អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
វិស័យ​កាត់ដេរ​នៅតែ​ដំណើរ​ការល្អ ខណៈ​តម្រូវការ​ទីតាំង​សង់រោង​ចក្រ និង​ឃ្លាំង​បន្ត​កើនឡើង​
23, Jun 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​វិស័យ​កាត់ដេរ​កម្ពុជា នឹង​នៅតែ​រក្សា​ស្ថាន​ភាពល្អ និង​បន្ត​អភិវឌ្ឍន៍ បើទោះបី​ជាមាន​ការបារ​ម្ភ ពី​ឥទ្ធិពល​នៃ​ការផ្លាស់ប្តូរ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​ប្រឈម​ទល់នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ពី​ទីផ្សារ​សំខាន់​ក្តី​។ នេះ​បើ​យោងតាម​អ្នកតំណាង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​។​
 
​តែ​ទន្ទឹមនេះ អ្នកតំណាង​រូបនេះ​ក្រើន​រំឭកថា ការរក្សា​លំនឹង​នេះ​ទៅបាន លុះត្រាតែ​ភាគី ពាក់ព័ន្ធ​ក្នុង​ឧស្សាហ​កម្មនេះ បន្ត​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់ខ្លួន ដើម្បី​ទទួលបាន​ការបញ្ជា ទិញ​បន្ថែម​ពី​អ្នកបញ្ជា​ទិញ​។​
 
​គិត​មកទល់ពេលនេះ តម្រូវការ​ដី​សម្រាប់​ដាក់​ទីតាំង​រោងចក្រ​ថ្មី និង​សាងសង់​ឃ្លាំង​នៅ​បន្ត​កើនឡើង ដែល​បាន​បង្កើន​តម្លៃ​ជួល​ជា​បន្តបន្ទាប់​។ នេះ​បើ​យោងតាម​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​។​
 
​លោក ច​ន ចា សមាជិក​គណ​កម្ម​ធិ​កា​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បានលើកឡើង​ប្រាប់​អ្នក​សារ​ព័ត​មាន ក្នុង​សន្និសីទ​ស្តីពី​ប​ដិ​វដ្ត​ឧស្សាហកម្ម ៤.០ និង​អនាគត​ឧស្សាហកម្ម​កាត់ដេរ​កម្ពុ​ជា កាលពី​ថ្ងៃ​ពុធ​ថា ការពង្រឹង​ភាព​ប្រកួតប្រជែង​ក្នុង​ឧស្សាហកម្ម​កាត់ដេរ មាន​សារៈសំខាន់​ជាង​អ្វីៗ​ទាំងអស់ បើទោះបីជា​ស្ថិតក្នុង​ស្ថានភាព ដែល​ត្រូវ​សម្រប​ខ្លួន​នឹង​ការប្រែប្រួល​នៃ​បច្ចេកវិទ្យា ឬ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក៏ដោយ​។ លោក​ថ្លែងថា​៖«​ដរាបណា​យើង​ធ្វើ​ឲ្យ​ខ្លួនឯង មាន​ថ្លៃ​ផលិត​មាន​ប្រសិទ្ធភាព ឧស្សាហកម្ម​កាត់ដេរ នៅ​កម្ពុជា​នៅតែមាន​ភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ផ្សេង​បាន​»​។​
 
​លោក​បន្តថា រដ្ឋាភិបាល​បានប្រកាស​គំនិត​ផ្តួចផ្តើម​ជា​ស៊េរី​ជាច្រើន ក្នុង​គោលដៅ​កាត់បន្ថយ ថ្លៃដើម​ក្នុង​ការធ្វើ​អាជីវកម្ម រាប់​តាំងពី​ថ្លៃ​ភ្លើង ឡូ​ជី​ស្ទីក ថ្លៃ​ធ្វើ​អធិការកិច្ច​ទំនិញ​នាំចេញ​ជាដើម ដែល​កត្តា​នេះ​បានរួម​ចំណែក​បង្កើន​ភា​ព​ប្រកួតប្រជែង​។ លោក​បន្តថា​៖«​នៅពេលដែល​យើង​បានទទួល​ការបញ្ជាទិញ​កាន់តែច្រើន យើង​ត្រូវការ​កម្មករ ច្រើនជាង​មុន​។ យើង​មាន​បំពាក់​ម៉ាស៊ីន​ស្វ័យប្រវត្ត​រួចហើយ ធៀប​នឹង​កាលពី ២០ ឆ្នាំមុន​ដែល​អ្វីៗ​ធ្វើ​ដោយ​ដៃ​។ ហើយ​ម៉ាស៊ីន​ស្វ័យប្រវត្ត​ទាំងនេះ​មិនបាន​កាត់បន្ថយ​បុគ្គលិក នោះទេ​»​។​
 
