ONE Championship
កីឡាជាតិ
ជាតិ
CTT សហការ​ជាមួយ​អង្គការ Tiny Toones ដើម្បី​អង្គាសប្រាក់​ជួយ​សិស្ស​ក្រីក្រ និង​ផ្សារភ្ជាប់ MMA
18, Jun 2019 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​ក្លិប​ប្រដាល់ Cambodian Top Team ឬ CTT បាន​ចូលរួម​សហការ​ជាមួយនឹង​អង្គការ Tiny Toones ដើម្បី​បង្កើត​កម្មវិធី​​សប្បុរសធម៌​មួយដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​កុមារ​ក្រីក្រ​ដែលមាន​ជីវភាព​ខ្វះខាត​ក្នុងការ​សិក្សា​ឲ្យ​ទទួលបាន​ឱកាស​សិក្សា​ដូច​កុមារ​ផ្សេងៗ​ទៀត និង ជាការ​ផ្សព្វផ្សាយ​ក្បាច់គុន​ចម្រុះ MMA ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​។ កម្មវិធី​នេះ​បានរៀបចំ​ឡើង​នៅ​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅ​នៅ​ក្លិប  CTT។​

 
​គ្រូបង្វឹក ហ៊ុន ច័ន្ទ​រាជ្យ បាន​ថ្លែង​បែបនេះ​៖«​នេះ​ជាការ​រួមចំណែក​មួ​យស​ម្រា​ប់​ក្មេងៗ​ក្រីក្រ​នៅ​អង្គការ Tiny Toones ហើយ មួយវិញទៀត​វា​ជាការ​ផ្សព្វផ្សាយ​មួយ​អំពី​ក្បាច់គុន MMA ផងដែរ ព្រោះ​ក្មេងៗ​ទាំង​បានមក​ហ្វឹកហាត់​ក្បាច់គុន​ចម្រុះ​ជាមួយ​ពួកយើង​ច្រើនដង​នាពេល​កន្លងមក​។ ការរៀបចំ​កម្មវិធី​រៃអង្គាស​នេះ​មិនមែន​ត្រឹម​ម្ដងនេះ យើង​បានធ្វើ​ច្រើនដង​កន្លងមកហើយ និង​បន្តធ្វើ​វា​ទៀត​ក្នុង​បុព្វហេតុ​ជួយ​កុមារ​ក្រ​ខ្សត្រ​»​។ 


 
​កម្មវិធី​រៃអង្គាស​ថវិកា​ដែល​ចាប់ផ្ដើម​ពី ម៉ោង ៣ រសៀល​ដល់​ម៉ោង ១០ យប់​ថ្ងៃ​កាល​ថ្ងៃទី ១២ មិថុនា នោះ​មាន​កម្មវិធី​ជាច្រើន​ដូចជា​ការសម្ដែង​សិល្បៈ​ពី​ប្អូន​កុមារ ការប្រលង​ចម្រៀង​រ៉េ​ប​បែប Free Style (​រ៉េ​ប​ភ្លាមៗ​មិន​រៀបចំ​ទុក​)  ការ​ច្រើន​ពី​តារាចម្រៀង​កិត្តិយស ការលក់​អាវ​អនុស្សាវរីយ៍​ពី​អង្គការ និង ជាពិសេស​មានការ​បង្ហាញ​ក្បាច់​រាំ Break Dance របស់​កុមារ​តូចៗ​មកពី​អង្គការ Tiny Toones  ទៀតផង​។ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​រូបនេះ​សង្កត់ធ្ងន់ថា ៖«​ថវិកា​ដែល​បាន​នេះ​យើង​អត់​បាន​រាប់​ទេ​បង ប៉ុន្តែ​មើល​ក្រែល​ដែរ ព្រោះ​គេ​រៃ​ដាក់​ធុង​ហើយក៏​យកទៅ​អង្គការ​តែម្ដង​។ ក្រុមការងារ​របស់ខ្ញុំ និង ខ្ញុំ​ផ្ទាល់​ក៏បាន​ទាក់ទង​សប្បុរសជន​នានា​ឲ្យ​ជួយ​ច្រើន​ដែរ ហើយ គេ​ប្រគល់​ឲ្យ​អង្គការ Tiny Toones នៅ​ច្បារអំពៅ​ផ្ទាល់ៗ​តែម្ដងៗ​មិន​ឆ្លងកាត់​ខ្ញុំ​នោះទេ​។ កុមារ​តូចៗ​អាយុ​ចន្លោះ​ពី ៤ ទៅ ១៦ ឆ្នាំ មក​ចូលរួម​យ៉ាងច្រើន​កុះករ​»​។​


 
​ក្មេង​តូចៗ របស់​អង្គការ​ខាងលើ​តែងតែ​ទទួលបាន​ការហ្វឹកហាត់ និង ស្វែងយល់​អំពី​គុន​ចម្រុះ​ពី​ក្រុម​គ្រូបង្វឹក​នៅ CTT និង លោក ហ៊ុន ច័ន្ទ​រាជ្យ ដោយ​ឥតគិតថ្លៃ​ជារឿយៗ អាស្រ័យ​លើ​ការរៀបចំ​កម្មវិធី​ហ្វឹកហាត់​របស់​ក្លិប​។ នេះ​ជា​សកម្មភាព​សប្បុរសធម៌ ប៉ុន្តែ វា​ជា​ឱកាស​ផ្សព្វផ្សាយ​ដល់​ក្មេង​ឲ្យ​យល់​ក្បាច់គុន​ចម្រុះ និង​បណ្ដុះ​ស្មារតី​ឲ្យ​ស្រលាញ់​ក្បាច់គុន​ដើម្បី​សុខភាព​ដែរ​។
 
​ក្លិប CTT តែងតែ​ផ្សារភ្ជាប់​ទៅនឹង​ការងារ​សប្បុរសធម៌​ជាច្រើន​នាពេល​កន្លងមក មិន​ត្រឹមតែ​អង្គ​ការជួយ​កុមារកំព្រា ឬ កុមារ​ក្រីក្រ​ប៉ុន្តែ ក៏​ជួយ​ដល់​អង្គ​ស្ត្រី​មួយចំនួន​ដែល​រង​អំពើហិង្សា និង រង​ការបំពាន​ផ្លូវភេទ​ផងដែរ ហើយ ក្លិប​ក៏បាន​បង្ហាត់​ក្បាច់ MMA ដល់​ស្ត្រី​ទាំងនោះ​ផង​ដើម្បី​ការពារ​ខ្លួន​។ 
 
​គ្រូបង្វឹក​ដែល​តែងតែ​នាំ​កីឡាករ​ទៅ​ប្រកួត​នៅ​សង្វៀន​អន្តរជាតិ ONE រូបនេះ​នឹង​បង្កើត​កម្មវិធី​ថ្មី​មួយ​ដើម្បី​រៃអង្គាស​ថវិកា​ពី​សប្បុរសជន ឬ អ្នក​ដែល​ស្រលាញ់​កីឡាប្រដាល់​ក្នុង​បំណង​យក​ថវិកា​ទាំងនេះ​ទៅជូន​កីឡាករ​ចាស់ៗ​វ៉ៃ​លែងកើត ឬ ពួកគេ​មាន​របួស​ដោយសារ​ប្រកួត​ជាដើម​៕ 
 

Tag:
 MMA
  Tiny Toones
  CTT
© រក្សាសិទ្ធិដោយ thmeythmey.com