អន្តរជាតិ
ថៃ​៖ ការជក់បារី​នៅតាម​ផ្ទះ នឹងត្រូវ​ជាប់ទោស បើ​បង្ក​ផលប៉ះពាល់​ដល់​សមាជិក​គ្រួសារ
25, Jun 2019 , 8:29 am        
រូបភាព
រូបភាព៖ កាសែតថៃ The Nation
រូបភាព៖ កាសែតថៃ The Nation
ដោយ:
​ប្រជាជន​ក្នុងប្រទេស​ថៃ នឹង​លែង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ជក់បារី​នៅផ្ទះ ប្រសិនបើ​ទម្លាប់​របស់​ពួកគេ មាន​ឥទ្ធិពល​អវិជ្ជមាន​លើ​សមាជិកគ្រួសារ​ផ្សេងទៀត ដោយសារ​ផ្សែង​បារី ។ នេះ​បើ​យោងតាម​ច្បាប់​ស្តីពី​ការលើកកម្ពស់​កិច្ចការពារ និង​ការអភិវឌ្ឍ​កំណែទម្រង់​គ្រួសារ ដែល​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​តទៅ​។

 
​ច្បាប់​ថ្មី ដែល​ត្រូវ​បានអនុម័ត​ដើម្បី​ដោះស្រាយ​អំពើហិង្សា​ក្នុង​គ្រួសារ​គ្រប់​ទម្រង់ ចែងថា ការជក់បារី​នៅផ្ទះ អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព ហើយ​វា គឺជា​ទម្រង់​នៃ​អំពើហិង្សា​ទៅលើ​មនុស្ស​ដទៃទៀត ដែល​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែមួយ​។ ប្រធាន​នាយកដ្ឋាន​កិច្ចការនារី និង​ការអភិវឌ្ឍ​គ្រួសារ លោក Lertpanya Booranabundit លើកឡើង​បែបនេះ ក្នុង​សន្និសីទ​ជាតិ​មួយ​ស្តីពី សុខភាព​សួត និង​ថ្នាំជក់ ដែល​បាន​ប្រព្រឹត្តិ​ទៅក្នុង​ទីក្រុង​បាងកក​កាលពី​សប្តាហ៍​មុន​។  ។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​ថៃ  The Nation  លោក Lertpanya បញ្ជាក់ទៀតថា ប្រសិនបើ​គេ​រកឃើញថា បញ្ហា​សុខភាព​របស់​សមាជិក​គ្រួសារ កើតឡើង​ដោយសារ​ផ្សែង​បារី​នៅផ្ទះ អ្នក​ជក់បារី​រូបនោះ អាច​ប្រឈមមុខ​នឹង​ការកាត់ទោស​នៅ​តុលាការ​ពីរ​ផ្សេងគ្នា​។  ទីមួយ គឺ តុលាការ​ឧក្រិដ្ឋកម្ម​សម្រាប់​បទល្មើស «​អំពើហិង្សា​ក្នុង​គ្រួសារ​» តាមរយៈ​ការជក់បារី និង​មួយទៀត គឺ តុលាការ​គ្រួសារ និង​មជ្ឈមណ្ឌល​កែប្រែ ដើម្បី​លុបបំបាត់​ទម្លាប់​អាក្រក់​នេះ​។ 
 
​អ្នកជំនាញ មកពី​សាកលវិទ្យាល័យ​ថៃ Mahidol បាន​រកឃើញថា ប្រជាជន​ថៃ​ជិត ៥​លាន​គ្រួសារ មាន​អ្នកចេះ​ជក់បារី  ហើយ​ជា​លទ្ធផល មនុស្ស​ជាង ១០​លាន​នាក់ រង​ប៉ះពាល់​ដោយសារ​ផ្សែង​បារី​នៅតាម​ផ្ទះ​។ ភាគច្រើន​នៃ​ជនរងគ្រោះ​ដោយសារ​បញ្ហា​នេះ គឺជា​កុមារ និង​ស្ត្រី​។ ហើយ​កាលពី​ឆ្នាំ​២០១៨ មនុស្ស​ជាង​៨​ពាន់​បាត់​បង់ជីវិត ដោយសារ​ការ​ស្រូប​ផ្សែង​បារី​ពី​អ្នក​ជក់ ។​
 
​សូមបញ្ជាក់ថា ថៃ មាន​គោលដៅ​កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំជក់​នៅ​ទូទាំងប្រទេស​រហូតដល់​តិចជាង ៣០​ភាគរយ​ក្នុង​ឆ្នាំ​២០២៥ ខណៈ​ប្រជាជន​ថៃ ៤០​ម៉ឺន​នាក់​ស្លាប់ ដោយសារ​ជំងឺ​ដែល​បណ្តាលមកពី​ការជក់បារី​ជា​រៀងរាល់ឆ្នាំ​៕

Tag:
 ​ថៃ​
  ជក់បារី​
© រក្សាសិទ្ធិដោយ thmeythmey.com