វៀតណាម​មាន​ទំនោរ​រក​សហរដ្ឋអាមេរិក​ដោយ​យក​ពន្ធគយ​លើ​ទំនិញ​នាំចូល​របស់​ចិន​
អន្តរជាតិ
វៀតណាម​មាន​ទំនោរ​រក​សហរដ្ឋអាមេរិក​ដោយ​យក​ពន្ធគយ​លើ​ទំនិញ​នាំចូល​របស់​ចិន​
19, Jun 2019 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​តៃប៉ិ ៖ ​បន្ទាប់ពី​មានការ​ពិនិត្យ​សើរើ​រយៈពេល ៥ ខែ​មក ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​វៀតណាម​បានសម្រេច​ដំឡើង​យកពន្ធ​គយ​បណ្ដោះអាសន្ន​ពី ២,៤៦ ភាគរយ ទៅ ៣៥,៥៨ ភាគរយ លើ​ផលិតផល​អាលុយមីញ៉ូម​នាំចូល​ពី​ប្រទេស​ចិន​មួយចំនួន ដែល​វៀតណាម​ជឿថា​មានតម្លៃ​ទាប​ជាង​តម្លៃ​ទីផ្សារ​។ ការដំឡើង​ពន្ធគយ​នេះ​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី ៥ ខែមិថុនា​។​

 
​ប្រទេស​វៀតណាម​បាន​ក្លាយជា​ប្រទេស​ដែល​ទទួលបាន​ប្រយោជន៍​ដ៏​ច្រើន​បំផុត​មួយ​កាលពី​ឆ្នាំមុន​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋអាមេរិក ដោយសារតែ​ក្រុមហ៊ុននាំចេញ​ទំនិញ​នៅក្នុង​ប្រទេស​ចិន​ដែល​ប៉ះពាល់​ដោយសារ​ការដំឡើង​ពន្ធគយ​របស់​សហរដ្ឋ​អាមេរិក បាន​ជ្រើស​យក​ប្រទេស​វៀតណាម​ជំនួស​ឲ្យ​ចិន ដោយសារតែ​ប្រទេស​វៀតណាម​ជា​ប្រទេស​ដែល​ផលិត​ទំនិញ​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក​ដោយ​ជាប់​ពន្ធគយ​ទាប​។​
 
​ការដាក់កំហិត​ពន្ធគយ​របស់​វៀតណាម​លើ​ទំនិញ​នាំចូល​ដែលមាន​តម្លៃ​ទាប​ជាង​តម្លៃ​ទីផ្សារ​នេះ​គឺជា «​ការឆ្លើយតប​ដ៏​មាន​ប្រសិទ្ធភាព​ពី​ភាគី​វៀតណាម​ទាក់ទិន​នឹង​ការគ្រោង​យកពន្ធ​គយ​របស់​ក្រសួងពាណិជ្ជកម្ម​សហរ​ដ្ឋ​អាមេរិក​លើ​ផលិតផល​អាលុយមីញ៉ូម ដែល​ធ្វើ​ហើយ​បាន​ពាក់កណ្ដាល​ដែល​នាំ​ចេញពី​ប្រទេស​វៀត​ណា​ម‍​»​។ នេះ​បើ​យោងតាម​កំណត់សម្គាល់​មួយ​កាលពី​ថ្ងៃទី ១០ ខែមិថុនា​កន្លងទៅនេះ របស់​ក្រុមហ៊ុន​ស្រាវជ្រាវ SSI Research ដែលជា​ក្រុមហ៊ុន​វិភាគ​ទីផ្សារ​ហិរញ្ញវត្ថុ​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ហាណូយ​។​
 
​កំណត់សម្គាល់​នេះ​បាន​ហៅ​ការយក​ពន្ធគយ​នេះ​ថា​ជា «​វិធានការ​ដ៏​តឹងតែង​បំផុត​មួយ​សម្រាប់​ប្រទេស​វៀតណាម​នៅក្នុង​ការកែ​ប្រ‍ែ​» ក្នុងនាម​ជា «​ប្រទេសមួយ​ដែល​បាន​ក្លាយជា​ប្រទេស​ដែល​ទទួលបាន​ប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋអាមេរិក​ដ៏​ច្រើនជាងគេ​បំផុត​នៅក្នុង​តំប​ន‍់​»​។​
 
