ការប្រកួតបាល់ទាត់ក្របខណ្ឌខេមបូឌានលីគបានឈានដល់សប្តាហ៍ទី១២ ដោយនៅថ្ងៃសៅរ៍ ទី២២ មិថុនានេះ មានការប្រកួតចំនួន៣គូ។ ក្នុងនោះក្រុមភ្នំពេញក្រោនត្រូវបើកទ្វារកីឡដ្ឋាន R.S.N ស្វាគមន៍ភ្ញៀវអង្គរថាយហ្គឺរ ក្រោយក្រសួងការពារជាតិ(ទ័ព)និងព្រះខ័នរាជស្វាយរៀង ជួបគូប្រជែងនៅក្រៅទឹកដី។
ភ្នំពេញក្រោនប៉ះអង្គរថាយហ្គឺរ វេលម៉ោង៦ល្ងាចនៅកីឡដ្ឋាន R.S.N
នេះជាជំនួបដ៏ជក់ចិត្តនិងតានតឹងប្រចាំថ្ងៃនេះ ខណៈក្រុមទាំងពីរសុទ្ធតែត្រូវឈ្នះ ដើម្បីរក្សាគន្លាតក្នុងការប្រជែងដណ្តើមកំពូលតារាង។ ក្រោយចាញ់សូលទីឡូអង្គរ ១-០ នៅសប្តាហ៍ទី៨ ភ្នំពេញក្រោនបានស្តារមុខមាត់ តាមរយៈការយកឈ្នះ៣ប្រកួតជាប់គ្នា ក្នុងនោះឈ្នះគីរីវង់សុខសែនជ័យ ២-១ ក្រសួងការពារជាតិ ៣-១ និងអគ្គិសនីកម្ពុជា ៥-០។ ជ័យជម្នះជាបន្តបន្ទាប់នេះជួយឲ្យក្រុមមានមូលដ្ឋាននៅភ្នំពេញមួយនេះ ឡើងទៅឈរលេខរៀងទី៦មាន១៨ពិន្ទុ។
ងាកមកមើលអង្គរថាយហ្គឺរ ១១ប្រកួតកន្លងមក ពួកគេចាញ់តែ១ប្រកួតប៉ុណ្ណោះ គឺក្រោមថ្វីជើងណាហ្គាវើលដោយលទ្ធផល ៤-០។ បច្ចុប្បន្នក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ ស្ថិតនៅលេខរៀងទី៣មាន២៤ពិន្ទុ ក្រោយឈ្នះ៧ ស្មើ៣ និងចាញ់១។ សម្រាប់៣ប្រកួតចុងក្រោយ ពួកគេឈ្នះទាំង៣ប្រកួត ដោយយកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ៤-២ សូលទីឡូអង្គរ ៣-០ និងគីរីវង់សុខសែនជ័យ ២-០។
អាស៊ីអឺរ៉ុបប៉ះព្រះខ័នរាជស្វាយរៀង វេលាម៉ោង៣:៣០នាទីរសៀលនៅកីឡដ្ឋាន A.E.U Park
ជ័យជម្នះ ៣-១ លើក្រុមវិសាខាកាលពីសប្តាហ៍មុន វាជាកាដូលើកទឹកចិត្តសម្រាប់កីឡាករអាស៊ីអឺរ៉ុប ដើម្បីបន្តស្វែងរកជ័យជម្នះពីជើងខ្លាំងព្រះខ័នរាជស្វាយរៀងនៅថ្ងៃនេះ។ គេសង្កេតឃើញមួយរយៈចុងក្រោយអាស៊ីអឺរ៉ុបឡើងជើងគួរឲ្យកត់សម្គាល់ ដោយបានយកឈ្នះក្រុមបាតតារាងកំពង់ចាម ៥-0 យុវជនអាយុក្រោម១៨ឆ្នាំបាទី ៦-១ និងឈ្នះវិសាខា ៣-១ កាលពីសប្តាហ៍មុខ។ តែយ៉ាងណា វាមិនមែនជារឿងងាយស្រួលក្នុងការយកឈ្នះសម្រាប់អាស៊ីអឺរ៉ុបឡើយ ព្រោះ១១ប្រកួតកន្លងមកព្រះខ័នរាជស្វាយរៀងមិនទាន់ស្គាល់បរាជ័យនោះឡើយ ដោយឈ្នះ៩ និងស្មើ ២។ ជ័យជម្នះវាជាអ្វីដែលស្វាយរៀងត្រូវការនៅថ្ងៃនេះ ដើម្បីបន្តគ្រងកំពូលតារាង។ បច្ចុប្បន្នស្វាយរៀងស្ថិតនៅកំពូលតារាងមាន២៩ពិន្ទុ ខណៈអាស៊ីអឺរ៉ុបស្ថិតនៅលេខ៨មាន១៦ពិន្ទុ។
អគ្គិសនីកម្ពុជាប៉ះក្រសួងការពារជាតិ វេលាម៉ោង៣:៣០នាទីរសៀលនៅកីឡដ្ឋានអគ្គិសនីកម្ពុជា
ក្រោយស្មើ ២-២ ជាមួយអាស៊ីអឺរ៉ុបនៅសប្តាហ៍ទី៦ក្រុមអគ្គិសនីកម្ពុជាស្គាល់ជ័យជម្នះតែមួយលើកប៉ុណ្ណោះក្នុងចំណោម៥ប្រកួតរបស់គេ ដោយយកឈ្នះគីរីវង់សុខសែនជ័យ ២-១។ ប៉ុន្តែចាញ់ណាហ្គាវើល ៣-០ អគ្គស្នងការដ្ឋាននគរបាលជាតិ ១-០ សូលទីឡូអង្គរ ៤-២ និងចាញ់ភ្នំពេញក្រោន ៥-០។ ការប្រកួត១១លើកកន្លងមករបស់ក្រុមស្ថិតនៅលេខរៀងទី១១មួយនេះ គឺឈ្នះ៣ ស្មើ១ និងចាញ់៧។
ក្រោយចាញ់ពីរប្រកួតជាប់គ្នាក្រោមថ្វីជើងភ្នំពេញក្រោន ៣-១ និងព្រះខ័នរាជស្វាយរៀង ២-១ ក្រសួងការពារជាតិត្រូវការឈ្នះអាស៊ីអឺរ៉ុបនៅថ្ងៃនេះ ដើម្បីបន្តក្តីសង្ឃឹមក្នុងការប្រជែងដណ្តើមកំពូលតារាង។ បច្ចុប្បន្នក្រុមក្រោមការដឹកនាំរបស់លោក ទេព ឡុងរចនា ស្ថិតនៅលេខរៀងទី៧មាន១៧ពិន្ទុ ដោយចាញ់ក្រុមកំពូលតារាងរហូត១២ពិន្ទុ៕