ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការយល់ដឹងអំពីភាពគ្រោះថ្នាក់នៃការញ៉ាំអាហារច្រើនជ្រុល
× អាហារលឿនមិនពិបាករញ៉េរញ៉ៃ ថោក ឆ្ងាញ់ និងស្រួលរកទិញ។ ហេតុដូច្នេះហើយ ទើបមនុស្សយើងច្រើនតែជ្រើសរើសវាចៀសវាងការញ៉ាំអាហារផ្តល់សុខភាព ជាពិសេសក្នុងពេលរស់នៅក្នុងជីវិតដែលមានភាពមរមាញឹកច្រើន។ ចាប់តាំងពីវាងាយស្រួលក្នុងការវិចខ្ចប់ និងផ្តល់នូវតម្រូវការបានច្រើន ជាពិសេសគ្រប់ពេលដែលស្ត្រេស ថប់អារម្មណ៍ បាក់ទឹកចិត្ត ឬប្រញ៉ាប់ តែវាអាចជារឿងមួយដែលធ្វើឲ្យអ្នកទទួលទានងាយនឹងញ៉ាំវាច្រើនជ្រុលណាស់។
ទោះបីជាយ៉ាងណាក៏ដោយ មានគ្រោះថ្នាក់ច្រើនណាស់ទាក់ទងនឹងការញ៉ាំអាហារច្រើនៗជ្រុល។
ឡើងទម្ងន់ខ្លាំង
ពិតណាស់ វាគឺងាយនឹងធ្វើឲ្យអ្នកឡើងទម្ងន់ខ្លាំងណាស់បើសិនជាអ្នកញ៉ាំច្រើនជាងតម្រូវការចាំបាច់។ នេះគឺជារឿងដែលអាចនឹងកើតឡើងនៅពេលអ្នកផ្តល់កាឡូរីដល់រាងកាយជាងអ្វីដែលគេត្រូវការ។ កាន់តែខ្លាំងទៀតនោះគឺថា បើសិនជាអ្នកមិនបានហាត់ប្រាណទៀងទាត់ទេ ការញ៉ាំអាហារច្រើនជ្រុលគឺជារឿងដែលងាយនឹងឡើងទម្ងន់ខ្លាំងណាស់ ដោយសារតែកាឡូរីដែលញ៉ាំលើសនឹងបំលែងទៅជាកោសិកាខ្លាញ់។
លើសសម្ពាធឈាម
តើអ្នកជាមនុស្សដែលចូលចិត្តញ៉ាំច្រើន ជាពិសេសអាហារកែឆ្នៃ និងអាហារលឿន? បើសិនជាចឹងមែន វាពិតជាគ្មានអ្វីត្រូវភ្ញាក់ផ្អើលឡើយបើសិនជាសម្ពាធឈាមអ្នកឡើងលើសពីធម្មតាជាប់រហូតនោះ ព្រោះអាហារដែលអ្នកញ៉ាំមានជាតិសូដ្យូមខ្ពស់ដែលអាចធ្វើឲ្យមានជំងឺដោយមិនផ្តល់ជារោគសញ្ញាដឹងមុនឡើយ។ បើសិនជាសម្ពាធឈាមចេះតែលើស អ្នកនឹងប្រឈមជំងឺបេះដូងសរសៃឈាមថែមទៀត។
លើសជាតិស្ករក្នុងឈាម
ជាធម្មតា ការដែលចូលចិត្តញ៉ាំអាហារមានជាតិផ្អែមពេក អាចធ្វើឲ្យជាតិស្ករក្នុងឈាមឡើងលើសកម្រិតបាន។ ដោយសារតែអាហារដែលអ្នកញ៉ាំច្រើនៗនោះមិនមានជាតិផ្អែម មិនមែនមានន័យថា វានឹងមិនធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ឡើយ ព្រោះអាហារនោះអាចសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត ឬអាមីដុង ដែលអាចធ្វើឲ្យលើសជាតិស្ករក្នុងឈាមបាន។ ដូច្នេះកាលណាលើសជាតិស្ករក្នុងឈាមបែបនេះ អ្នកពិតជាប្រឈមខ្ពស់នឹងជំងឺទឹកនោមផ្អែមប្រភេទទី២ជាមិនខាន។
ច្រាលអាស៊ីតក្រពះ
ធម្មតាទេ កាលណាអ្នកបង្ខំញ៉ាំអាហារច្រើនៗរហូតដល់ជ្រុលចូលទៅក្នុងក្រពះបែបនេះមិនមែនជារឿងល្អឡើយ។ នៅពេលក្រពះមិនអាចទទួលយកបានទេ វានឹងបង្កជាអាការៈច្រាលអាស៊ីតឡើងទៅខាងលើបំពង់កវិញ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com