំបន់​នោះ រាយការណ៍​ពី​បញ្ហា​ស្ទះ​។ ព្រោះថា​គាត់​អាចធ្វើ​ការ​នេះ​បានល្អ​ជាង​យើង​»​។​
 
​ជួយ​សម្រួល​ចរាចរ​រៀងរាល់​ព្រឹក​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ អស់​រយៈពេល​ប្រមាណ​ជិត​១០​ឆ្នាំ​មកហើយ​នោះ លោក រី គួ​ក ដែលមាន​សម្ដី​មិនសូវ​ច្បាស់ និង​មាន​សម្បុរ​ស្រអែម​រូបនេះ ថា​អ្នកដំណើរ​មួយចំនួន​មិនបាន​គោរព​ច្បាប់​ចរាចរ​ឡើយ  ដែលជា​ហេតុ​នាំឱ្យមាន​គ្រោះថ្នាក់​ចរាចរ​ជា​ញឹកញាប់​។ នេះ​ជាការ​មើលឃើញ​របស់លោក គួ​ក ៖«​អ្នកបើកបរ​ឥឡូវ​មិន​គោរព​ច្បាប់​ទេ បើក​មិនដឹង​ទិស​ទេ​។ អ្នកខ្លះ​បើក​បញ្ច្រាស អ្នកខ្លះ​បើក​ឆ្លងផ្លូវ​មិន​មើល​គេ​ទេ ហើយ​អ្នក​ខ្លះទៀត​បត់​មិន​ស៊ីញ៉ូ​ទៀត​។ គ្រោះថ្នាក់​ចរាចរ​ឥឡូវនេះ ខ្លាំង​ជាង​ជំងឺអេដស៍​ទៅទៀត​។​ឡាន​បើក​លឿនៗ​ណាស់ ហើយ​ឧស្សាហ៍​មាន​គ្រោះថ្នាក់​ណាស់ ដល់​តែ​ចឹ​ងរ​ករឿង​គ្នា​ហើយ​»​។​
 
​សម្រាប់​កញ្ញា សុដាវី​ន ដែលជា​និស្សិត​ផ្នែក​ច្បាប់​មួយរូប​នោះ បាន​ទទូច​ដល់​អ្នកដំណើរ​បែបនេះ ៖«​សម្រាប់​អ្នកបញ្ជា​យានយន្ត​គ្រប់​ប្រភេទ ត្រូវគោរព​តាមច្បាប់​ចរាចរ​ដែល​កំណត់​។ ផ្លូវ​ម៉ូតូ​គឺ​សម្រាប់តែ​ម៉ូតូ ហើយ​ផ្លូវ​ឡាន​គឺ​សម្រាប់តែ​ឡាន​ទេ​។ ត្រូវ​ចេះ​គោរព​ចំពោះ​ផ្លូវ​ដែលមាន​អតិ​ភាព និង​គោរព​ភ្លើង​បញ្ជា​ចរាចរ​។ សម្រាប់​ខ្ញុំ​ប៉ុណ្ណេះ​គឺ​គ្រប់គ្រាន់​»៕
 
 

Tag:
 ចរាចរ​
  សន្តិសុខ​
  រី គួ​ក​
  សង្គម​
 
© រក្សាសិទ្ធិដោយ thmeythmey.com