ម៉ានីល,ហ្វីលីពីន៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាត់ទុកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាចំណុចដ៏សំខាន់ជាងគេមួយ នៅក្នុងការជំរុញសេដ្ឋកិច្ចអាស៊ាន និងអាស៊ី ទាំងមូល។ ហេដ្ឋារចនាសម្ព័ន្ធ ដែលរាប់ទាំងប្រព័ន្ធដឹកជញ្ជូន, ការអភិវឌ្ឍន៍ទីក្រុង និងជនបទ និងប្រភពថាមពលជាដើម។
ដើម្បីផ្តល់ចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធនេះ ស្ថានទូតអាមេរិកប្រចាំប្រទេសហ្វីលីពីន និង ADB បានសហការគ្នា រៀបចំកម្មវិធីមួយ ដើម្បីណែនាំពីការរាយការណ៍ព័ត៌មាននានាជុំវិញហេដ្ឋារចនាសម្ព័ន្ធ។ អ្នកសារព័ត៌មានចំនួន១៦រូប ពីប្រទេសចំនួន៨ក្នុងតំបន់អាស៊ាន លើកលែងប្រទេសឡាវ និងម៉ាឡេស៊ី បានជួបជុំគ្នាកាលពីសប្តាហ៍មុន នៅស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ ក៏បានសម្របសម្រួល និងឧបត្ថម្ភ ការធ្វើដំណើរសម្រាប់អ្នកកាសែត២រូប ពីប្រទេសកម្ពុជា ដើម្បីចូលរួមកម្មវិធីនេះដែរ។
នៅក្នុងកម្មវិធីនេះ អ្នកជំនាញរបស់ ADB បានគូសបញ្ជាក់ថា អាស៊ាន ត្រូវការហេដ្ឋារចនាសម្ព័ន្ធដែលមាននិរន្តរភាព ដើម្បីជំរុញការរីកចម្រើនសេដ្ឋកិច្ចដ៏ខ្លាំងក្លាដែរ។ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចក្នុងតំបន់ទាំងនៅតំបន់អាស៊ាន កម្ចី,ហិរញ្ញប្បទាន និងជំនួយបច្ចេកផង ក្នុងការអភិវឌ្ឍន៍ហេដ្ឋាសម្ព័ន្ធ នៅក្នុងប្រទេសដែលជាសមាជិករបស់ខ្លួន។ ជំនួយទាំងនោះ ត្រូវបានផ្តល់ដោយផ្ទាល់ទៅឲ្យរដ្ឋាភិបាលផ្ទាល់, ក្រុមហ៊ុនឯកជន ឬតាមរយៈកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន សម្រាប់សាងសង់ និងថែទាំហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។
លោក Robert Guild អគ្គនាយកដ្ឋានផ្នែកនិរន្តរភាព និងការប្រែប្រួលអាកាសធាតុនៃ ADB បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨ ADB បានផ្តល់ទៅឲ្យវិស័យដឹកជញ្ជូនប្រមាណ៣.៩ ប៊ីលានដុល្លារ , ថាមពល ចំនួន ៣.៩៣ប៊ីលានដុល្លារ, ការអភិវឌ្ឍន៍ទីក្រុង២.៧ប៊ីលានដុល្លារ, ការផ្គត់ផ្គង់ទឹកស្អាត ៣.៣៦ ប៊ីលានដុល្លារ។ ដោយឡែក ក្នុងការអភិវឌ្ឍន៍ជនបទ មានទឹកប្រាក់ចំនួន ១១.៦ ប៊ីលានដុល្លារ ត្រូវបាន ADB អនុម័ត ចាប់តាំងពីឆ្នាំ២០០៩-២០១៨ សម្រាប់វិស័យកសិកម្ម និងធនធានធម្មជាតិ។ សម្រាប់ឆ្នាំ២០១៩នេះ ADB បានគ្រោងទឹកប្រាក់ ២.១ ប៊ីលានដុល្លារបន្ថែមទៀត ជួយដល់ការអភិវឌ្ឍន៍ជនបទនេះ។ លោក Robert បន្ថែមដូច្នេះ។
