អន្តរជាតិ
លោក ត្រាំ បើក​ភ្លើ​ងបៃតង​​ឲ្យ​វាយ​អុីរ៉ង់ ក្រោយ​ការបាញ់​ទម្លាក់​ដ្រូ​ន​អាមេរិក តែ​ប្ដូរ​ចិត្ត​វិញ​
21, Jun 2019 , 2:11 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងបន្ទប់ពងក្រពើនៃសេតវិមាន ដោយមាន រដ្ឋមន្រ្តីការបរទេស ម៉ៃ ប៉ុមប៉េអូ និងទីប្រឹក្សាសន្តិសុខជាតិ ចន ប៊ូលតុន ឈរនៅពីក្រោយ។ រូបភាព AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងបន្ទប់ពងក្រពើនៃសេតវិមាន ដោយមាន រដ្ឋមន្រ្តីការបរទេស ម៉ៃ ប៉ុមប៉េអូ និងទីប្រឹក្សាសន្តិសុខជាតិ ចន ប៊ូលតុន ឈរនៅពីក្រោយ។ រូបភាព AFP
​ការបាញ់​ទម្លាក់​យន្តហោះ​ដ្រូ​ន​ស៊ើបការណ៍​របស់​អាមេរិក​ដោយ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ហៀបនឹង​ក្លាយជា​ការចាប់ផ្ដើម​ការ​វាយប្រហារ​របស់​អាមេរិក​លើ​អ៊ីរ៉ង់​ទៅហើយ​។ កាសែត​អាមេរិក The New York Times ផ្សាយ​ថា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បើកភ្លើង​បៃតង​ឲ្យ​មានការ​វាយប្រហារ​លើ​ទីតាំង​យោធា​អ៊ីរ៉ង់​មួយចំនួន​នៅ​ថ្ងៃទី​២០ ខែមិថុនា ប៉ុន្តែ​បាន​ប្ដូរ​ចិត្ត​វិញ​។ គេ​មិនដឹង​ច្បាស់​ពី​មូលហេតុ​នាំ​ឲ្យ​លោក​ដូរ​ចិត្ត​ឡើយ ហើយក៏​មិនដឹងថា អាមេរិក​អាចអនុវត្ត​ផែនការ​នេះ​លើក​ក្រោយ​ទៀត​ឬ​អត់​ដែរ​។​

 
​ភាព​តានតឹង​នៅ​តំបន់​មជ្ឈិមបូព៌ា បាន​ឡើងក​ម្ដៅ​កាន់តែខ្លាំង​បន្ទាប់​យន្តហោះ​ស៊ើបការណ៍​របស់​អាមេរិក​មួយគ្រឿង​ត្រូវបាន​អ៊ីរ៉ង់​បាញ់​ទម្លាក់​។ កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ប្រកាស​នៅ​ថ្ងៃទី​២០ ខែមិថុនា ថា ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូ​ន​របស់​យោធា​អាមេរិក​ដែល​បំពាន​ដែនអាកាស​អ៊ីរ៉ង់​ពីលើ​ច្រក​សមុទ្រ Hormuz ។ ប៉ុន្តែ​យោធា​អាមេរិក​អះអាងថា ដ្រូ​ន​នោះ ហោះ​ក្នុង​ដែនអាកាស​អន្តរជាតិ​ប៉ុណ្ណោះ​។ ទោះយ៉ាងណា ក្រុង​តេ​ហេ​រ៉ង់ និយាយ​ដែរ​ថា ខ្លួន​បាន​ប្រមូល​បំណែក​ដ្រូ​ន​ដែល​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល​មួយ​គ្រាប់​។​
 
​ក្រោយ​ហេតុការណ៍​នេះ នៅឯ​ទីក្រុង​វ៉ាស៊ីនតោន​វិញ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ត្រូវបាន​រាយការណ៍​ថា បាន​បញ្ជា​ឲ្យ​បើក​ការវាយប្រហារ​ដើម្បី​ផ្ដល់​មេរៀន​ឲ្យ​អ៊ីរ៉ង់​ដែល​បាញ់​ដ្រូ​ន​តម្លៃ​១៧០​លាន​ដុល្លារ​។ បើតាម​កាសែត The New York Times ដែល​ស្រង់​សម្ដី​មន្ត្រី​អាមេរិក ផែនការ​វាយប្រហារ​នោះ គឺ​សំដៅ​រ៉ា​ដា និង​ប្រព័ន្ធ​មី​ស៊ី​ល​របស់​អ៊ីរ៉ង់​។ ប៉ុន្តែ​ផែនការ​នេះ ស្រាប់តែ​ត្រូវបាន​ផ្លាស់ប្ដូរ​វិញ​ភ្លាមៗ​ដោយ​មិនមាន​មូលហេតុ​អ្វី​ទាំងអស់​។​
 
