អន្តរជាតិ
មី​យ៉ាន់​ម៉ា បញ្ជា​ឲ្យ​បិទ​អ៊ីនធឺណិត ខណៈ​ស្ថានការណ៍​នៅ​រដ្ឋ Rakhine កាន់តែ​ដុនដាប​
23, Jun 2019 , 9:59 pm        
រូបភាព
ដោយ:
​អាជ្ញាធរ​មី​យ៉ាន់​ម៉ា បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍  បិទ​សេវាកម្ម​អ៊ីនធឺណិត ក្នុង​តំបន់​ជម្លោះ​ហែកហួរ​ភាគ​ខាងលិច​នៃ​ប្រទេស ។ ការចេញ​បទបញ្ជា​នេះ ធ្វើឡើង​ខណៈ​ភាព​តានតឹង​បន្ត​កើនឡើង​ក្នុង Rakhine ទី​ដែល​កងទ័ព​រដ្ឋាភិបាល​កំពុង​ប្រយុទ្ធ​តទល់​ជាមួយ​ក្រុម​ឧទ្ទាម​ភាគតិច​។

 
​នៅ​ថ្ងៃ​សៅរ៍ ទី ២២ មិថុនា ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​បំផុត​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា  Telenor Group បញ្ជាក់​ឲ្យ​ដឹងថា ក្រសួង​ព័ត៌មាន និង​ដឹកជញ្ជូន​មី​យ៉ាន់​ម៉ា បាន​ក្រុមហ៊ុន​ទូរគមនាគមន៍​ទាំងអស់ ផ្អាក​សេវាកម្ម​អ៊ីនធឺណិត​ជា​បណ្តោះអាសន្ន ក្នុង​តំបន់​ទាំង​១១ ក្នុង​រដ្ឋ Rakhine និង​រដ្ឋ​ក្បែរ​នោះ Chin ។ 
 
​ទាក់ទិន​នឹង​ការបិទ​នេះដែរ  ក្រសួង បាន​លើក​ហេតុផល​បែបនេះ​៖ «​ការរំខាន​ដល់​ដំណើរ​ឆ្ពោះទៅរក​សន្តិភាព  និង​ការប្រើប្រាស់​សកម្មភាព​អ៊ីនធឺណិត​នានា ដើម្បី​ស​ម្រួ​ប​សម្រួល​សកម្ម​ភាពខុស​ច្បាប់​»​។ យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដោយ​ដកស្រង់​សេចក្តីថ្លែងការណ៍​ក្រុមហ៊ុន​ខាងលើ ការបិទ​សេវាកម្ម​អ៊ីនធឺណិត​នេះ បាន​ចូល​ជាធរ​មាននៅ យប់​ថ្ងៃ​សុក្រ​ទី ២១ ខែមិថុនា ឆ្នាំ​២០១៩​។​
 
​ទន្ទឹមនឹង​គ្នា​នេះ ក្រុមហ៊ុន Telenor Myanmar ក៏បាន​ស្នើសុំ​ការពន្យល់​បន្ថែមទៀត​សម្រាប់​ការបិទ​នេះ​ពី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​បាន​សង្កត់ធ្ងន់ថា សេរីភាព​នៃ​ការបញ្ចេញមតិ តាមរយៈ​សេវាកម្ម​ទូរគមនាគមន៍ គួរតែ​រក្សាទុក​សម្រាប់​គោលបំណង​មនុស្សធម៌​នានា​។ 
 
​យ៉ាងណាមិញ នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​សៅរ៍​ទី ២២ មិថុនា អ្នកនាំពាក្យ​យោធា ឧ​ត្ត​ម​សេនីយ៍ Zaw Min Tun បាន​ច្រានចោល​ដំណឹង​នេះ ដោយ​អះអាងថា ក្រុម​យោធា​មី​យ៉ាន់​ម៉ា ពុំ​ដឹងលឺ​អំពី​រឿង​បិទ​អ៊ីនធឺណិត​នេះឡើយ​។ 
 
​សូមបញ្ជាក់ថា ស្ថានការណ៍​នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន ទទួលបាន​ការចាប់អារម្មណ៍​ជាខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ ក្រោយពី​ជនជាតិ​ម៉ូ​ស្លី​ម​ជាង ៧០​ម៉ឺន​នាក់​បាន​ភៀសខ្លួន​ចូលទៅ​កាន់​ព្រំដែន​បង់​ក្លា​ដេ​ស ដើម្បី​គេចផុត​ពី​ការបង្ក្រាប​ដ៏​ឃោរឃៅ​ពី​សំណាក់​ក្រុម​យោធា​មី​យ៉ាន់​ម៉ា ។  
 
​ភ្នាក់ងារ​ស៊ើបអង្កេត UN បាន​កោះហៅ​ឲ្យ​មានការ​កាត់ទោស​លើ​មន្ត្រី​យោធា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា ពាក់ព័ន្ធ​នឹង​សំណុំរឿង សម្លាប់​រង្គាល រំលោភ និង​ដុត​ផ្ទះសម្បែង​ជាដើម​។ យ៉ាងណាមិញ ក្រុម​យោធា ទាត់ចោល​ការចោទប្រកាន់​នេះ​។​
 
​យោងតាម​ការិយាល័យ UN សម្រាប់​ស​ម្រួ​ប​សម្រួល​កិច្ចការ​មនុស្សធម៌ ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៨​មក ការប្រយុទ្ធ​គ្នា​រវាង​ក្រុម​យោធា​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម Arakan បាន​បង្ខំ​ឲ្យ​មនុស្ស​រាប់ម៉ឺន​នាក់ ភៀសខ្លួន​ចេញពី​លំនៅឋាន​របស់​ពួកគេ នៅ​ជុំវិញ​តំបន់ ភាគ​កណ្តាល និង​ខាងជើង នៃ​រដ្ឋ​រ៉ា​ក់​ឃី​ន និង ផ្នែក​ខ្លះ​នៃ​រដ្ឋ ជីន​៕ 
 

Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ា​ក់​ឃី​ន
© រក្សាសិទ្ធិដោយ thmeythmey.com