ជាតិ
សង្គមជាតិ
ឧកញ៉ា សុខ ប៊ុន ត្រូវឃាត់ខ្លួនម្តងទៀត ក្នុងករណីថ្មី លោក សុខ ប៊ុន ត្រូវបានឃាត់ខ្លួនកាលពីឆ្នាំ២០១៥ ក្រោយវាយកញ្ញា សាសា
× លោក សុខ ប៊ុន អ្នករកស៊ីខាងចលនទ្រព្យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ។ នេះបើតាមមន្រ្តីផ្នែករដ្ឋបាលនៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ។
មន្ត្រីរូបនេះ អះអាងថា សមត្ថកិច្ច បញ្ជូនលោក សុខ ប៊ុន បន្តទៅតុលាការហើយ ដើម្បីចាត់ការតាមនីតិវិធី។ យ៉ាងណា មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនេះ ពុំបានដឹងថា ឃាត់ខ្លួនពីបទអ្វីឡើយ។
ប៉ុន្តែ កោះសន្តិភាព ចុះផ្សាយថា ការឃាត់លោក សុខ ប៊ុន និងគ្នីគ្នា៥នាក់ផ្សេងទៀត គឺពាក់ព័ន្ធលើករណីក្លែងលិខិតបន្លំយកដីប្រជាពលរដ្ឋ នៅក្នុងសហគមន៍ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោក សុខ ប៊ុន ដែលធ្លាប់មានងារជាឧកញ៉ា ធ្លាប់មានក្តីក្តាំនៅតុលាការម្តងរួចទៅហើយ កាលពីឆ្នាំ២០១៥ ដោយសារប្រើអំពើហិង្សាលើកញ្ញា ឯក សុជាតា ហៅ សាសា ជាអតីតពិធីការិនី។ កាលនោះ តុលាការ ឲ្យលោក អនុវត្តទោសក្នុងពន្ធនាគារ១០ខែ៕
© រក្សាសិទ្ធិដោយ thmeythmey.com