ជាតិ
តុលាការខេត្ត​ព្រះសីហនុ​ចេញ​ដីកា​ឃុំខ្លួន​ជនជាតិ​ចិន​៤​នាក់​ក្នុងករណី​រលំ​អគារ​
25, Jun 2019 , 9:21 am        
រូបភាព
ដោយ: ថ្មីៗ
​សាលាដំបូង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៤ ខែមិថុនា បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនជាតិ​៤​នាក់ ជា​បណ្តោះអាសន្ន ក្នុងករណី​បាក់​រលំ​អគា​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ​។ ឧ​ប​ទ្ទេវ​ហេតុ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា កន្លងមក បានសម្លាប់​មនុស្ស​២៨​នាក់ និង​របួស​២៦​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រុម​សង្គ្រោះ ក្រោយ​បញ្ចប់​ប្រតិបត្តិការ​កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែមិថុនា​។​

 
​តាមរយៈ​ដីកា​ដាច់ដោយឡែក​ពីគ្នា លោក សុខ ហេង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ​ខេត្ត​ឃុំខ្លួន ពាណិជ្ជករ​ជនជាតិ​ចិន​ឈ្មោះ Cheng Kun ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ដែល​ត្រូវ​បានដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ «​មនុស្សឃាត​ដោយ​អ​ចេតនា បង្ក​ឲ្យ​មាន​របួស​ដោយ​អ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​បង្ក​របួសស្នាម​ដល់​អ្នកដទៃ​» ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២០៧ មាត្រា​២៣៦ និង​មាត្រា​៤១៤ នៃ​ក្រមព្រហ្មទណ្ឌ​។​
 
​ដោយឡែក ថៅកែ​ម៉ៅការ​សំណង់ ឈ្មោះ Deng Xin Gul ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជាងសំណង់​ឈ្មោះ Gao Yu ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​អ្នកមើល​ការងារ​ការដ្ឋាន ឈ្មោះ Xie Ya Ping ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ «​សមគំនិត​ក្នុង​អំពើ​មនុស្សឃាត​ដោយ​អ​ចេតនា សមគំនិត​ក្នុង​អំពើ​បង្ក​ឲ្យ​មាន​របួស​ដោយ​អ​ចេតនា និង​សមគំនិត​ក្នុង​អំពើ​ធ្វើ​ឲ្យ​ខូច​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​បង្ក​របួសស្នាម​ដល់​អ្នកដទៃ​» ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រ​២៩ មាត្រា​២០៧ មាត្រា​២៣៦ និង​មាត្រា​៤១៤ នៃ​ក្រមព្រហ្មទណ្ឌ​។​
 
​សូមបញ្ជាក់ថា អគារ​៧​ជាន់​ដែល​ស្ថិតនៅ​ចំណុច​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​បាក់​រលំ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​។ អគារ​ដែល​កំពុងស្ថិត​ក្រោម​ការសាងសង់​នេះ មាន​ម្ចាស់​ជនជាតិ​ចិន​ឈ្មោះ Chen Kun  ដែល​បាន​ជួល​ដី​ពី​ឈ្មោះ ញឹក ហ៊ុយ ជនជាតិខ្មែរ​។ អគារ​នេះ ត្រូវបាន​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់ Xi Gang Tang Gong Gou Ji Haisao ដែលមាន​ថៅកែ ឈ្មោះ Deng Xing Gui និង​អ្នកម៉ៅការ​បូកជញ្ជាំង​អគារ​ឈ្មោះ Gao Yu ។ ក្រោយ​ឧបទ្ទវហេតុ អ្នក​ទាំងនោះ​ត្រូវបាន​ចាប់ខ្លួន​។​
 
​ឧ​ប​ទ្ទេវ​ហេតុនេះ បាន​បង្ខំ​ឲ្យ​លោក យន្ត មីន លាលែង​តំណែង​ពី​អភិបាលខេត្ត​ព្រះសីហនុ នា​រយៈពេល​២​ថ្ងៃ​បន្ទាប់ ដោយមាន​ការយល់ព្រម​ពី​សំណាក់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ តំណែង​នេះ ត្រូវ​ជំនួស​ដោយ​លោក គួច ចំរើន ដែល​ផ្ទេរ​ខេត្តកំពង់ចាម​។​
 
​សម្តេច ហ៊ុន សែន ដែល​បាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ​ផ្ទាល់​កាលពី​យប់​ថ្ងៃទី​២៣ ខែមិថុនា ក៏បាន​សម្រេច​ដក​លោក ញឹម វណ្ណដា ចេញពី​តួនាទី​អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ផងដែរ ដោយ​សម្តេច​លើកឡើងថា មន្ត្រី​រូបនេះ រាយការណ៍​កុហក ហើយ​ស្របពេល​ជាមួយគ្នា លោក គន់ គីម ត្រូវបានតែងតាំង​ជំនួស​វិញ​៕ 
 

Tag:
 រលំ​អគារ​
© រក្សាសិទ្ធិដោយ thmeythmey.com