ជាតិ
សង្គមជាតិ
អង្គការសារព័ត៌មានអន្តរជាតិ ទាមទារឲ្យតុលាការដោះលែងលោក រ៉ាត់ រត្នមុនី
21, Jun 2019 , 10:16 am        
រូបភាព
អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (Reporters Without Borders) បានសេចក្តីថ្លែងការណ៍ទាមទារឲ្យតុលាការរាជធានីភ្នំពេញ ទម្លាក់បទចោទចេញពីលោក រ៉ាត់ រត្នមុនី អ្នក​បក​ប្រែ​ភាសាឲ្យសារ​ព័ត៌មាន RT របស់​រុស្ស៊ី​។ អង្គការនេះ ចាត់ទុកការចោទប្រកាន់លើលោក រ៉ាត់​ រត្នមុនី ថាមានភាពលម្អៀង។



អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បានអះអាងថា លោក រ៉ាត់​ រត្នមុនី មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់តុលាការរាធានីភ្នំពេញនោះទេ ដោយលោកគ្រាន់តែបានចូលរួមបង្ហាញផ្លូវពីបទល្មើសនៃការជួញដូរផ្លូវភេទក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។

លោក Daniel Bastard ប្រធានអង្គការអ្នកកាសែតគ្មានព្រំដែនប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកឡើងក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ថា​ បទចោទ​ប្រកាន់លើលោក រ៉ាត់​ រត្នមុនី នឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើប្រព័ន្ធយុត្តិធម៌កម្ពុជា។

លោក ថ្លែង​៖«ការគាបសង្កត់របស់សមត្ថកិច្ចទៅលើសាក្សី ការមិនយកចិត្តទុកដាក់លើភស្ដុតាង និងការអះអាងទាំងឡាយរបស់ក្រុមមេធាវីការពារ និងភាពលម្អៀងទៅរកអយ្យការ គឺដល់ពេលដែលត្រូវបញ្ចប់ភាពអយុត្តិធម៌ ហើយដោះលែងលោក រ៉ាត់ រត្នមុនី ឲ្យមានសេរីភាពវិញ។ អ្វីដែលលោកបានធ្វើគឺគ្រាន់តែចូលរួមបង្ហាញផ្លូវនៃការជួញដូរផ្លូវភេទដល់សាធារណជនប៉ុណ្ណោះ»។

ក្នុងសវនាការកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោក រ៉ាត់ រត្នមុនី​ បាន​ការពារខ្លួន​​ថា​ លោក​មាន​តួនាទី​​ជា​អ្នក​បក​ប្រែ មិនមែនជាអ្នកផលិតខ្សែភាពយន្ត «ម្តាយខ្ញុំលក់ខ្ញុំ» នោះទេ។ នាយកទូរទស្សន៍ RT លោក Ekaterina Yakovlev ក៏បានចេញលិខិតបញ្ជាក់ផងដែរថាលោក រ៉ាត់​ រត្នមុនី ត្រឹមតែជាអ្នកបកប្រែ និងសម្របសម្រួលក្នុងភាពយន្ត​ឯកសារ​ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​។

​​រដ្ឋា​ភិបាល​កម្ពុជា​បាន​ចោទ​ថា​ ភាព​យន្ត​ឯកសារ​នោះ​គឺ​ជា​ការ​ប្រឌិត​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ខូច​កិត្តិយស​ស្ត្រី​កម្ពុជា ក្រោយ​ចេញ​ផ្សព្វផ្សាយ​ដោយ RT កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៨។ លោក រ៉ាត់ រត្នមុនី ត្រូវតុលាការ​ចោទ​​ពី​បទ «ញុះញង់​ឲ្យ​មាន​ការ​រើស​អើង» តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ។

គិតមកដល់ពេលនេះលោក​បាន​ជាប់​​ពន្ធនាគារ​អស់​រយៈពេល​ជាង៦ខែហើយ ខណៈសាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹងប្រកាសសាលក្រមនៅថ្ងៃទី២៦ មិថុនា ខាងមុខនេះ៕

Tag:
 រ៉ាត់​ រត្នមុនី
© រក្សាសិទ្ធិដោយ thmeythmey.com