លោក យន្ត មីន សុំលាលែង ហើយ​សម្តេច ដាក់លោក គួច ចំរើន ជំនួស
ជាតិ
លោក យន្ត មីន សុំលាលែង ហើយ​សម្តេច ដាក់លោក គួច ចំរើន ជំនួស
24, Jun 2019 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​យល់ព្រម​តាម​សំណើរ​លាលែង​របស់ លោក យន្ត មីន និង​ដាក់​លោក គួច ចំរើន ដែលជា​អភិបាលខេត្ត​កំពង់ចាម ទៅកាន់​តំណែង​ជា​អភិបាលខេត្ត​ព្រះសីហនុ​ជំនួស​វិញ​។​

 
«​ក្នុងពេល​បំពេញការងារ​នៅ​ខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្ត ព្រះសីហនុ​បានទទួល​ស្គាល់​កំហុស​លើ​ការគ្រប់គ្រង​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដែល​បណ្តាល​ឲ្យ​មានរឿង​ឈឺចាប់​កើតឡើង​។​គាត់​បានស្នើ​មក​ខ្ញុំ​ដើម្បី​លាលែង​ចេញពី​អភិបាលខេត្ត​ព្រះសីហនុ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​សម្តេច ហ៊ុន សែន ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​
 
​សម្តេច​បា​នអះអាង​ថា សម្តេច បាន​យល់ព្រម​ឲ្យ​គាត់​លាលែង និង​បាន​ពិភាក្សា​ជាមួយ សម្តេច ស ខេង យក​លោក គួច ចំរើន ពី​អភិបាល​ខេត្តកំពង់ចាម មក​ធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ​វិញ​។ ទោះជា​មានការ​រៀបចំ​បែបនេះ​ក៏ដោយ​ក៏ លោក យន្ត មីន នៅ​បន្ត​ដឹកនាំ​យុទ្ធនា​ការរុករក​និង​សង្គ្រោះ​តទៅទៀត​រហូត​ចប់​កិច្ចការ​និង​អភិបាលខេត្ត​ថ្មី​ចូល​កាន់តំណែង​។​

ទាក់ទង​នឹង​បញ្ហា​នេះ លោក យន្ត មីន បាន​សុំ​ការ​អភ័យទោស​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងអស់ ហើយ​ស្នើសុំ​ការលាលែង​ពី​តំណែង ដើម្បី​បង្ហាញ​ពី​ការទទួលខុសត្រូវ​។​
 
«​ជាមួយនេះ ខ្ញុំបាទ​សុំ​ការ​អភ័យទោស​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្តេច​ក្រឡាហោម សម្តេច ឯកឧត្តម លោកជំទាវ ចំពោះ​កង្វះខាត​នៃ​ការបំពេញភារកិច្ច​រប​ស់​ខ្ញុំបាទ​កន្លងមកនេះ​»​។ នេះ​ជា​សំណេរ​របស់លោក យន្ត មីន​។​
 
​អភិបាលខេត្ត​ដែល​កំពុងស្ថិត​ក្នុង​តំណែង​រូបនេះ បាន​អះអាងថា លោក​នៅតែ​បន្តសកម្មភាព​ជួយសង្គ្រោះ ក្នុង​ឧ​ប​ទ្ទេវ​ហេតុនេះ​ឲ្យ​ចប់​ចុង​ចប់​ដើម​៕​

Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com