AFF Futsal Cup ចាប់ផ្តើម​ថ្ងៃនេះ ខណៈ​កម្ពុជា​ប៉ះ​ក្រុម​ម៉ាឡេស៊ី​នៅ​ថ្ងៃស្អែក
កីឡាជាតិ
ជាតិ
AFF Futsal Cup ចាប់ផ្តើម​ថ្ងៃនេះ ខណៈ​កម្ពុជា​ប៉ះ​ក្រុម​ម៉ាឡេស៊ី​នៅ​ថ្ងៃស្អែក
18, Jun 2019 , 4:21 pm        
រូបភាព
ក្រុម Down Town Sport ពេលលើកពានហ្វ៊ុតសាលថ្នាក់ជាតិនៅឆ្នាំ២០១៨
ក្រុម Down Town Sport ពេលលើកពានហ្វ៊ុតសាលថ្នាក់ជាតិនៅឆ្នាំ២០១៨
​ការប្រកួត​បាល់ទាត់​ក្នុង​សាល​ដណ្តើម​ពានរង្វាន់ AFF Futsal Cup 2019 ត្រូវ​ប្រកួត​បើកឆាក​ទាំង​ពូ​ល A និង B នៅ​រសៀល​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩​។ ចំណែក​ក្រុម Down Town Sport របស់​កម្ពុជា​ត្រូវ​ប្រកួត​បើក​របស់ខ្លួន​នៅ​ថ្ងៃទី​១៩ ខែមិថុនា ដោយ​ប៉ះ​ក្រុម​មកពី​ម៉ាឡេស៊ី​។ សម្រាប់​ការប្រកួត​នេះ​មាន​ក្រុម​ចូលរួម​ចំនួន​៦​ដោយ​បែង​ចែកជា​ពីរ​ពូ​ល ហើយ​ការប្រកួត​ធ្វើឡើង​តាម​រូបមន្ត​វិលជុំ​។

 
​ក្រុម Black Steel Futsal Club របស់​ឥណ្ឌូណេស៊ី​ត្រូវ​តទល់​ជាមួយ​ក្រុម PTT Chonburi Bluwave របស់​ថៃ​នា​ជំនួប​បើកឆាក​ពូ​ល A វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៨ មិថុនា​នេះ​នៅ​ទីលាន Terminal 21 Korat ប្រទេស​ថៃ​។ នៅ​ម៉ោង​៤​រសៀល​ថ្ងៃ​អង្គារ​នេះដែរ ក៏មាន​ការប្រកួត​បើកឆាក​ពូ​ល B មួយគូ​ទៀត​ដែរ គឺ​ក្រុម Melaka United Soccer Association របស់​ម៉ាឡេស៊ី​ប៉ះ​ក្រុម Myanmar Imperial University FC របស់​ក្រុម​មី​យ៉ាន់​ម៉ា​។ 


ក្រុមកីឡាករ Down Town Sport ថតជុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមុនចាកចេញទៅប្រទេសថៃ, រូបភាពពី Down Town Sport
 
​ចំណែក​ក្រុម Down Town Sport ដែលជា​ម្ចាស់​ជើងឯក​ហ្វ៊ុ​ត​សាល​ថ្នាក់ជាតិ​ឆ្នាំ​២០១៨ របស់​កម្ពុជា ត្រូវ​ប្រកួត​បើកឆាក​របស់ខ្លួន​ជាមួយ​ក្រុម​មកពី​ម៉ាឡេស៊ី Melaka United Soccer Association នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ នា​វេលា​ម៉ោង​៤​រសៀល​។ ចំណែក​ក្រុម Black Steel Futsal Club របស់​ឥណ្ឌូណេស៊ី ប៉ះ ក្រុម​មកពី​វៀតណាម Sanvinest Sanatech Khanh Hoa នៅ​ម៉ោង​២​រសៀល​។ 
 
​សម្រាប់​ការប្រកួត ដែល​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ក្រុម Down Town Sport របស់​កម្ពុជា​ស្ថិតនៅ​ពូ​ល B ជាមួយ​ក្រុម​មកពី​ម៉ាឡេស៊ី Melaka United Soccer Association និង Myanmar Imperial University FC របស់​មី​យ៉ាន់​ម៉ា​។ ចំណែក​ពូ​ល A មាន​ក្រុម​ម្ចាស់ផ្ទះ​ថៃ PTT Chonburi Bluwave, ក្រុម Sanvinest Sanatech Khanh Hoa របស់​វៀតណាម និង​ក្រុម Black Steel Futsal Club របស់​ឥណ្ឌូណេស៊ី​។ ការប្រកួត​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​១៨-២៣ មិថុនា ឆ្នាំ​២០១៩៕          
 

Tag:
 AFF Futsal Cup 2019
  Down Town Sport
© រក្សាសិទ្ធិដោយ thmeythmey.com