អន្តរជាតិ
អាមេរិក ដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​កំពូល​អុីរ៉ង់ និង​យោធា​កំពូលៗ​
25, Jun 2019 , 10:37 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាដាក់ទណ្ឌកម្មលើមេដឹកនាំអ៊ីរ៉ង់។ រូបភាព AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាដាក់ទណ្ឌកម្មលើមេដឹកនាំអ៊ីរ៉ង់។ រូបភាព AFP
​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​២៤ ខែមិថុនា បាន​ទម្លាក់​ទណ្ឌកម្ម​មួយកញ្ចប់​ធំ​លើ​ក្បាលម៉ាស៊ីន​ដឹកនាំ​អ៊ីរ៉ង់ ជាការ​ឆ្លើយតប​នឹង​ទង្វើ​បង្ក​អស្ថិរភាព​របស់​ប្រទេស​នេះ​ក្នុង​តំបន់​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និយាយថា ទណ្ឌ​កម្មនេះ អាច​លុប​វិញ​ភ្លាមៗ បើ​អ៊ីរ៉ង់​មិន​ធ្វើ​សកម្មភាព​បង្កហេតុ​អ្វី​ទៀត​នោះ​។ ជុំវិញ​ទណ្ឌកម្ម​អាមេរិក​លើក​នេះ ក្រុង​តេ​ហេ​រ៉ង់​និយាយ​ទុក​មុន​ហើយ​ថា វា​នឹងមិន​ប៉ះពាល់​អ្វី​ដល់​សេដ្ឋកិច្ច​អ៊ីរ៉ង់​ឡើយ​។​

 
​ស្របពេល​ភាព​តានតឹង​កំពុងពុះ​កញ្ជ្រោល​នៅ​តំបន់​មជ្ឈិមបូព៌ា ជាមួយនឹង​ការបារម្ភ​ពី​ការប៉ះទង្គិច​យោធា សហរដ្ឋអាមេរិក បានដាក់​សម្ពាធ​កាន់តែខ្លាំង​ទៀត​លើ​អ៊ីរ៉ង់​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៤ ខែមិថុនា បាន​ចុះហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​មួយ សំដៅដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ដែល​លោក​អះអាងថា ធ្វើ​សកម្មភាព​បង្ករឿង​។ ទណ្ឌកម្ម​នេះ​ថ្មី​នេះ ធ្វើឡើង​ក្រោយ​អ៊ីរ៉ង់​បាញ់​ទម្លាក់​ដ្រូ​ន​មួយគ្រឿង​របស់​យោធា​អាមេរិក​។​
 
​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ អា​យ៉ា​តូ​ឡា អា​លី ខា​មី​ណេ និង​មេទ័ព​កំពូលៗ​៨​នាក់​ទៀត​ក្នុង​ជួរ​កង​ឆ្មាំ​បដិវត្តន៍ ជា​គោលដៅ​នៃ​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​នេះ​ដែល​នឹង​រឹតត្បិត​បុគ្គល​ទាំងពី​ការប្រើប្រាស់​លុយរាប់​ពាន់​លាន​ដុល្លារ​ឯណោះ​។ ពី​បន្ទប់​ពងក្រពើ​នៃ​សេត​វិមាន លោក ត្រាំ និយាយថា អាមេរិក នឹងមិន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​មាន​នុយក្លេអ៊ែរ​ឡើយ ហើយ​វា​អាស្រ័យ​លើ​អ៊ីរ៉ង់ ថា ចង់​ចរចា​ឬ​អត់​។ ឯ​រឿង​ទណ្ឌ​កម្មនេះ លោក​ថា អាច​ដក​វិញ​បាន ឬក៏​ទុក​រាប់សិប​ឆ្នាំ​ទៅមុខ ក៏​អាស្រ័យ​លើ​អ៊ីរ៉ង់​ដែរ​។​
 
​ដោយឡែក រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ ចា​វ៉ាដ ហ្សា​រី​ហ្វ ក៏​នឹងត្រូវ​បញ្ចូល​ក្នុង​បញ្ជី​ទណ្ឌកម្ម​នេះដែរ​។ នព​បើតាម​ការប្រកាស​របស់​ក្រសួង​រតនាគារ​អាមេរិក​។ លោក ហ្សា​រី​ហ្វ ត្រូវបាន​គេ​មើលឃើញថា ជា​មន្ត្រី​អ៊ីរ៉ង់​ដែល​ជំហរ​កណ្ដាល និង​ជា​បុគ្គល​សំខាន់​នាំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដែល​អាមេរិក​ដើរចេញ​នោះ​។ រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក Steven Mnuchin និយាយថា ទណ្ឌ​កម្មនេះ ជាការ​ព្រមាន​ទៅកាន់​មន្ត្រី​គ្រប់​កម្រិត​របស់​យោធា​អ៊ីរ៉ង់ និង​មន្ត្រី​ផ្សេងទៀត​នៃ​របប​ក្រុង​តេ​ហេ​រ៉ង់ ដែល​សាបព្រោះ​អំពើហិង្សា និង​ភេរវកម្ម​។ 
 
​អ៊ីរ៉ង់​ឯណោះ ហាក់​មិន​ព្រឺ​នឹង​ទណ្ឌកម្ម​ឡើយ​។ មុន​ការប្រកាស​ទណ្ឌកម្ម​រប​ស់​វ៉ាស៊ីនតោន ក្រសួងការបរទេស​អ៊ីរ៉ង់ ចេញមក​ប្រកាសថា ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក នឹងមិន​ប៉ះពាល់​អ៊ីរ៉ង់​ឡើយ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៤ ខែមិថុនា អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់ Abbas Mousavi និយាយថា អ៊ីរ៉ង់​មិនដឹង​ពី​ទណ្ឌកម្ម និង​គោលដៅ​របស់​វា​ឡើយ ហើយក៏​មិន​គិតថា មាន​ផលប៉ះពាល់​ដែរ​។ លោក​ក៏​សួរ​វិញ​ថា តើ​អាមេរិក​នៅសល់​ទណ្ឌកម្ម​ដែល​មិនទាន់​ដាក់​លើ​អ៊ីរ៉ង់​ទៀត​ទេ​?
 
​ទណ្ឌកម្ម​ថ្មីៗ​នេះ ជាការ​បន្ថែម​បន្ទុក​លើ​អ៊ីរ៉ង់​ដែល​កំពុង​ជាប់​ក្នុង​សំណាញ់​ទណ្ឌកម្ម​ជាច្រើន​ជាន់​ស្រេច​ហើយ​នោះ​។ ក្នុង​គោលដៅ​ធ្វើ​ឲ្យ​អ៊ីរ៉ង់​កាន់តែ​ឯកោ អាមេរិក​បានដាក់​ទណ្ឌកម្ម​លើ​ដង្ហើម​សេដ្ឋកិច្ច​សំខាន់​ដូចជា​ទណ្ឌកម្ម​ប្រេង និង​ហិរញ្ញវត្ថុ​ជាដើម ហើយ​សូម្បីតែ​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អឺរ៉ុប និង​អាស៊ី​ខ្លះ ក៏​មិន​ហ៊ាន​បំពាន​ដែរ​។ ចុងក្រោយ​នេះ វត្តមាន​សព្វាវុធ​ជាច្រើន ក៏​កាន់តែ​ធ្វើ​ឲ្យ​ស្ថានការណ៍​តំបន់​ឈូង​សមុទ្រ​កាន់តែ​យ៉ាប់យ៉ឺន​៕  

Tag:
 អាមេរិក​
  អ៊ី​រ់ង់​
© រក្សាសិទ្ធិដោយ thmeythmey.com