មិនមែនមានតែ ADB ទេ ដែលខ្វាយខ្វល់ និងបានផ្តល់ការគាំទ្រដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ាន។ អ្នកស្រី Lynne Gadkowski ទីប្រឹក្សាផ្នែកសេដ្ឋកិច្ចនៃស្ថានទូតអាមេរិកប្រចាំប្រទេសហ្វីលីពីន បានឲ្យដឹងថា សហរដ្ឋអាមេរិក ក៏បានជួយគាំទ្រប្រទេសក្នុងតំបន់អាស៊ាន ក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ តាមរយៈដៃគូរបស់ខ្លួន ដែលមានទាំង ABDផង។
អ្នកស្រី Lynne បញ្ជាក់៖«ជារៀងរាល់ឆ្នាំ សហរដ្ឋអាមេរិកត្រូវការថវិកាប្រមាណ ១.៧ ប៊ីលានដុល្លារ ក្នុងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ ហើយពី ២០០៧ ដល់ឆ្នាំ២០១៧ សហរដ្ឋអាមេរិក បានគាំទ្រថវិកាប្រមាណ ១១៩ ប៊ីលានដុល្លារ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់»។
ទីប្រឹក្សាផ្នែកសេដ្ឋកិច្ចនៃស្ថានទូតអាមេរិកប្រចាំប្រទេសហ្វីលីពីន បន្ថែមទៀតថាក្នុងរយៈពេលជាងមួយទសវត្សមកនេះ សហរដ្ឋអាមេរិក បានចាត់ទុក អាស៊ាន ក៏ដូចជាអាស៊ីប៉ាស៊ីហ្វិកជាតំបន់អាទិភាពដែលសំខាន់ខ្លាំងណាស់ សម្រាប់អាមេរិក ហើយមហាអំណាចមួយនេះ ក៏នឹងនៅតែបន្តផ្តល់សារៈ និងយកចិត្តទុកដាក់ចំពោះការគាំទ្ររបស់ខ្លួននៅក្នុងតំបន់មួយនេះដែរ។
ហេតុអ្វីហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់?
លោក Rana Hasan ប្រធានផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសូចនាករ នៃនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការតំបន់ របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធ មានទំនាក់ទំនងយ៉ាងស្អិតល្មួត ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ លោក Rana អត្ថាធិប្បាយបន្តថា ប្រទេសដែលមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ប្រជាជនក៏មានចំណូលល្អ ហើយប្រទេសនោះ នឹងមានការអភិវឌ្ឍន៍លឿន និងក៏អាចកាត់បន្ថយភាពក្រីក្របានឆាប់រហ័សផងដែរ។
br />
លោក ពន្យល់បន្ថែម៖ «នៅពេលដែលយើងមើលឲ្យលម្អិត យើងនឹងឃើញថា បណ្តាញផ្លូវ បានភ្ជាប់ទីផ្សារ។ ភ្ជាប់អ្នករស់នៅជនបទ ទៅកាន់ទីប្រជុំជន និងទីក្រុងធំៗ។ ថាមពលដែលសាងសង់នៅទីក្រុងធំៗ វាក៏បានតភ្ជាប់ទៅតំបន់ជនបទ។ ចំណែកឯវិស័យដឹកជញ្ជូនវិញ ក៏មានឥទ្ធិពលវិជ្ជមានខ្លាំងផងដែរ។ បើយើងមើលលើការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក៏ជាចំណុចដែលរួមចំណែកក្នុងការអភិវឌ្ឍន៍ដែរ»។