​ឆ្លើយតប​នឹង​សំណួរ​អ្នក​សារ​ព័ត​មាន ថា​តើ​ការ​ប្រឈម​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទៅ​ទីផ្សារ​អ៊ឺរ៉ុប នឹង​ប៉ះពាល់​ផលិតកម្ម​កាត់ដេរ​ធ្ងន់ធ្ងរ ឬ​យ៉ាងណា​នោះ  លោក ច​ន ចា បាន​លើកឡើងថា ឧស្សាហ​កម្មនេះ នៅតែ​អាចរ​ស់បាន ប្រសិនបើ​គ្រប់ភាគី​កែលម្អរ​ភាព​ប្រកួតប្រជែង​។ 
 
​លោក​បញ្ជាក់ថា​៖ «​យើង​បាន​កសាង​គុណសម្បត្តិ​របស់​យើង ទាក់ទង​នឹង​ថ្លៃ ទាក់ទង​នឹង​ប្រព័ន្ធ ឡូ​ជី​ស្ទីក និង​ទាក់ទង​នឹង​បញ្ហា​ប្រឈម​មួយចំនួនទៀត ដែល​ធ្លាប់​ប៉ះពាល់​ដល់​ឧស្សាហ​កម្មនេះ​។ យើង​បាន​ព្យាយាម​ខ្លាំង​បំផុត អ៊ីចឹង​យើង​អាចរ​ស់បាន និង​រស់​បានល្អ​ទៀតផង​ក៏​ថា​បាន​»​។ លោក​បន្តថា​៖«​ថា​តើ EBA ត្រូវ​ដក​ឬ មិន​ដក យើង​ត្រូវ​ពង្រឹង​ខ្លួន​ឲ្យ​ខ្លាំង​។ យើង​ត្រូវ​ពង្រឹង​ខ្លួនឯង​ជាប្រចាំ​ថ្ងៃ ប្រចាំខែ និង​ប្រចាំឆ្នាំ​»​។​
 
​យោងតាម​លោក ច​ន ចា វិស័យ​កាត់ដេរ​កម្ពុជា នៅតែមាន​កំណើន​ការបញ្ជាទិញ គិត​មកទល់ពេលនេះ​។ កាលពី​ឆ្នាំ ២០១៨ ការនាំចេញ​ផលិតផល​កាត់ដេរ និង​សម្លៀកបំពាក់​មានតម្លៃ​ជា​ទឹកប្រាក់ ១០ ពាន់​លាន​ដុល្លារ កើនឡើង ២៤ ភាគរយ ធៀប​នឹង ៨ ពាន់​លាន​ដុល្លារ​ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។ កាលពី​ឆ្នាំ ២០១៧ អត្រាកំណើន​មាន​ត្រឹមតែ ៧,៦ ភាគរយ​ប៉ុណ្ណោះ​។​
 
​លោក សន សៀ​ប ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ ឃី រៀល​អ៊ី​ស្ទេ​ត បាន​ប្រាប់ Realestate.com.kh កាលពី​ថ្មីៗ​នេះ​ថា តម្រូវការ​ទីតាំង​សម្រាប់​បើក​រោងចក្រ​ថ្មី និង​ឃ្លាំង​នៅតែមាន​កំណើន ហើយ​បានធ្វើ​ឲ្យ​ថ្លៃឈ្នួល​កើនឡើង​ផងដែរ​។​
 
​លោក​បន្តថា​៖ «​គិត​មកទល់ពេលនេះ មិនទាន់មាន​សញ្ញា​អវិជ្ជមាន​អី​ណាមួយ​ដល់​តម្រូវការ​ឃ្លាំង ឬ ទីតាំង​សម្រាប់​ដាក់​រោងចក្រ​ទេ​។ តាមពិតទៅ តម្រូវការ​នៅតែ​កើនឡើង ហើយ​ថ្លៃឈ្នួល​ក៏​ខ្ពស់ជាង​មុន​ដែរ​»៕
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com