ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩៖ ធនាគារ ព្រីនស៍ ម.ក សហការជាមួយសមាគមគ្រប់គ្រងហិរញ្ញវត្ថុ និងទីផ្សារអឺរ៉ុប (Efma) រៀបចំវេទិកាវិស័យធនាគារ ក្នុងសម័យឌីជីថល ជាលើកដំបូងបំផុតនៅកម្ពុជា ក្រោមប្រធានបទ៖«សេវាធនាគារសម្រាប់អតិថិជនសម័យថ្មី៖បទពិសោធន៍បច្ចេកវិទ្យាទំនើប»។ វេទិកានេះ ដែលរៀបចំឡើងនៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូ យ៉ាល់នេះ ក៏បានទទួលការអញ្ជើញចូលរួមជាអធិបតី របស់ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា, ថ្នាក់គ្រប់គ្រង នៃវិស័យហិរញ្ញវត្ថុក្នុងតំបន់អាស៊ី ក៏ដូចជាវាគ្មិនអន្តរជាតិផងដែរ។
វេទិកា បានពិភាក្សាអំពីកាលានុវត្តភាព ក៏ដូចជាបញ្ហាប្រឈមនានា ដែលគ្រឹះស្ថានធនាគារក្នុងស្រុក និងអន្តរជាតិជួបប្រទះ នៅក្នុងការរៀបចំដំណើរការឌីជីថល ស្របទៅតាមភាពរីកចម្រើនផ្នែកបច្ចេកវិទ្យានៅទូទាំងពិភពលោក និងបម្រែបម្រួលនៃតម្រូវការរបស់អតិថិជន។
វាគ្មិននៅក្នុងកម្មវិធីគឺរួមមានអ្នកជំនាញនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ដែលមានដូចជាលោក Michael Lor ទីប្រឹក្សាជាន់ខ្ពស់អាស៊ីប៉ាស៊ីហ្វិករបស់ Efma លោកបណ្ឌិត Christian Roland នាយកផ្នែក Agile Enablement នៃធនាគារ Siam Commercial Bank លោក Kazuya Sakakibara នាយកប្រតិបត្តិផ្នែកយុទ្ធសាស្ត្របចេ្ចកវិទ្យាព័ត៌មានវិទ្យា និងការអភិវឌ្ឍផលិតផល នៃធនាគារ Jibun លោកស្រី Pui Fang Chow នៃធនាគារ DBS Bank Singapore និងលោកស្រី Supaneewan Chutrakul ដែលជាអនុប្រធានជាន់ខ្ពស់នៃធនាគារ Kasikorn Bank ។
ប្រធានបទសំខាន់ៗដែលបានពិភាក្សារួមមាន ៖
• និន្នាការ នៃការវិវឌ្ឍក្នុងវិស័យឌីជីថល
• ដំណើរការរៀបចំ សេវាធនាគារឌីជីថល
• ការប្រើប្រាស់បច្ចេកវិទ្យាប្រាជ្ញាសិប្បនិមិ្មត (A.I)
• បទពិសោធន៍អតិថិជន និងបណ្តាញសេវាកម្មរបស់ធនាគារ ក្នុងសម័យឌីជីថល
• ប្រព័ន្ធធនាគារបើកចំហ
• ការរៀបចំបុគ្គលិក ឲ្យស្របទៅតាមយុគសម័យឌីជីថល
• សេវាកម្មធនាគារឌីជីថល សម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម។
ធនាគារព្រីនស៍ ចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០១៥ ក្នុងទម្រង់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រោម ឈ្មោះថា ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ហើយត្រូវបានផ្លាស់ប្តូរខ្លួនទៅជាធនាគារពាណិជ្ជ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ ធនាគារ ផ្តល់ជូនអតិថិជននូវសេវាប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើតាមកាលកំណត់ ឥណទានគេហដ្ឋាន ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងឥណទានសម្រាប់អាជីវកម្ម។ បច្ចុប្បន្ន ធនាគារព្រីនស៍ មានសាខាចំនួន១៥ ម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្តិ សេវាធនាគារតាមប្រព័ន្ធទូរស័ព្ទដៃ និងសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត។
សូមបញ្ជាក់ថា Efma ជាស្ថាប័នអឺរ៉ុប ដែលទទួលបានការទទួលស្គាល់លំដាប់ថ្នាក់ពិភពលោក និងបានដើរតួនាទីក្នុងការសម្របសម្រួល ទំនាក់ទំនង តភ្ជាប់ថ្នាក់ដឹកនាំដ៏មានឥទ្ធិពលនានា នៅក្នុងវិស័យធនាគារ ធានារ៉ាប់រង និងហិរញ្ញវត្ថុ។
(អត្ថបទពាណិជ្ជកម្ម)