ពីនេះ ពីនោះ
ពាក្យ​«​ប៉ូលិស​»​ដើមកំណើត​ដូចម្តេច​?
23, Jun 2019 , 2:59 pm        
រូបភាព
​នៅ​ក្នុងសម័យ​បច្ចុប្បន្ន ពាក្យ​ថា​«​ប៉ូលិស​»​ជាទូទៅ​មានន័យ​ជារួម​ថា ក្រុម​កម្លាំង​មនុស្ស​ដែលមាន​តួរ​នាទី​ក្នុងការ​រក្សា​សណ្តាប់ធ្នាប់​ទៅតាម​លក្ខ​ខ​ណ្ខ​នៃ​ច្បាប់​។ សម្រាប់​កម្ពុជា​ពាក្យ​«​ប៉ូលិស​»​ជា​ពាក្យ​កម្ចី​ពី​បារាំង​ថា «Police» ។

 
​គេហទំព័រ greece.greekreporter.com បាន​ពន្យល់ថា ពាក្យ Police មាន​ដើមកំណើត​មកពី​ពាក្យ​ឡាតាំង​ដែល​គេ​សរសេរថា «Politia» ។ តែ​ពាក្យ​ឡាតាំង​មួយ​នេះ​មាន​ដើមកំណើត​មកពី​ពាក្យ​កាន់តែ​ចំណាស់​ទៅទៀត​។ ពាក្យចំ​ណាស់​នោះ​ត្រូវបាន​សរសេរថា «Politeia» មាន​ដើមកំណើត​មកពី​ប្រទេស​ក្រិ​ក​បុរាណ​។ 
 
Politeia មានន័យថា ប្រជារាស្ត្រ រដ្ឋបាល រាជការ ឬ អង្គការ​។ ពាក្យ​ទាំងនេះ​មាន​ឫសគល់​ចំបង​មកពី​បុព្វបទ «Polis» ដែល​មានន័យថា «​ទីក្រុង​»​។ សម្រាប់​ប្រទេស​ក្រិ​ក​បុរាណ ពាក្យ Politeia ប្រកប​អត្ថន័យ​ថា ជា​ក្រុមមនុស្ស​គ្រប់ផ្នែក​ទាំងអស់​ដែលមាន​នាទី​ក្នុងការ​គ្រប់គ្រង​ដែនដី​ទីក្រុង​។ សម្រាប់​ក្រិ​ក​បុរាណ ពាក្យ​សម្រាប់​សម្គាល់​ក្រុមប៉ូលិស​តែម្តង​ត្រូវបាន​គេ​សរសេរថា «Astynomia»​។ 
 
​ចាប់ពី​សតវត្ស​ទី​ប្រាំ​មុន​គ្រិស្តសករាជ កម្លាំង​ប៉ូលីស​នៃ​ក្រិ​ក​បុរាណ បានចាប់ផ្តើម​មាន និង​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន ហើយ​តួរ​នាទី​របស់​ពួកគេ​ក៏មាន​ភាពស្រដៀងគ្នា​ជាមួយនឹង​ក្រុមប៉ូលិស​ក្នុងពេល​សព្វថ្ងៃ​ដែរ​។ ទីក្រុង​អា​តែ​ន ដែលជា​ទីក្រុង​ចំណាស់​មួយ​របស់​ក្រិ​ក បានប្រគល់​តួនាទី​ទៅកាន់​ក្រុមប៉ូលិស​ក្នុងការ​គ្រប់គ្រង​សណ្តាប់ធ្នាប់​ទូទៅ អនាម័យ រក្សា​សីលធម៌ ពិនិត្យ​ផ្សារ​លក់ដូរ ពិនិត្យ​ការសាងសង់ ឬ​ពិនិត្យ​ជនបរទេស​ជាដើម​៕

Tag:
 ប៉ូលិស​
 ​ចំណេះដឹង​ទូទៅ​
© រក្សាសិទ្ធិដោយ thmeythmey.com