​ការ​គេច​ពី​ការយក​ពន្ធគយ​របស់​សហរដ្ឋអាមេរិក​លើ​ទំនិញ​ផលិត​នៅ​ប្រទេស​ចិន​
 
​ការនាំចេញ​របស់​ប្រទេស​ចិន​នូវ​ទំនិញ​អាលុយមីញ៉ូម​ដែល​ធ្វើ​ហើយ​បាន​ពាក់កណ្ដាល បាន​កើនឡើង​ទ្វេដង​រហូតដល់​ចំនួន ៦ ម៉ឺន ២ ពាន់​តោន នៅក្នុង​ឆ្នាំ ២០១៨ នៅពេលដែល​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋអាមេរិក​បាន​ផ្ទុះឡើង​។ នេះ​បើ​យោងតាម​ការរកឃើញរ​បស់​ក្រុមហ៊ុន​ស្រាវជ្រាវ SSI Research​។​
 
​ក្នុងចំណោម​បរិមាណ​នៃ​ការនាំចេញ​នេះ «​ទំនិញ​មួយចំនួនធំ​គួរសម​ត្រូវគេ​ជឿថា​បាន​នាំ​ចេញពី​ប្រទេស​ចិន ដើម្បី​គេច​ពី​វិធាន​ការយក​ពន្ធគយ​ប្រឆាំងនឹង​ការលក់​បង្ខូច​ថ្លៃ និង​ការយក​ពន្ធគយ​ទូទាត់​ផ្សេងៗ​​»​។ នេះ​បើ​យោងតាម​កំណត់សម្គាល់​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ SSI Research នេះ​។​
 
​លោក Rajiv Biswas សេដ្ឋវិទូ​ចម្បង​ផ្នែក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ IHS Markit និយាយ​ដូច្នេះ​ថា​៖ «​ទំនិញ​មួយចំនួន​ដែល​សហរដ្ឋអាមេរិក​នាំចូល​ពី​ប្រទេស​វៀតណាម ត្រូវបាន​គេ​រកឃើញថា​មាន​ប្រភព​ផលិត​នៅ​ប្រទេស​ចិន ដែល​ចំណុច​នេះ​គឺជា​ការព្យាយាម​គេច​ពី​ការយក​ពន្ធគយ​លើ​ទំនិញ​របស់​ចិន​ណា​នៅក្នុង​សហរដ្ឋអាមេរិក ដែលមាន​តម្លៃ​ទាប​ជាង​តម្លៃ​ទីផ្សា​រ‍​»​។​
 
​ប្រទេស​ផ្សេងទៀត​នៅ​ទ្វីបអាស៊ី​ដូចជា​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​ជាដើម បាន​យក​ពន្ធគយ​ផ្ទាល់ខ្លួន​របស់​ពួកគេ​លើ​ទំនិញ​ដែកថែប​ដែល​នាំចូល​ពី​ប្រទេស​ចិន​។ ក្រុមហ៊ុននាំចេញ​នានា​របស់​ចិន​អាច​លក់​ថោក​ជាង​ក្រុមហ៊ុន​ដទៃទៀត​នៅក្នុង​ទីផ្សារ​នៃ​ប្រទេស​ទាំងពីរ​នេះ​។ ប្រទេស​ទាំងពីរ​នេះ​កំពុង​ប្រឹងប្រែង​បង្កើត​ឧស្សាហកម្ម​ដែកថែប ឬក៏​អាលុយមីញ៉ូម​ផ្ទាល់ខ្លួន​របស់​ពួកគេ ដោយសារ​តែមាន​ផល​លើស​ផ្នែក​ផ្គត់ផ្គង់ និង​ទំហំ​ផលិតកម្ម​ធំ​។​
 
