ជាតិ
សង្គមជាតិ
មន្ត្រីជាន់ខ្ពស់៖ ថ្នាក់ក្រោម ឈប់រង់ចាំបញ្ជាពីថ្នាក់លើ ក្នុងការបង្ក្រាបគ្រឿងញៀន
× មន្ត្រីជាន់ខ្ពស់ផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀនបានជំរុញមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ឲ្យធ្វើប្រតិបត្តិការបង្ក្រាបភ្លាមៗ បើរកឃើញថាមានការជួញដូរ ឬប្រើប្រាស់គ្រឿងញៀន។ សមត្ថកិច្ចទាំងអស់ត្រូវទទួលខុសត្រូវលើទឹកដីរបស់ខ្លួន ដើម្បីសម្រេចបានការលុបបំបាត់បទល្មើសគ្រឿងញៀនទាំងស្រុង នៅត្រឹមឆ្នាំ២០១៩នេះ។
លោក មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលស្គាល់ថា នាពេលកន្លងមក មន្ត្រីថា្នក់ក្រោមខ្វះភាពម្ចាស់ការលើការនុវត្តតួនាទីរបស់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយពួកគេរង់ចាំទាល់តែមានបទបញ្ជាពីថ្នាក់លើ។ លោកបន្តថា ដើម្បីសម្រេចបានតាមផែនការសកម្មភាពក្នុងការលុបបំបាត់គ្រឿងញៀនក្នុងប្រទេសកម្ពុជា មន្ត្រីថ្នាក់ក្រោមទាំងអស់ឈប់រង់ចាំបទបញ្ជាទៀត ត្រូវចុះធ្វើការភ្លាមៗលើករណីរកឃើញបទល្មើសគ្រឿងញៀន។
លោកបាននិយាយថា៖«សមត្ថកិច្ចនៅមូលដ្ឋានខ្លះ គាត់មិនម្ចាស់ការលើការស្រាវជ្រាវរកករណីគ្រឿងញៀនទេ។ ពេលខ្លះគាត់ថា រង់ចាំការចង្អុលបង្ហាញពីថ្នាក់លើ។ ពេលនេះកុំចាំបាច់រង់ចាំការដឹកនាំ ចង្អុលបញ្ជាពីលើទៀត វិភាគស្រាវជ្រាវ រកករណីគ្រឿងញៀន។ បើរកឃើញ ដឹកដៃគ្នាធ្វើការបង្ក្រាប។ ចាប់ពីពេលនេះថ្នាក់លើឈប់ចង្អុលបង្ហាញហើយ ផ្ទេរអំណាចទាំងអស់ទៅថ្នាក់ក្រោមជាតិ»។
របាយការណ៍ ដែលត្រូវបានផ្សព្វផ្សាយក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀននាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានបង្ហាញថា ចាប់ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ច បានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបជាង៣,៣ពាន់ករណី ឃាត់មនុស្សជាង៧ពាន់នាក់ រឹបអូសគ្រឿងញៀនគ្រប់ប្រភេទជាង៣០០គីឡូក្រាម កញ្ឆាស្រស់ជាង៤,៧ម៉ឺនដើម និងសម្ភារមួយចំនួនទៀត។ ហើយសមត្ថកិច្ចបានចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនចំនួន ១២នាក់ និងខ្សែរយៈបណ្ដាញចំនួន ៥២ នាក់។
គួររម្លឹកថា កាលពីពេលថ្មីៗនេះ សម្តេច ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ បានដាក់បទបញ្ជាដល់សមត្ថកិច្ចទូទាំងប្រទេស ត្រូវលុបបំបាត់ឲ្យអស់ការប្រើប្រាស់ និងបទល្មើសគ្រឿងញៀន នៅតាមទីតាំងខារ៉ាអូខេ និងក្លិបកម្សាន្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com