អន្តរជាតិ
ចិន ប្រកាស​មិន​ឲ្យ​មាន​ការជជែក​ពី​បញ្ហា​ហុងកុង​នៅ​ជំនួប G20
24, Jun 2019 , 10:39 pm        
រូបភាព
អនុរដ្ឋមន្រ្តីការបរទេសចិន ចាង ជុន ។ រូបភាពពីក្រសួងការបរទេសចិន
អនុរដ្ឋមន្រ្តីការបរទេសចិន ចាង ជុន ។ រូបភាពពីក្រសួងការបរទេសចិន
​ទីក្រុង​ប៉េកាំង បានប្រកាស​នៅ​ថ្ងៃទី​២៤ ខែមិថុនា ថា ខ្លួន​នឹងមិន​អនុញ្ញាត​ឲ្យ​មាន​ការជជែក​ពិភាក្សា​ណាមួយ​លើ​បញ្ហា​នៅ​ហុងកុង​ក្នុង​កិច្ចប្រជុំ​ប្រទេស​សេដ្ឋកិច្ច​លូតលាស់​ទាំង​២០ (G20) នៅ​ជប៉ុន​ឡើយ​។ ការប្រកាស​ដែល​ធ្វើឡើង​ដោយ​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន ចាង ជុន ជាការ​ទប់ស្កាត់​បំណង​របស់​អាមេរិក​ដែល​ចង់​លើកយក​ការតវ៉ា​នៅ​ហុងកុង​ទៅ​ជជែក​អំឡុង​ជំនួប​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​សម​ភាគី​ចិន ស៊ី ជិន​ភីង ដែល​គ្រោង​ធ្វើឡើង​នៅក្រៅ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​មួយ​នេះ​។​

 
​ការតវ៉ា​របស់​ពលរ​ដ្ឋ​ហុងកុង​ប្រឆាំង​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អាមេរិក​ជាខ្លាំង​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​តាមដាន​រឿងនេះ ហើយ​សង្ឃឹមថា រឿងរ៉ាវ​នឹងត្រូវ​បាន​ដោះស្រាយ​។ ចំណែក​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ប្រកាសថា លោក ត្រាំ នឹង​យក​បញ្ហា​រសើប​នេះ​ទៅ​ជជែក​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង អំឡុងពេល​ជំនួប​ដែល​ធ្វើឡើង​នៅ​អូ​សា​កា​ផងដែរ​។​
 
​យ៉ាងណាមិញ ចិន​នឹងមិន​ឲ្យ​មានរឿង​បែបនេះ​កើតឡើង​ឡើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ដំណើរ​លោក ស៊ី ទៅ​ជប៉ុន​នៅ​ចុង​សប្ដាហ៍​នេះ អនុរដ្ឋមន្ត្រី​ការបរទេស​ចិន ចាង ជុន និយាយថា ជំនួប G20 នឹងមិន​ជជែក​ពី​បញ្ហា​ហុងកុង​ឡើយ ហើយ​ចិន​ក៏​មិន​អនុញ្ញាត​ឲ្យ​មានការ​ជជែក​ពី​បញ្ហា​នេះដែរ​។ 
 
«​កិច្ចការ​ហុងកុង ជា​រឿង​ផ្ទៃក្នុង​របស់​ចិន​សុទ្ធសាធ ហើយ​គ្មាន​ប្រទេស​ណា​មាន​សិទ្ធិ​ធ្វើ​អន្តរាគមន៍​ឡើយ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ចាង ជុន ក្នុង​ស​ន្និ​សី​សារព័ត៌មាន​ថ្ងៃទី​២៤ ខែមិថុនា ដែល​បន្តថា ជំនួប G20 ជា​វេទិកា​ដែល​លើកឡើង​ពី​របៀបវារៈ​សេដ្ឋកិច្ច​សាកល​ប៉ុណ្ណោះ​។ មន្ត្រី​ក្រសួងការបរទេស​ចិន​ដដែល​នេះ ក៏​ឆ្លៀត​រំឭក​ដែរ​ថា ហុងកុង ជា​តំបន់​រដ្ឋបាល​ពិសេស ហើយ​ស្ថិតក្រោម​អធិបតេយ្យ​របស់​ចិន​។ 
 
​នៅ​វេទិកា G20 ក្រុង​ប៉េកាំង​អាច​បិទ​មិន​ឲ្យ​មានការ​ជជែក​ពី​ការតវ៉ា​លើ​សេចក្ដីស្នើច្បាប់​ធ្វើ​បត្យាប័ន​របស់​ហុងកុង​បាន​។ ប៉ុន្តែ​គេ​មិនដឹងថា អំឡុង​ជំនួប​ទល់មុខ​រវាង​មេដឹកនាំ អាមេរិក​នឹង​ស្ដាប់​តាម​ចិន ហើយ​មិន​និយាយ​អ្វី​ពី​បញ្ហា​នេះ​ឬ​យ៉ាងណា​ឡើយ​។ 
 
​កន្លងមក ប៉េកាំង​មិន​សប្បាយចិត្ត​ឡើយ​ពេល​វ៉ាស៊ីនតោន​និយាយ​ពី​រឿង​ហុងកុង ពិសេស​ការតវ៉ា​នោ​ពេល​ថ្មីៗ​នេះ​តែម្ដង ដោយ​ចាត់ទុកជា​ការរំលោភបំពាន​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។ មិនមែន​តែ​អាមេរិក​ឡើយ អង់គ្លេស​ដែលជា​អតីត​ម្ចាស់​អាណានិគម​របស់​ហុងកុង​មុន​ឆ្នាំ​១៩៩៧ ក៏​រិះគន់​ចំណាត់ការ​របស់​រដ្ឋាភិបាល​ហុងកុង​លើ​ក្រុមបាតុករ​ដែរ​។ ក្រោម​សម្ពាធ​របស់​បាតុករ អាជ្ញាធរ​ហុងកុង បាន​ដក​សេចក្ដីស្នើច្បាប់​នេះ​ដោយ​មិន​កំណត់ពេល​ឡើយ​។ ប៉ុន្តែ​បាតុករ នៅតែ​បន្ត​ប្រមូលផ្ដុំ​ដោយ​ទាមទារ​ឲ្យ​ដក​សេចក្ដីស្នើច្បាប់​នេះ​គ្រវែង​ចោល​តែម្ដង​៕  

Tag:
 ​ចិន​
  ហុងកុង​
  អាមេរិក​
  G20
© រក្សាសិទ្ធិដោយ thmeythmey.com