អន្តរជាតិ
តើ​នីវ៉ូ​ទឹកសមុទ្រ​ជា​អ្វី ហើយ​គេ​វាស់​វា​ដូចម្តេច​?
18, Jun 2019 , 9:59 pm        
រូបភាព
​តាមរយៈ​អត្ថបទ​មួយចំនួន ដែល​អ្នក​ធ្លាប់​អាន​អំពី​ប្រែប្រួល​អាកាសធាតុ អ្នក​ប្រហែលជា​បានឃើញ​ពី​ការកើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ ឬ​នីវ៉ូ​ទឹកសមុទ្រ​។ ពេលខ្លះ​អ្នក​អាច​មិន​យល់ថា អ្វី​ទៅជា​នីវ៉ូទឹក​សមុទ្រ​។ តែ​មិនមែនជា​រឿង​ចម្លែក​ទេ ដ្បិត​នីវ៉ូ​ទឹកសមុទ្រ គឺជា​ការវាស់ស្ទង់​បែប​បច្ចេកទេស​មួយ​ដែលមាន​លក្ខណៈ​ស្មុគស្មាញ​ខ្លាំង​។

 
​តាមពិតទៅ កម្ពស់​ទឹកសមុទ្រ​នៅតាម​តំបន់​នីមួយៗ​នៃ​ភពផែនដី មិនមាន​លក្ខណៈ​ដូចគ្នា​ទាំងអស់​នោះឡើយ​។ កម្ពស់​ទឹកសមុទ្រ​នៅតាម​តំបន់​នីមួយៗ​ទាំងអស់នេះ ប្រែប្រួល​ទៅតាម​សម្ពាធ​បរិយាកាស សីតុណ្ហភាព សណ្ឋាន​ដី​ក្រោម​ទឹក ឬ​ទំនាញផែនដី​ជាដើម​។ ចុះបើ​វា​ប្រែប្រួល​យ៉ាងនេះ តើ​គេ​វាស់​នីវ៉ូ​ទឹកសមុទ្រ​ដោយ​វិធីសាស្ត្រ​ណា​?
 
​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ​ដូចជា​ប្រព័ន្ធ GPS ជាមួយនឹង​ការ​គណនា​ជាច្រើន​ទៀត អ្នក​ធរណី​វិទូ បាន​បង្កើត​តារាង​ដែល​សិក្សា​អំពី​នីវ៉ូ​ទឹកសមុទ្រ​ស្តង់ដារ​មួយ​ដែលមាន​ឈ្មោះថា Earth Gravitational Model ឬ EGM ។ ទិន្នន័យ​ដែល​ប្រមូលបាន​គឺជា​ការសិក្សា​អស់​រយៈពេល​១៩​ឆ្នាំ ជាមួយនឹង​ការកត់ត្រា​ជា​រៀងរាល់​ម៉ោង ជាមួយនឹង​ឧបករណ៍​ស្វ័យប្រវត្តិ​នានា​។ នីវ៉ូទឹក​សមុទ្រ​ដែល​អ្នក​បានលឺ​ក្នុងការ​លើកឡើង​របស់​សារព័ត៌មាន​នោះ​គឺ នីវ៉ូទឹក​សមុទ្រ​មធ្យម​នៃ​ពិភពលោក ឬ​ហៅថា Mean Sea Level ។​
 
​មាន​លក្ខណៈ​ចម្បង​បីយ៉ាង ដែលមាន​ឥទ្ធិពល​ទៅកាន់​កម្ពស់​ទឹកសមុទ្រ​។ ទី​១៖ ចលនា​របស់​សណ្ឋាន​ដី​ក្រោម​សមុទ្រ ឬ​ផ្លាក​តិច​តូ​និ​ច​។ សណ្ឋាន​ដី​ធំៗ​ទាំងនេះ​អាច​ប្តូរ​រូបរាង កម្ពស់ និង​ទំហំ ដែល​អាចធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​កម្ពស់​នីវ៉ូទឹក​សមុទ្រ​។ ទី​២៖ បរិមាណ​ទឹក​ក្នុង​សមុទ្រ កើត​មកពី​ការ​កក ឬ​រលាយ​នៃ​សណ្ឋាន​ទឹកកក​ក្នុង​តំបន់​ប៉ូល​។ និង​ទី​៣៖ សីតុណ្ហភាព​ដែល​អាចធ្វើ​ឲ្យ​ទឹកសមុទ្រ​រីក​ឬ​រួម​បាន​៕ 
 

Tag:
 នីវ៉ូទឹក​សមុទ្រ​
  ប្រែប្រួល​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com