ក្រុង​ហ្វូ​សាន​របស់​ចិន បង្កើត​សមាគម​សហគ្រិន​នៅ​កម្ពុជា
ជាតិ
សេដ្ឋកិច្ច
ក្រុង​ហ្វូ​សាន​របស់​ចិន បង្កើត​សមាគម​សហគ្រិន​នៅ​កម្ពុជា
24, Jun 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ សមាគម​សហគ្រិន​ចិន​ហ្វូ​សាន​នៅ​កម្ពុជា ត្រូវបាន​សម្ពោធ​នៅ​ថ្ងៃទី​២២​ខែមិថុនា​។ ហ្វូ​សាន គឺជា​ក្រុង​របស់​ខេត្ត​គ័ង​ដុង ប្រទេស​ចិន​។ លោក លី ហ៊ួ​ត គឺជា​ប្រធាន​សមាគម​នេះ​។​


 
​សមាគម​នេះ ត្រូវបាន​បង្កើតឡើង​ស្របពេល​ដែល​ការវិនិយោគ និង​ទេសចរ​ចិន​មក​កម្ពុជា កំពុងមាន​សន្ទុះ​។ លោក លី ហ៊ួ​ត អះអាងថា ថ្នាក់ដឹកនាំ និង​សមាជិកសមាគម​នេះ​ពិត​ជាមាន​គោលបំណង​វិនិយោគ​នៅ​កម្ពុជា ទៅលើ​ផ្នែក​វាយ​ន ភណ្ឌ​កាត់ដេរ អគ្គិសនី និង​ម្ហូបអាហារ​ជាដើម​។ 
 
​ពិធី​សម្ពោធ​សមាគម​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​សម្ដេចព្រះរៀម នរោត្តម បុប្ផា​ទេវី លោក ថោង​ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក ឆាយ វៃ​ស៊ឹង តំណាង​រដ្ឋបាល​ក្រុង​ហ្វូ​សាន​។​
 
​ក្នុង​ឆ្នាំ​២០១៨ កន្លងទៅ កម្ពុជា​ទទួលបាន​ទេស​ចរ​ចិន​ជាង​២​លាន​នាក់ ក្នុងចំណោម​ទេសចរ​អ​ន្ត​រ​ជាតិ​សរុប ៦,២​លាន​នាក់​។ ដោយឡែក​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩ ទេស​ចិន​ចិន​មក​កម្ពុ​ជាមាន​ចំនួន ៨៨​ម៉ឺន​នាក់ កើនឡើង​៣៧​ភាគរយ នៃ​លំហូរ​ទេសចរ​អន្តរជាតិ​សរុប ២,៤​លាន​នាក់​ដែល​កើន​១១​ភាគរយ​។ 
 
​បើតាម​លោក ថោង ខុន កម្ពុជា​រំពឹង​ទ​ទល​បាន​ទេសចរ​ចិន​ប្រមាណ ២,៦​លាន​នាក់​សម្រាប់​ឆ្នាំ​២០១៩​នេះ និង​៣​លាន​នាក់​នៅ​ឆ្នាំ​២០២០​។ 
 
​ចំណែក​ការវិនិយោគ​វិញ លោក ថោង ខុន បាន​ឲ្យ​ដឹងថា ចិន​គឺជា​ប្រទេស​ដែល​បាន​វិនិយោគ​ធំជាងគេ​លំដាប់​ទី​១​នៅ​កម្ពុជា ដោយ​កាលពី​ឆ្នាំ​២០១៨ ទំហំ​វិនិយោគ​របស់​ចិន​មាន​ដល់ ២,៧​ពាន់​លាន​ដុល្លារ ស្មើនឹង ៤៨​ភាគរយ​នៃ​ទំហំ​វិនិយោគ​សរុប​នៅ​កម្ពុជា​៕

Tag:
 សមាគម​សហគ្រិន​ចិន​
 ​ចិន​នៅ​កម្ពុជា​
 ​ហ្វូ​សាន​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម