រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​៖ រកឃើញ២សព​នាក់បន្ថែម សរុប​អ្នកស្លាប់​កើន​ដល់​១៣នាក់​
ជាតិ
រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​៖ រកឃើញ២សព​នាក់បន្ថែម សរុប​អ្នកស្លាប់​កើន​ដល់​១៣នាក់​
22, Jun 2019 , 11:56 pm        
រូបភាព
ដោយ: ថ្មីៗ
បន្ទាប់ពី​ការិយាល័យអ្នកនាំពាក្យ​រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសពីការរកឃើញសាកសព​៤នាក់​ក្នុងគំនរនៃអគារ​ដែលរលំក្នុងខេត្តព្រះសីហនុ ក្រុម​សង្គ្រោះបាន​បន្ត​រកឃើញសព២នាក់​បន្ថែមទៀត មុនឈាន​ចូលថ្ងៃទី​២៣ ខែ​មិថុនា។ តុល្យការ​ថ្មី​ចុងក្រោយ បង្ហាញថា ចំនួន​អ្នកស្លាប់​បាន​កើន​ដល់​១៣​នាក់ ខណៈ​អ្នករងរបួស​មាន​២៣​នាក់​ ដោយគិតត្រឹមម៉ោង១២អាធ្រាត្រ​ថ្ងៃទី២២ ខែមិថុនា។



កម្លាំងដល់ទៅ១០០០នាក់ឯណោះ​ដែលកំពុងប្រតិបត្តិការរកជនរងគ្រោះក្នុងគំនរអគារដែលរលំនោះ។ រដ្ឋបាលខេត្តព្រះសីហនុ បានកំណត់រួចហើយ ថា នឹងបន្តស្វែងរកជនរងគ្រោះឲ្យទាល់តែអស់ ទោះជាដល់យប់ថ្មើរក៏ដោយ។

ចំណែកសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងស្ថិតក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសថៃ ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខ និងសោកស្តាយដែរ ចំពោះឧបទ្ទវហេតុដ៏អាក្រក់នេះ ហើយបានបញ្ជាមកសមត្ថកិច្ច ឲ្យបន្តជួយសង្គ្រោះជនរងគ្រោះ។

លោក សាយ សំ​អាល់ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ព្រះសីហនុ  បាន​ចុះ​ពិនិត្យ​ដោយផ្ទាល់​នៅ កន្លែងកើតហេតុ និង​បាន​កៀរគរ​កម្លាំង​សង្គ្រោះ​ពី​មជ្ឈដ្ឋាន​នានា​ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ខ្លះ​ដែល​សង្ស័យថា​បាននិងកំពុង​ស្ថិតនៅក្នុង​គំនរ​បាក់បែក​នោះ​នៅឡើយ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា មិនទាន់ មាន​ប្រភពព័ត៌មាន​ណាមួយ អាច​បញ្ជាក់ថា នៅមាន​មនុស្ស​ប៉ុន្មាន​នាក់​ទៀត​កំពុង​ជាប់​ក្នុង​គំនរ​អគារ​រលំ នេះ​ទេ​៕


Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com