​ប្រទេស​វៀតណាម​កំពុង​ស្រូបយក​ចំនួន​យ៉ាងច្រើន​នូវ​ផលិតផល​លើស​ចំនួន​របស់​ចិន ដោយសារតែ​ប្រទេស​ទាំងពីរ​មាន​ព្រំដែន​ជាប់​គ្នា ហើយ​វៀតណាម​មានតម្លៃ​ផលិតកម្ម​ទាប​ជាង​ចិន​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Song Seng Wun សេដ្ឋវិទូ​នៃ​សាខា​ធនាគារឯកជន CIMB នៅក្នុង​ប្រទេស​សិង្ហ​បុរី​។ ផលិតកម្ម​ជា​វិស័យ​ជំរុញ​សេដ្ឋកិច្ច​វៀតណាម ដោយ​ជួយ​ឲ្យ​សេដ្ឋកិច្ច​វៀតណាម​រីកចម្រើន​រវាង​ពី ៦ ទៅ ៧ ភាគរយ ក្នុង​មួយឆ្នាំ​។​
 
​ការ​លម្អៀង​ទៅរក​សហរដ្ឋអាមេរិក​
 
​សេដ្ឋវិទូ​នានា​ជឿថា ការកើនឡើង​នូវ​ការ​នាំចូល​ទំនិញ​ពី​ប្រទេស​ចិន​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​អាលុយមីញ៉ូម​ផ្ទាល់ខ្លួន​របស់​ប្រទេស​វៀតណាម និង​ធ្វើ​ឲ្យ​ឧស្សាហ​កម្មនេះ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការត្រួតពិនិត្យ​តឹងតែង​ជាង​មុន​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​របស់លោក​ប្រធានាធិបតី Donald Trump​។​
 
​ការយក​ពន្ធគយ​លើ​ទំនិញ​បង្ខូច​ថ្លៃ​ដែល​ចូល​ជា​ធរមាន​សម្រាប់​រយៈពេល ១២០ ថ្ងៃនេះ នឹង​ជួយ​ការពារ​ទំនាក់ទំនង​ឋិតថេរ​កន្លងមក​របស់​ប្រទេស​វៀតណាម​ជាមួយនឹង​រដ្ឋបាល​រប​ស់លោក Trump ដោយសារតែ​រដ្ឋាភិបាល​វៀតណាម​ជួយ​បញ្ឈប់​ការដឹកជញ្ជូន​ទំនិញ​របស់​ចិន​ឆ្លងកាត់​ប្រទេស​របស់ខ្លួន​ក្នុងទិសដៅ​ឆ្ពោះទៅកាន់​សហរដ្ឋអាមេរិក ដោយ​មិន​បង់​ពន្ធគយ​។​
 
​លោក Frederick Burke ម្ចាស់​ភាគហ៊ុន​ម្នាក់​នៃ​ក្រុមហ៊ុន​ច្បាប់​អន្តរជាតិ Baker McKenzie នៅក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម និយាយ​ដូច្នេះ​ថា​៖ «​ខ្ញុំ​ពិតជា​យល់ឃើញថា វៀតណាម​ព្យាយាម​ដាក់​វិធានការ​តឹងតែង​លើ​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ប្រទេស​របស់ខ្លួន​ឆ្ពោះទៅកាន់​ប្រទេស​ទី ៣​​។ ប្រទេស​វៀតណាម​ចាត់ទុក​ការធ្វើ​ដូច្នេះ​ថា​ជា​អំពើ​ឧក្រិដ្ឋ ជាការ​ទាញ​ប្រយោជន៍​ពី​ឋានៈ​ដែល​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ទាំងនោះ​មាន ដោយមាន​ការរត់ពន្ធ​ចូល និង​រត់ពន្ធ​ចេញ​។ ការធ្វើ​ដូច្នេះ​គឺ​បំផ្លាញ​ដល់​កិត្តិយស​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ទាំងនេះ ហើយ​ពួកគេ​មិនបាន​ប្រយោជន៍​ពីនេះ​ទ‍េ​»​។​
 
