ជាតិ
ក្រសួង​ស្នើ​ឲ្យ​អ្នកផ្ដល់​សេវាកម្ម​ទេសចរណ៍ យកចិត្តទុកដាក់​លើ​ភ្ញៀវ នៅពេល​មាន​ភ្លៀង និង​ខ្យល់​កន្ត្រាក់​
21, Jun 2019 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បាន​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត និង​អ្នកផ្ដល់​សេវាកម្ម​នៅតាម​ទីតាំង​ទេសចរណ៍​នីមួយៗ ត្រូវ​យកចិត្តទុកដាក់​ពី​សុវត្ថិភាព​ភ្ញៀវទេសចរ ខណៈ​ដែលមាន​ភ្លៀវ​ធ្លាក់ លាយឡំ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ចុះ​ថ្ងៃទី​១៩​ខែមិថុនា​។​

 
​ក្រសួងទេសចរណ៍ បាន​យោងតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​ជូនដំណឹង​ថា ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៦​ខែមិថុនា ដោយ​រង​ឥទ្ធិពល​សម្ពាធ​ទាប កម្ពុជា​នឹងមាន​ភ្លៀង​ធ្លា​ក់រាប​ប៉ាយ​ទូទាំងប្រទេស និង​លាយឡំ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​។​
 
​សេចក្ដីជូនដំណឹង​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ សូម​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ មេត្តា​បញ្ជូន​ព័ត៌មាន​ដល់​ភ្ញៀវ​ទាំងអស់ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ទាំងឡាយ​ដែល​អាច​កើតឡើង​ជាយថាហេតុ​»៕ 
 

Tag:
 តំបន់​ទេសចរណ៍​
  អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com