ជាតិ
សង្គមជាតិ
ស្ថានទូតអាមេរិក និងអូស្ត្រាលី ចូលរួមរំលែកទុក្ខជនរងគ្រោះនៃអគារបាក់រលំ
25, Jun 2019 , 9:27 am        
រូបភាព
ដោយ:
ស្ថានទូតបរទេសនៅកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខគ្រួសារ និងជនរងគ្រោះនៃករណីបាក់រលំអគារនៅខេត្តព្រះសីហនុ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២២ខែមិថុនា។



នៅល្ងាចថ្ងៃទី២៤ខែមិថុនានេះ ស្ថានទូតអាមេរិកបានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនបង្ហាញទុក្ខក្រៀមក្រំចំពោះករណីនេះ។ ស្ថានទូតបានរៀបរាប់ដូច្នេះថា៖«ស្ថានទូតអាមេរិកនៅភ្នំពេញមានការក្រៀមក្រំចិត្តយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ជីវិត នៅទីក្រុងព្រះសីហនុ ដោយសារការរលំអាគារ។ យើងសូមសម្តែងសមានទុក្ខដោយស្មោះ ចំពោះអ្នកដែលបាត់បង់សមាជិកគ្រួសារ និងមិត្តភក្តិ នៅក្នុងគ្រោះថ្នាក់នេះ»។

ជាមួយគ្នានេះ ស្ថានទូតអូស្រ្តាលីក៏បានផ្ញើសាររំលែកទុក្ខផងដែរ។ អគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាលោកស្រី Angela Corcoran បានសរសេរសារជាភាសាអង់គ្លេសនៅលើ Twitter ដែលមានអត្ថន័យជាខ្មែរដូច្នេះថា៖«ស្ថានទូតអូស្រ្តាលីនៅភ្នំពេញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារនៃជនរងគ្រោះដែលបានបាត់បង់ជីវិត និងសូមជូនពរជនរងគ្រោះឲ្យឆាប់ជាសះស្បើយ ក្នុងករណីរលំអគារនៅព្រះសីហនុ»។

មុនស្ថានទូតទាំងពីរខាងលើនេះ ស្ថានទូតជប៉ុន និងស្ថានទូតចិន បានផ្ញើសាររំលែកទុក្ខចំពោះករណីនេះដែរ។ ក្រៅពីរំលែកទុក្ខ ទូតចិនដែលបានសរសេរសារ នៅថ្ងៃទី២៣ ម្សិលមិញ បានគាំទ្រស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបើកការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់លើអ្នកទទួលខុសត្រូវពាក់ព័ន្ធក្នុងករណីនេះ៕

Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com