សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុន Apple ព្រមាន​រដ្ឋាភិបាល​អាមេរិក​ពី​ផលប៉ះពាល់​នៃ​ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​
21, Jun 2019 , 7:39 pm        
រូបភាព
លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Apple (ឆ្វេង) និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។ (ប្រភពរូប៖ AFP)
លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Apple (ឆ្វេង) និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។ (ប្រភពរូប៖ AFP)
ដោយ:
​ក្រុមហ៊ុន​បច្ចេកវិទ្យា Apple បាន​ព្រមាន​រដ្ឋបាល​អាមេរិក​ថា ផែនការ​ដំឡើង​ពន្ធ​លើ​ផលិតផល​នាំចូល​ចិន នឹងមាន​ឥទ្ធិពល​អវិជ្ជមាន​។ ក្រុមហ៊ុន​នេះ លើកឡើងថា វា​នឹង​ប៉ះពាល់​ដល់​ភាព​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន​ខ្លួន ព្រមទាំង​បង្វែរ​ទីផ្សារ​ទៅកាន់​ក្រុមហ៊ុន​ប្រកួតប្រជែង​ផ្សេងទៀត​ដែល​មិនមែនជា​របស់​អាមេរិក​ទៀតផង​។

 
​ក្នុង​បណ្តឹង​ដែល​បាន​ផ្ញើ​ទៅកាន់​តំណាង​ពាណិជ្ជកម្ម​អាមេរិក​នៅក្នុង​សប្តាហ៍​នេះ ក្រុមហ៊ុន Apple គូសបញ្ជាក់ថា គម្រោង​ដំឡើង​ពន្ធ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នឹង​ប៉ះពាល់​ដល់​សមត្ថភាពរ​បស់​ក្រុមហ៊ុន Apple ក្នុងការ​ប្រកួតប្រជែង និង​ចុងក្រោយ​ក៏​កាត់បន្ថយ​ការរួមចំណែក​របស់ខ្លួន​ក្នុង​សេដ្ឋកិច្ច​អាមេរិក ក្នុង​ទម្រង់​ជាការ​បង់ពន្ធ និង​ការវិនិយោគ​ជាដើម​។ 
 
​បណ្តឹង​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​នេះ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១៧ ខែមិថុនា បាន​កត់សម្គាល់ថា ក្រុមហ៊ុន Apple គឺជា​អ្នក​បង់ពន្ធ​សាជីវកម្ម​ធំ​បំផុត​របស់​សហរដ្ឋអាមេរិក ហើយ Apple ក៏​ត្រៀមខ្លួន​បោះទុន​វិនិយោគ​ប្រមាណ ៣៥០​ពាន់​លាន​ដុល្លារ​ក្នុងប្រទេស​នេះ ក្នុង​រយៈពេល ៥​ឆ្នាំ​ខាងមុខ​ថែម​ទៀតផង​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP  ក្រុមហ៊ុន Apple បញ្ជាក់​ឲ្យ​ដឹង​បែបនេះ​៖« ការដំឡើង​ពន្ធ អាមេរិក​លើ​ផលិតផល​របស់ Apple នឹង​បង្ក​ឲ្យ​មានការ​ធ្លាក់ចុះ​នៃ​ការរួមចំណែក​របស់​ក្រុមហ៊ុន Apple ក្នុង​សេដ្ឋកិច្ច​អាមេរិក​»​។ បន្ថែម​ពីនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ អះអាង​ទៀតថា គម្រោង​នេះ នឹងដាក់​បន្ទុក​លើ​ភាព​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន Apple ប៉ុន្តែ​វា​នឹង​ជួយ​ពង្រឹងសមត្ថភាព​របស់​ដៃគូ​ប្រកួតប្រជែង​ចិន​ដើម្បី​ជ្រៀតចូល​ទីផ្សារ​។ 
 
​ទាក់ទិន​នឹង​កង្វល់​នេះ ក្រុមហ៊ុន Apple ពន្យល់ថា​៖ «​បណ្តា​ក្រុមហ៊ុន​ចិន ដែល​យើង​កំពុង​ប្រកួតប្រជែង​ជាមួយ​ក្នុង​ទីផ្សារ​សាកល ពុំមាន​វត្តមាន​ច្រើន​ឡើយ​ក្នុង​ទីផ្សារ​អាមេរិក ដូច្នេះហើយ​ក្រុមហ៊ុន​ទាំងនេះ នឹង​ពុំ​រង​ផលប៉ះពាល់ ដោយសារ​ការដំឡើង​ពន្ធ​អាមេរិក​នោះទេ​»​។ ផ្ទុយទៅវិញ ផែនការ​ដំឡើង​ពន្ធ​អា​មេ​រិ​ន​នេះ នឹង​រុញច្រាន​ទីផ្សារ​ទៅ​ឲ្យ​ដៃគូ​ប្រកួតប្រជែង​សាកល​របស់​ក្រុមហ៊ុន Apple ។​
 
​សូមបញ្ជាក់ថា កន្លងទៅ សហរដ្ឋអាមេរិក បានកំណត់​ពន្ធ​នាំចូល​ចំនួន ២៥​ភាគរយ​លើ​ទំនិញ​ចិន ដែល​គិត​ជា​ទឹកប្រាក់​ជាង ២៥០​ពាន់​លាន​ដុល្លារ​។ ទីផ្សារ​សាកល កំពុង​រង​ការគំរាមកំហែង​ពី​គម្រោង​ដំឡើង​ពន្ធ​ជុំ​ថ្មី​មួយទៀត​របស់​ក្រុង​វ៉ាស៊ីនតោន​លើ​ទំនិញ​នាំចូល​ពី​ចិន​ដែល​ស្មើនឹង ៣០០​ពាន់​លាន​ដុល្លារ​។ 
 
​យោងតាម​របាយការណ៍​មួយចំនួន ក្រុមហ៊ុន Apple កំពុង​ពិចារណា​ផ្លាស់ប្តូរ​រោងចក្រ​ផលិត​ទូរ​សព្ទ​ឆ្លាត​វៃ iPhones និង​សម្ភា​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត​ពី​ប្រទេស​ចិន​ទៅកាន់​ឥណ្ឌា ឬ​ប្រទេស​ដទៃទៀត ដោយ​លើក​ហេតុផល​ថា ផែនការ​ដំឡើង​ពន្ធ​នេះ ក៏​រាប់បញ្ចូល​ផលិតផល​សំខាន់ៗ​របស់​ក្រុមហ៊ុន Apple ទាំងអស់ ដូចជា iPhone, iPad, Mac, AirPods និង AppleTV ៕

Tag:
 សហរដ្ឋអាមេរិក​
  ចិន
  Apple
  Iphone
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com