​បើតាម​កាសែត​ដដែល មន្ត្រីការទូត និង​យោធា​អាមេរិក​រំពឹងថា ការវាយប្រហារ​លើ​អ៊ីរ៉ង់ អាច​ចាប់ផ្ដើម​នៅ​ល្ងាច​ថ្ងៃទី​២០ ខែមិថុនា​។ មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋបាល​លោក ត្រាំ អះអាងថា មានការ​ជជែក​គ្នា​យ៉ាងខ្លាំង​ក្នុងចំណោម​ទីប្រឹក្សា​សន្តិសុខ​ប្រធានាធិបតី និង​មេដឹកនាំ​សភា​ពី​វិធានការ​ឆ្លើយតប​។ មុន​ការផ្អាក​ផែនការ​នេះ ប្រតិបត្តិ​ការវាយប្រហា​រ​អ៊ីរ៉ង់​ស្ថិត​ក្នុងការ​ដំណាក់​ដំបូង​ទៅហើយ គឺ​យន្តហោះ​ស្ថិត​លើ​អាកាស​ជាស្រេច ហើយ​នាវាចម្បាំង​ក៏​ត្រៀម​ដូចគ្នា ប៉ុន្តែ​គ្មាន​មី​ស៊ី​ល​មួយ​គ្រាប់​ណា ត្រូវបាន​បាញ់​ចេញ​ឡើយ​។   
 
​មិនមាន​មូលហេតុ​ណាមួយ​បញ្ជាក់​ពី​ការផ្លាស់ប្ដូរ​គម្រោង​នេះ​ទេ​។ គេ​មិន​ច្បាស់​ថា នេះ​ជាការ​សម្រេចចិត្ត​របស់​លោក​តែឯង ឬក៏​មានមតិ​ជំទាស់​ពី​មន្ត្រី​សន្តិសុខ​របស់លោក​ដែរ​។ អ្វីដែល​គេ​ដឹង គឺ​អាមេរិក​រៀបចំ​ជាស្រេច​ផែនការ​វាយប្រហារ​លើ​អ៊ីរ៉ង់​ដែល​អាចអនុវត្ត​នៅពេល​ក្រោយ ប្រសិនបើ​លោក ត្រាំ ទប់ចិត្ត​លែង​បាន​នោះ​។ ស្ថានការណ៍​បច្ចុប្បន្ន ទំនង​មិនទាន់​ដល់​ដំណាក់​កាលដែល​អាមេរិក​ត្រូវ​ប្រើ​ធម៌​ក្ដៅ​នៅឡើយ​ដែរ​។​
 
​ជុំវិញ​ការបាញ់​ទម្លាក់​ដ្រូ​ន​នេះ លោក ត្រាំ ចាត់ទុកថា អ៊ីរ៉ង់​បង្កកំហុស​ដ៏​ធំ​មួយ​ហើយ ប៉ុន្តែ​លោក​មិនទាន់​ជឿថា ការបាញ់​នេះ ជា​បញ្ជា​ចេញពី​ទីក្រុង​តេ​ហេ​រ៉ង់​ឡើយ​។ ប្រធានាធិបតី​អាមេរិក​រូបនេះ​បន្ថែមថា វា​អាចជា​កំហុស​របស់​មេទ័ព​អ៊ីរ៉ង់​ណា​ម្នាក់​ដែល​ឆោតល្ងង់​ប៉ុណ្ណោះ​។ តប​នឹង​សំណួរ​ក្រោយ​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ដែលថា អាមេរិក អាច​បើក​ការវាយប្រហារ​ណាមួយ​លើ​អ៊ីរ៉ង់​ឬ​អត់ លោក ត្រាំ ឆ្លើយថា​៖ «​អ្នកនឹង​ដឹង​ពេល​ក្រោយ​៕»  

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com