ជាតិ
សង្គមជាតិ
ឥណ្ឌា​រៀបចំ​ទិវា​យោ​គៈ​អន្តរជាតិ​លើក​ទី​៥​នៅ​ភ្នំពេញ ព្រះសីហនុ សៀមរាប និង​បាត់ដំបង​
22, Jun 2019 , 12:10 pm        
រូបភាព
ដោយ: រួបរួម
​ទិវា​យោ​គៈ​អន្តរជាតិ​លើក​ទី​៥ (5th International Day of Yoga) ត្រូវបាន​រៀបចំ​ទូទាំង​ពិភពលោក ចាប់ពី​ថ្ងៃទី​២១ ខែមិថុនា​។ នៅ​កម្ពុជា ស្ថានទូត​ឥណ្ឌា ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួងទេសចរណ៍ និង​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​ព្រឹត្តិការណ៍​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​២២ ខែមិថុនា និង​នៅ​ថ្ងៃ​សៀមរាប និង​បាត់ដំបង នា​ថ្ងៃទី​២៣ ខែមិថុនា​។​



​មនុស្ស​ប្រមាណ​២០០០​នាក់ បាន​ចូលរួម​ទិវា​យោ​គៈ​អន្តរជាតិ​លើក​ទី​៥ ដែល​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២២ ខែមិថុនា នេះ ដោយមាន​ការចូលរួម​ជា​អធិបតី​ពី​សំណាក់​លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​កម្ពុជា​។​


លោក ប៉ាក់ សុខុម លោកស្រី Manika Jain និង​លោកស្រី គឹម សេដ្ឋានី។ រូបថត ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា

​លោកស្រី Manika Jain បានលើកឡើង​ពី​សារសំខាន់​នៃ​លំ​ហាត់ប្រាណ​យោ​គៈ​ដែលមាន​អាយុកាល​ប្រមាណ​៥០០០​ឆ្នាំ ក្នុងការ​រួមចំណែក​លើ​ក​កម្ពស់​សុខភាព​ផ្លូវចិត្ត និង​រាងកាយ ហើយ​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi តែងតែ​អនុវត្ត​ជាប្រចាំ​។​

​ក្រៅពី​ពិធី​ដែល​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ ទិវា​យោ​គៈ​អន្តរជាតិ​លើក​ទី​៥ ក៏​ត្រូវបាន​រៀបចំឡើង​តំណាលគ្នា​នៅ​ឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ​ផងដែរ​។ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ទិវានេះ​នឹងត្រូវ​បន្ត​រៀបចំ​នៅ​មុង​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប និង​សាលាខេត្ត​បាត់ដំបង​។​


អ្នកចូលរួម​ក្នុងលំហាត់ប្រាណយោគៈ នាព្រឹកថ្ងៃទី២២ ខែមិថុនា។ រូបថត Moeys Cambodia

លោក ប៉ាក់ សុខុម បាន​ទាញ​ភ្ជាប់​ពី​សារសំខាន់​ក្នុងការ​រៀបចំ​ទិវា​យោ​គៈ ក្នុងការ​ពង្រីង និង​ផ្សព្វផ្សាយ​ទេសចរណ៍ រីឯ​លោកស្រី គឹម សេដ្ឋា​នី វាយតម្លៃថា ការ​បំផុស​ចលនា​យោ​គៈជា​ផ្នែក​មួយ​នៃ​ការលើកកម្ពស់​សុខភាព​ផ្លូវចិត្ត​នាពេល​បច្ចុប្បន្ន​៕










Tag:
 យោគៈ
© រក្សាសិទ្ធិដោយ thmeythmey.com