អន្តរជាតិ
សិង្ហបុរី៖ លើសពីការបោះឆ្នោត ប្រជាធិបតេយ្យជាការចូលរួមគ្នាក្នុងកសាងសង្គមមួយដែលគ្រប់គ្នាមានមោទកភាព លោក Heng Swee Keat ថ្លែងទៅកាន់អ្នកចូលរួមក្នុងកម្មវិធីកសាងអនាគតយើង (រូបភាព៖ ទំព័រហ្វេសប៊ុករបស់លោក Heng Swee Keat)
× ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Heng Swee Keat យល់ឃើញថា សង្គមប្រជាធិបតេយ្យមួយមិនអាចស្តែងឡើងចេញត្រឹមតែពីការបោះឆ្នោតប៉ុណ្ណោះនោះទេ តែពីឥរិយាបថរបស់ប្រជាជនផងដែរ។ សម្រាប់លោកសង្គមប្រជាធិបតេយ្យដែលជាទីមោទកភាព ចាំបាច់ណាស់ត្រូវការចូលរួមពីប្រជាជនទាំងពេលបង្កើត និងអនុវត្តគោលនយោបាយ។
នាវេទិកាសន្និសីទស្តីពីសង្គមឯកភាពនៅថ្ងៃ២១ មិថុនា លោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី លោក Heng Swee Keat បានលើកឡើងជាថ្មីពីការប្តេជ្ញាចិត្តក្នុងការធ្វើជាដៃគូជាមួយនឹងប្រជាជនក្នុងការបង្កើត និងអនុវត្តគោលនយោបាយ ក្នុងគោលដៅកសាងសង្គមរបស់សិង្ហបុរី ប្រកបដោយឯកភាព និងជាកន្លែងជាមោទកភាពសម្រាប់ប្រជាជនគ្រប់រូប។
តាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី Today Online លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ ការកសាងសង្គមដែលមានលក្ខណៈចម្រុះគ្នាច្រើនរវាងប្រជាជន គឺជារឿងសំខាន់ណាស់ ខណៈដែលពិភពលោក កំពុងតែប្រឈមនឹងភាពមិនប្រាកដប្រជាទាំងក្នុងផ្នែកពាណិជ្ជកម្ម, ការផ្លាស់ប្តូរនៃបច្ចេកវិទ្យា និងចលនាផ្លាស់ទីរបស់ប្រជាជន។ លោក យល់ឃើញថា មានតែការចូលរួមធ្វើការជាមួយគ្នាជិតស្និទ្ធនោះទេ ទើបអាចដោះស្រាយបញ្ហាប្រឈមនេះ។
ត្រង់ចំណុចនៃការកសាងសាមគ្គីភាពចំណោមគ្នា លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការតាំងចិត្តរបស់រដ្ឋាភិបាលសិង្ហបុរី ជាពិសេសក្រុមអ្នកដឹកនាំជំនាន់ទីបួន (4G) ដែលរង់ចាំធ្វើការជាមួយនឹងប្រជាជនដើម្បីកសាងអនាគតមួយ ដែលគ្រប់គ្នាមានចំណែកចូលរួម ហើយក៏ជាម្ចាស់កម្មសិទ្ធិ។
លោក Heng ដែលត្រូវបានគេជឿជាក់ថា ជាអ្នកបន្តវេនដឹកនាំប្រទេសបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Lee Hsein Loong បញ្ចប់អាណត្តិ បានអះអាងថា នៅក្នុងប្រទេសជាច្រើន គិតថា ពួកគេ មានប្រជាធិបតេយ្យ ក្នុងត្រឹមតែលក្ខខណ្ឌបោះឆ្នោតប៉ុណ្ណោះ ក៏ប៉ុន្តែធាតុពិត និងជាមូលដ្ឋាន ប្រជាធិបតេយ្យ ផ្តោតទៅលើលទ្ធភាព ដែលប្រជាជនអាចធ្វើបាននៅក្នុងសង្គម។ លោក សំដៅលើការចូលរួមចំណែកបង្កើត និងអនុវត្តគោលនយោបាយ។
លោក បានជំរុញឲ្យប្រជាជនសិង្ហបុរីទាំងអស់បន្តដើរតួជាផ្នែកមួយនៃការកសាងសិង្ហបុរី, ចូលរួមចំណែកគ្រប់មធ្យោបាយដែលខ្លួនអាចធ្វើទៅបាន ទាំងតាមរយៈការបង្កើតគោលនយោបាយ ការងារមនុស្សធម៌ និងការជួយយកអាសាអ្នកជុំវិញ ឬសហគមន៍រស់នៅរបស់ខ្លួន៕
Tag:
សិង្ហបុរី
ប្រជាធិបតេយ្យ
Heng Swee Keat
© រក្សាសិទ្ធិដោយ thmeythmey.com