សម្រាប់អ្នកជំនាញរូបនេះ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវការការចូលរួមទាំងពីវិស័យសាធារណៈ និងវិស័យឯកជន។ ហើយកន្លងមក ADB ដែលក៏បានជ្រោមជ្រែងច្រើនដែរលើហេដ្ឋារចនាសម្ព័ន្ធនេះ។ ADB ធ្វើការជាមួយភ្នាក់ងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ហើយជួយរៀបចំគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលល្អប្រសើរ, ការអភិវឌ្ឍន៍ការរចនាហេដ្ឋារចនាសម្ព័ន្ធ និងការប្រតិបត្តិដែលល្អប្រសើរ។ នេះជាការបន្ថែមរបស់លោក Rana Hasan។
ការប្រែប្រួលអាកាសធាតុ ជាបញ្ហាប្រឈមចម្បងដល់ហេដ្ឋារចនាសម្ព័ន្ធ
ក្រៅតែលើកឡើងពីសារៈសំខាន់របស់ហេដ្ឋាសម្ព័ន្ធនៅក្នុងសេដ្ឋកិច្ច លោក Rana Hasan ក៏បានបង្ហាញបញ្ហាប្រឈមមួយចម្បង ដែលរាំងស្ទះដល់ការអភិវឌ្ឍន៍ហេដ្ឋាសម្ព័ន្ធ នោះគឺការប្រែប្រួលអាកាសធាតុ។ លោក បញ្ជាក់ថា អាស៊ាន ក៏ជាតំបន់ដែលកំពុងតែទទួលរងគ្រោះ ដោយសារការប្រែប្រួលអាកាសធាតុដែរ។ ដូច្នេះអាស៊ាន ក៏ត្រូវតែមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមាននិរន្តរភាព ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
អ្នកស្រី Cleo Kawawaki អគ្គនាយករងគ្រប់គ្រង ADB ក៏បានលើកឡើងពីភាពអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុនេះ ចំពោះហេដ្ឋារចនាសម្ព័ន្ធដែរ។ អ្នកស្រី Cleo Kawawaki លើកឡើងថា ការរចនាគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ គឺសំខាន់ខ្លាំងណាស់។
«វាពិតជាគួរឲ្យសោកស្តាយ បើយើងសង់ស្ពាន ពេលទឹកជំនន់ជន់លិច វាត្រូវបំផ្លាញអស់ ហើយយើងត្រូវស្ពានម្តងទៀត។ យើងមិនអាចមិនសង់នោះទេ អីចឹងយើងចំណាយប្រាក់ច្រើន»។ នេះជាការរៀបរាប់របស់ អ្នកស្រី Cleo Kawawaki មុននឹងលើកឡើងបញ្ហាប្រឈមចំនួន២ទៀត ដែលអាស៊ានជួបប្រទះដែរនោះ។ ទី១ គឺអាស៊ាន មានតម្រូវការហិរញ្ញវត្ថុដ៏ច្រើនក្នុងចំនួនដ៏ច្រើនក្នុងមួយឆ្នាំៗ ពោលគឺចន្លោះ ២០០ ប៊ីលានដុល្លារ និង ៣ ទ្រីលានដុល្លារ ក្នុងរយៈពេលមួយទសវត្សទៅមុខ ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ បញ្ហាដ៏សំខាន់មួយទៀត នោះគឺកំណើនដ៏ឆាប់រហ័សនៃមនុស្សចាស់ ដែលទាមទារឲ្យតំបន់នេះ យកចិត្តទុកដាក់ខ្ពស់ចំពោះសេវាសុខភាពសាធារណៈ និងសន្តិសុខសង្គមដែលល្អប្រសើរ។
សម្រាប់អ្នកជំនាញរបស់ ADB លើកឡើងដូចគ្នាថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគឺចាំបាច់បំផុតសម្រាប់សេដ្ឋកិច្ចអាស៊ាន ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធត្រូវតែមាននិន្តរភាព ដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ហើយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលមាននិន្តរភាព គឺត្រូវការការចូលរួមទាំងពីវិស័យសាធារណៈ និងវិស័យឯកជន។ នេះជាការបញ្ជាក់របស់ លោក Rana Hasan ៕