ជាតិ
សង្គមជាតិ
ក្រោយបាក់អគារ រដ្ឋាភិបាលបង្កើតគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ទូទាំងខេត្តព្រះសីហនុ
23, Jun 2019 , 10:38 pm        
រូបភាព
លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ដែលទើបនឹងត្រូវបានតែងតាំងជាប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ទូទាំងខេត្តព្រះសីហនុ
លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ដែលទើបនឹងត្រូវបានតែងតាំងជាប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ទូទាំងខេត្តព្រះសីហនុ
ដោយ:
ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ។ នេះបើតាមសេចក្ដីសម្រេចដែលចុះហត្ថលេខាដោយប្រមុខរដ្ឋាភិបាល នៅថ្ងៃទី២៣មិថុនានេះ។



គណៈកម្មការនេះ ត្រូវដឹកនាំដោយលោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន និងអនុប្រធានមួយរូបគឺលោក អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងមានសមាជិក ១៣រូបទៀត ដែលភាគច្រើនជាសមាសភាពចេញពីក្រសួងរៀបចំដែនដី។ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏ជាសមាជិកមួយរូបក្នុងគណៈកម្មការនេះដែរ។

គណៈកម្មការដែលទើបត្រូវបានបង្កើតឡើងនេះ មានភារកិច្ចត្រួតពិនិត្យបទដ្ឋានផ្នែកបច្ចេកទេស និងច្បាប់ នៅតាមការដ្ឋានសំណង់នៅខេត្តព្រះសីហនុ។ ភារកិច្ចផ្សេងៗទៀតមានដូចជា ត្រួតពិនិត្យលក្ខណសម្បត្តិរបស់ក្រុមហ៊ុនម៉ៅការសាងសង់ ធ្វើបច្ចុប្បន្នភាពសំណង់អគារដែលបានសាងសង់រួច និងកំពុងធ្វើអាជីវកម្ម និងធ្វើរបាយការណ៍បូកសរុបជូនក្រសួងរៀបចំដែនដី ដើម្បីផ្ញើជូនរដ្ឋាភិបាល។

គួរបញ្ជាក់ថា គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ ត្រូវបានបង្កើតឡើង បន្ទាប់ពីកើតមានករណីបាក់រលំអគារកម្ពស់៧ជាន់នៅក្រុងព្រះសីហនុ នៅព្រឹកព្រលឹមថ្ងៃទី២២ខែមិថុនា។ មកដល់យប់ថ្ងៃទី២៣នេះ ការកកាយរើសំណង់បាក់បែកនេះ ដើម្បីជួយជនរងគ្រោះ មិនទាន់ចប់សព្វគ្រប់នៅឡើយ ខណៈរកឃើញអ្នកស្លាប់ដល់ ១៩នាក់ និងអ្នករងរបួស ២៤នាក់៕

Tag:
 រលំអគារ
  ព្រះសីហនុ
  គណៈកម្មការត្រួតពិនិត្យសំណង់
© រក្សាសិទ្ធិដោយ thmeythmey.com