​ទំនិញ​អាលុយមីញ៉ូម​ដែល​ធ្វើ​ហើយ​បាន​ពាក់កណ្ដាល​របស់​ចិន ប្រឈម​នឹង​ការយក​ពន្ធគយ​លើ​ការលក់​បង្ខូច​ថ្លៃ បន្ថែម​ទៅនឹង​ពន្ធគយ​ចំនួន ១០ ភាគរយ ដែល​សហរដ្ឋអាមេរិក​យក​លើ​ប្រទេស​នានា​នៅលើ​ពិភពលោក​។ រោងចក្រ​ផលិតកម្ម​នានា​នៅក្នុង​ប្រទេស​វៀតណាម​ទិញ​ទំនិញ​ទាំងនេះ​ពី​ប្រទេស​ចិន ដើម្បី​យកមក​ធ្វើ​ទ្វារ ជញ្ជាំង និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រចនាសម្ព័ន្ធ​សំណង់​។​
 
​ទោះបីជា​រដ្ឋាភិបាល​រប​ស់លោក Trump បាន​បុក​គោលដៅ​ភាគច្រើន​លើ​ប្រទេស​ចិន​ពាក់ព័ន្ធ​នឹង​បញ្ហា​ពាណិជ្ជកម្ម​ក៏ដោយ ក៏​កាលពី​ខែ​មុន ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​បានចាត់ទុក​វៀតណាម​ថា​អាចជា «​អ្នកក្រ​ឡុ​ក‍​» រូបិយវត្ថុ​។ ដូច​ប្រទេស​ចិន​ផងដែរ ប្រទេស​វៀតណាម​ក៏មាន​ផល​លើស​ផ្នែក ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក ដែល​នេះ​គឺជា​លក្ខខណ្ឌ​ដូច​ទៅនឹង​លក្ខខណ្ឌ​ដែល​បង្ក​ឲ្យ​មាន​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋអាមេរិក ដែល​ជម្លោះ​នេះ​បាន​ឈាន​ចូលដល់​ឆ្នាំ​ទី​ពីរ​របស់ខ្លួន​ហើយ ហើយ​ជម្លោះ​នេះ​អាច​នឹង​កើនឡើង​ថែមទៀត​នៅក្នុង​ខែ​នេះ​។​
 
​លោក Song Seng Wun និយាយ​ដូច្នេះ​ថា​៖ «​យើង​ឃើញថា អំណាច​ដ៏​មាន​ឥទ្ធិពល​របស់លោក​ប្រធានាធិបតី Trump អាចមាន​ឥទ្ធិពល​ធំធេង​គួរសម​។ ដូច្នេះ ខ្ញុំ​គិតថា នៅ​ចំណុច​នេះ វៀតណាម​ហាក់ដូចជា​មិន​ចង់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សហរដ្ឋអាមេរិក ជាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចិន​នោះ​ទ‍េ​»​។​
 
​បន្ទាប់ពី​មាន «​ការប្រឹក្សា​យោ​ប​ល‍់​» សាធារណៈ​ជាច្រើនលើក​ច្រើនសារ​មក ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​វៀតណាម នឹង​សម្រេច​មុនពេល​ដំណាច់​ឆ្នាំនេះ​ថា​តើ​គួរតែ​បន្ថែម​ពេលវេលា​យកពន្ធ​គយ​នេះ​បន្តទៀត ឬក៏​យ៉ាងណា​ន‍ោះ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ SSI Research​។​
 
​ប្រសិនបើ​ប្រទេស​វៀតណាម​មិន​ដាក់​គំនាប​ពន្ធគយ​របស់ខ្លួន​ទេ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នឹង​ទំនងជា​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​មួយចំនួន ដែល​គេ​សង្ស័យថា​បាន​នាំ​ទំនិញ​អាលុយមីញ៉ូម​របស់​ចិន​ចេញពី​ប្រទេស​វៀតណាម និង «​បញ្ជា​ឲ្យ​មន្ត្រី​គយ​ផ្ដោត​ការយកចិត្តទុកដាក់​ជាង​មុន​លើ​ទំនិញ​ណា​ដែល​ដាក់​ស្លា​កថា​ផលិត​នៅ​ប្រទេស​វៀត​ណា​ម‍​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Maxfield Brown អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ប្រឹក្សា​អាជីវកម្ម Dezan Shira & Associates នៅក្នុង​ទីក្រុង​ហូជីមិញ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com