ជាតិ
គ្រឿងក្នុងជ្រូកជាង៥០០គីឡូ បម្រុងនាំមកភ្នំពេញ តែត្រូវអាជ្ញាធរចាប់បាននៅបន្ទាយមានជ័យ
× ភ្នំពេញ៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យបានបង្ក្រាបករណីនាំចូលគ្រឿងក្នុងជ្រូកគ្មានច្បាប់អនុញ្ញាត ជាងកន្លះតោនពីប្រទេសថៃ ដែលបម្រុងនាំមកភ្នំពេញ។
នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២០ខែមិថុនា បានឃាត់អ្នកបើកបររថយន្តម្នាក់ ដែលដឹកជញ្ជូនគ្រឿងក្នុងជ្រូកខូចគុណភាពចំនួន១២កេស ស្មើ ៥៧២គីឡូក្រាម នៅទីតាំងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ករណីបង្ក្រាបការចរាចរផលិតផលខូចគុណភាពនេះ គឺធ្វើឡើងក្រោយពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ។
ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យលោក ចាប សុផាឫទ្ធិ ត្រូវបានស្រង់សំដីនៅលើគេហទំព័រអគ្គស្នងការនគរបាលជាតិ ថា ការនាំចូលគ្រឿងក្នុងជ្រូកនេះគ្មានលិខិតអនុញ្ញាត និងគ្មានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញនោះឡើយ។ លោកបន្តថា គ្រឿងក្នុងជ្រូក៥៧២គីឡូក្រាមនោះ ពោះជ្រូក ២០០គីឡូក្រាម ត្រចៀកជ្រូក ១៨០គីឡូក្រាម បេះដូង ១៥០គីឡូក្រាម ឆ្អឹងជំនី២២គីឡូក្រាម និងពោះវៀនធំ២០គីឡូក្រាម។
បើតាមចម្លើយសារភាពពីអ្នកបើកបររថយន្តនោះ រូបគេប្រកបរបររត់រថយន្តឈ្នួល ហើយទើបតែស៊ីឈ្នួលដឹកគ្រឿងក្នុងជ្រូកលើកទី១ឲ្យថៅកែនៅភ្នំពេញ។
លោកស្នងការរង បានបញ្ជាក់ថា គ្រឿងក្នុងជ្រូកជាងកន្លះតោននេះ ត្រូវរក្សាទុករង់ចាំឲ្យមន្ត្រីជំនាញកាំកុងត្រូលចុះមកពិនិត្យ ក្រែងមានសារធាតុគីមី និងសុំគោលការណ៍ពីព្រះរាជអាជ្ញា ដើម្បីយកទៅដុតកម្ទេចចោល៕
Tag:
គ្រឿងក្នុងជ្រូក
កាំកុងត្រូល
© រក្សាសិទ្ធិដោយ thmeythmey.com